ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
មួរ
នាមសព្ទ
ស្រូវដែលដុះពីគ្រាប់ជ្រុះក្នុងស្រែតាំងពីខែចម្រូត
ដកមួរស្ទូងត្រពាំង, ស្រូវមួរ ។
ព. ប្រ. ស្រែមួរ បុណ្យសំណាងចាស់ គឺបុណ្យដែលបានកសាងទុកមកពីព្រេងនាយ ឬចំណេះវិជ្ជាចាស់ គឺចំណេះដែលបានរៀនចេះមកយូរហើយ ។ ព. ទ. បុ. រក្សាតែស្រែមួរ រក្សាតែចំណេះវិជ្ជាចាស់កុំឲ្យវិនាស ។ សង្ឃឹមតែស្រែមួរ សង្ឃឹមតែបុណ្យសំណាងចាស់ឬសង្ឃឹមតែចំណេះវិជ្ជាចាស់ ។
រឹល
គុណសព្ទ
ដែលទាលព្រោះសឹក; ដែលអន់មុត; ដែលរេចខ្លី
កាំបិតរឹល; ស្មៅរឹល ។
ព. ប្រ. គំនិតរឹល ឬ ចិត្តរឹល គំនិតឬចិត្តដែលស្រុញទញ់ទាល់ ឥតលូតលាស់ចម្រើន ។ ចំណេះរឹល ចំណេះដែលឥតលូតលាស់ មានតែគាំងឬភ្លេចភ្លាំងទៅវិញ ។ ប្រាជ្ញារឹល ប្រាជ្ញាទាល, ទាល់, ទញ់, តុះ ។ល។ (ម. ព. រេច ផង) ។
វេទ
(វេ-ទៈ ឬ វេត)
នាមសព្ទ
(សំ. បា.) សេចក្ដីដឹង, វិជ្ជា, ចំណេះ ។ គម្ពីរសម្ដែងបែបរបៀបផ្សេងៗខាងសាសនាព្រាហ្មណ៍, ក្នុងសម័យដើម មានត្រឹមតែ ៣ យ៉ាងគឺ ១- ឫគ្វេទ ឬ ឥរុវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រសរសើរពួកទេវតា; ២- យជុវ៌េទ ឬ យជ្ជុវេទ មានដំណើរសេចក្ដីជាពាក្យរាយរណ្ដំ សម្រាប់សូត្របូជាឬបួងសួង; ៣- សាមវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រក្នុងពិធីថ្វាយទឹកសោម… ។ វេទទាំង ៣ នេះសុទ្ធតែប្រើភាសាសំស្ក្រឹត ហៅដោយរួបរួមថា វេទត្រ័យ ឬ ត្រ័យវិទ្យា ឬក៏ ត្រៃវេទ; ពួកព្រាហ្មណិកប្រកាន់ជឿស៊ប់ថា មហាព្រហ្មប្រសិទ្ធីឲ្យកើតឡើង មិនមែនមនុស្សតាក់តែងទេ; លុះចំណេរតមក កើតមាន អថព៌វេទ ឬ អថព្វ– “វេទសម្រាប់សូត្រហៅឬសូត្របណ្ដេញខ្មោចបិសាច . . . ” មួយថែមទៀត រួមជាវេទមាន ៤ យ៉ាង ។ វេទកោសល ( –ទ:កោសល់ ) សេចក្ដីឈ្លាស, ស្ទាត់, ជំនាញ ក្នុងវេទ ។ វេទប្រទាន ( –ទ័ប-ប្រៈ– ) ការបង្រៀនវេទ ។ វេទមន្ត ឬ –មន្ត្រ ( វេត-មន់ ) មន្តក្នុងវេទ ។ ខ្មែរច្រើននិយាយសំដៅមន្តអាគម, មន្តសម្រាប់សូត្រស្ដោះផ្លុំ ។ វេទវិទ្យា (–ទៈវិត-ទ្យា) វិទ្យាក្នុងវេទ, ការចេះវេទ ។ វេទសាស្ត្រ (–ទៈសាស) គម្ពីរវេទ។ល។
សាមហាប
នាមសព្ទ
(ស.”បីអម្រែក”) គឺភោជនាហារបង្អែមចម្អាបបីអម្រែក ដែលបុរសបីនាក់ រែកដើរក្រឡឹងជើងថ្ករពោលពាក្យស្រែកហៅឆ្លើយគ្នា…ហើយប្រគេនភិក្ខុបីរូបឬប្រគេនសង្ឃ ឧទ្ទិសចំណែកបុណ្យឆ្ពោះទៅមតកបុគ្គល…, ធ្វើក្នុងវេលាព្រឹកដែលប្រជុំគ្នារើសអដ្ឋិ ( ទំនៀមសៀម; ហៅជាខ្មែរថា បីអម្រែក ) ។
អបរភាគ
(អៈប៉ៈរ៉ៈភាក)
នាមសព្ទ
(សំ. បា.) កាលឬសម័យជាចំណេរតទៅខាងមុខ; ចំណេរកាលតមក
ក្នុងអបរភាគ ។ វេវ. អបរសម័យ ។