ដោយ: បូកគោ / កំពត: ប្រព័ន្ធអេកូឡូស៊ី មានសារសំខាន់ សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ រុក្ខជាតិលើភពផែនដី។ គ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សា និងស្តារធនធានធម្មជាតិ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី ឱ្យប្រសើរឡើងវិញ។ នេះជាការបញ្ជាក់របស់ មន្ត្រីជំនាញ កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ប្រារព្ធឡើងនៅសួនច្បារ រូបសំណាកព្រះអង្គឌួង ឆ្នេរព្រែកកំពង់បាយ។

លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ថាៈ ខ្យល់ដែលមនុស្ស សត្វ និងរុក្ខជាតិ អាចប្រើក្នុងការដកដង្ហើមបាន ដោយសារប្រព័ន្ធអេកូឡូស៊ី។ ធនធានព្រៃ ឈើមានសំណើម បង្កជាខ្យល់បរិសុទ្ធ និងអាចទប់ស្កាត់ការហូរច្រោះដី ទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជារក្សាបាននូវលំនឹង បរិស្ថាន។

លោកប្រធានមន្ទីរ បានបន្តថាៈ ដោយសារកំណើនប្រជាពលរដ្ឋ រៀងរាល់ឆ្នាំ បានធ្វើឱ្យតម្រូវការដី សម្រាប់កសិកម្ម និងសង់លំនៅដ្ឋាន ក៏ដូចជាការអភិវឌ្ឍន៍ ព្រមទាំងការបោះចោលសំណល់ប្លាស្ទិក ពាសវាលពាសកាល ទើបតម្រូវឱ្យ មានការស្ដារឡើងវិញ នូវប្រព័ន្ធអេកូឡូស៊ី។

លោក នៃ គង់ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថាៈ ដោយមានការចូលរួមពី រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ក្នុងសកម្មការពារបរិស្ថាន និងអនាម័យ បានធ្វើឱ្យទីក្រុងកំពត ជាប់ជាទីក្រុងស្អាត រំដួល៣ទង អំឡុងពេល ៩ឆ្នាំ តរៀងមក និងជាប់ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។ ខេត្តកំពត មានតំបន់ទេសចរណ៍ទាក់ទាញ ៣៤ កន្លែង ដែលភ្ញៀវទេសចរ ចន្លោះពី ២៥.០០០ នាក់ ទៅ ៣៥.០០០ នាក់ បានមកកម្សាន្ត ក្នុង១សប្តាហ៍។ ម្ល៉ោះហើយ ទើបសំរាមនៅក្រុងកំពត បានកើនឡើង ចន្លោះពី ១០០ តោន ទៅ ១៤០ តោន ក្នុង១សប្តាហ៍។

លោកអភិបាលរងខេត្ត បានអំពាវនាវថាៈ ប្រជាពលរដ្ឋ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ត្រូវបន្តចូលរួមឱ្យបានសកម្មថែមទៀត លើការងាររៀបគ្រប់គ្រង និងទុកដាក់ កាកសំណល់រឹង-រាវ ឱ្យនៅតាមគេហដ្ឋាន ក៏ដូចជាតាមទីធ្លាសាធារណ:នានា។ ចំណែកអាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ក្រុងទាំងអស់ ត្រូវបង្កើតចលនាគ្រប់គ្រងបរិស្ថាន នៅតំបន់គោលដៅ ឱ្យបានច្បាស់លាស់ និងគោរពតាមតួនាទី ដែលរាជរដ្ឋាភិបាល បានដាក់ជូន៕ V / N