ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ នៅពេលចុះជួបជាមួយប្រជាពលរដ្ឋ នៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជំរុញដល់គ្រប់ក្រុមការងារចុះមូលដ្ឋាន ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហា និងតម្រូវការពួកគាត់ ឱ្យបានទាន់ ពេលវេលា និងចំគោលដៅ ហើយត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងត្រូវបង្កើនការយកចិត្ត ទុកដាក់ លើយុវជន ព្រមទាំងកម្លាំងបន្តវេន ដែលមានសក្តានុពល និងប្រជាប្រិយភាព។

លោកស្រី បានបន្តថា បានបង្ហាញពីភាពជោគជ័យដ៏ត្រចះត្រចង់របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់ អាណត្តិទី៥ កន្លងមក គឺជាការគាំទ្រថ្មីៗថែមទៀត របស់ប្រជាជនកម្ពុជា ពិសេសពីសំណាក់យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សមាជិកព្រឹទ្ធសភារូបនេះ បានណែនាំដល់មន្ត្រីគ្រប់រូប ត្រូវធ្វើខ្លួនជាមន្ត្រីល្អ ជាអ្នកធ្វើការបម្រើស្ថាប័ន អង្គភាពឲ្យមានការរីកចម្រើន និងបម្រើប្រជាពលរដ្ឋ ឲ្យបានពិតប្រាកដ ត្រូវបន្តជួយថែរក្សាសន្តិភាព ឲ្យបានគង់វង្ស ស្ថិតស្ថិរ និងជួយគាំពារ ជនងាយរងគ្រោះ ។ លើសពីនេះ ត្រូវបន្តយកចិត្តទុកដាក់ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋាន ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់ សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការ របស់ប្រជាពលរដ្ឋ ដែលកាន់តែមាន ការកើនឡើង ក្នុងពេលដែលប្រទេសជាតិ កំពុងមានការអភិវឌ្ឍរីកចម្រើន និងត្រូវជំរុញ ឱ្យប្រជាពរដ្ឋ ត្រៀមឯកសារ ចូលរួមបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។

ជាមួយគ្នានេះដែរ លោកស្រី ឃួន ឃុនឌី និងក្រុមការងារ បានបន្តចុះសួរសុខទុក្ខ បាននាំយកគ្រឿងឧបភោគបរិភោគ ទៅជូនអតីតមេឃុំដំរីស្លាប់ ដែលរស់នៅភូមិកប់ថ្លុក ឈ្មោះ មាន កឺ ដែលមានវ័យជិត ៨០ ឆ្នាំ ហើយក្នុងនោះ លោកស្រី ក៏បានលើកឡើង អំពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មកដល់មន្ត្រីមូលដ្ឋាន ជាពិសេសគឺ មិនទុកឲ្យបងប្អូនណាម្នាក់ នៅឯកោនោះទេ៕ V / N