ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃនេះ សហព័ន្ធកីឡាបាល់តាត់កម្ពុជា បានបញ្ចេញបញ្ជីរាយនាមបឋម កីឡាករជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតប្រកួតមិត្តភាព អន្តរជាតិ “Vattanac International Friendly Match” រវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិ បង់ក្លាដេស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
បញ្ជីឈ្មោះបឋមនោះ មានកីឡាករចំនួន ៣០ រូប សម្រាប់ជម្រុះចោលខ្លះ។ កីឡាករ ទាំង ៣០ រូបនោះ មានមកពីក្លិបណាហ្គា ៣រូប ភ្នំពេញក្រោន ៧រូប បឹងកេត ៣រូប ព្រះខ័នរាជស្វាយរៀង ៦រូប និងក្លិបវិសាខា ១១រូប។
កីឡាករដែលគួរឲ្យចាប់អារម្មណ៍ ហើយដែលកំពុងស្ថិតក្នុងដួងចិត្តអ្នកគាំទ្រនោះ មានខ្សែប្រយុទ្ធក្លិបបឹងកេត ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធក្លិបណាហ្គា គួច សុកុម្ភៈ និង ប៊ីន ចន្ថាធារី នៃក្លិបព្រះខ័នរាជស្វាយរៀង។ ក្រៅពីនោះ ក៏មានកីឡាករល្អៗ ស្រករក្រោយ មួយចំនួនទៀត។
សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លើកនេះ បង្វឹកដោយគ្រូបង្វឹកជនជាតិ អាហ្សង់ទីន គឺលោក Felix Dalmas ដែលធ្លាប់ដឹកនាំក្រុមកម្ពុជា ឲ្យឈានដល់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម។ ចាំមើលការចូលមកកាន់ក្រុម ជម្រើសជាតិកម្ពុជា ជាថ្មីនេះ លោកគ្រូ Felix Dalmas នឹងធ្វើឲ្យក្រុមមានអ្វី ប្រែប្រួលឬទេ? កម្ពុជា ធ្លាប់ប្រកួតជាមិត្តភាព ជាមួយបង់ក្លាដេស ចាញ់ ០ទល់១ម្ដងហើយ៕ V / N