ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាករ ឡេង ទិត្យ វិបុល ដែលបានឈ្នះមេដាយសំរិទ្ធ បន្ទាប់ពីយកឈ្នះម៉ាឡេស៊ី ប្រភេទកីឡាយូដូជនពិការ ក្នុងវិញ្ញាសាទម្ងន់ ដក ៦០ គីឡូក្រាម ក្នុងប្រភេទពិការ J2 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលការប្រកួតធ្វើឡើង នៅអាគារសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៣ នេះ។

ដោយឡែក សម្រាប់ប្រភេទកីឡាលើកទម្ងន់វិញ កីឡាករកម្ពុជា សំ សៀន ប្រកួត ក្នុងវិញ្ញាសាកីឡាលើកទម្ងន់ជនពិការ ប្រភេទទម្ងន់ ៦៥ គីឡូក្រាម គេធ្វើមិនបានល្អនោះ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមអត្តពលិកបរទេស ៧ នាក់ ដែលការប្រកួតធ្វើឡើង នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅមជ្ឈមណ្ឌលជាតិ ជនពិការតេជោសែន។

វិញ្ញាសានេះ កីឡាករឥណ្ឌូណេស៊ី Margono បានមេដាយមាស កីឡាករថៃ Narong បានមេដាយប្រាក់ និងកីឡាករវៀតណាម Nguyen Be Hau ទទួលបានមេដាយសំរិទ្ធ។

ប្រភេទកីឡាលើកទម្ងន់នេះ កីឡាករកម្ពុជា ៣ រូបហើយ ក្នុងចំណោម ៦ រូប ដែលធ្វើមិន បានល្អ ។ កីឡាករកម្ពុជា ប្រាក់ តឿ ប្រកួតក្នុងវិញ្ញាសា កីឡាលើកទម្ងន់ជនពិការ ប្រភេទ ៥៩ គីឡូក្រាម ស្ថិតក្នុងលេខរៀងទី៨ ក្នុងចំណោមអត្តពលិក ៨ នាក់ ដែលការប្រកួតធ្វើឡើង នៅព្រឹកថ្ងៃទី៥ មិថុនា នេះដែរ ខណៈកីឡាករ ស្មាន់ ប៉ាវស៊ី អត្តពលិកកីឡាលើកទម្ងន់ ក្នុងប្រភេទ ៥៤ គីឡូក្រាម ស្ថិតនៅលេខរៀងទី៧ ក្នុងចំណោមអត្តពលិក ៧ នាក់ ដែលការប្រកួតធ្វើឡើង នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ។

កម្ពុជា ដាក់អត្តពលិក ៦ នាក់ ក្នុងកីឡាលើកទម្ងន់ជនពិការ ដែលមានន័យថា កម្ពុជា នឹងមានអត្តពលិក ៣ នាក់ទៀត ដើម្បីដណ្តើមមេដាយ។

ការប្រកួតកីឡាលើកទម្ងន់ ក្នុងព្រិត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ធ្វើឡើង ដោយមានប្រទេសចំនួន ១០ ចូលរួមប្រកួត ក្នុងនោះរួមមាន៖ កម្ពុជា ថៃ វៀតណាម ឥណ្ឌណេស៊ី មីយ៉ាន់ម៉ា ឡាវ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និង ទីម័រខាងកើត៕ V / N