ដោយៈយោធិន/ភ្នំពេញៈនាយទាហាននៃស្ថាប័នកងទ័ពសាធារណរដ្ឋ បារាំងបានបញ្ជាក់អំពីការជួយបណ្តុះបណ្តាលផ្នែកជំនាញនគរបាលយុត្តិធម៌ជូនដល់កងយោធាមួកខៀវកម្ពុជាសំដៅបង្កើនចំណេះដឹងវិស័យខាងលើនេះសម្រាប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។
ការលើកឡើងពីគម្រោងជួយបណ្តុះបណ្តាលផ្នែកជំនាញនគរបាលយុត្តិធម៌ជូនដល់កងយោធាមួកខៀវកម្ពុជាបែបនេះខណៈលោក គ្រីស្តូហ្វ រូស្សែល (Christophe ROUSSEL)មន្រ្តីបណ្តុះបណ្តាល ផ្នែកនគរបាលយុត្តិធម៌អញ្ជើញចូលជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សា សន្តិភាពនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នាស្នាក់ការ មជ្ឈមណ្ឌល ជាតិរក្សាសន្តិភាព។
ប្រភពមន្រ្តីប្រាប់ថា ក្នុងសវនាការលោក គ្រីស្តូហ្វ រូស្សែល បាន ជម្រាបជូនដល់ប្រមុខកងយោធាមួកខៀវកម្ពុជាពីគោលបំណងសំខាន់ក្នុងការជួយបណ្តុះបណ្តាលវិស័យជំនាញនគរបាលយុត្តិធម៌គឺដើម្បីឆ្លើយតបទៅនឹងការគាំទ្រដល់កម្លាំងប្តូរវេនរបស់កម្ពុជា ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ។
ក្រុមការងារនៃបេសកកម្មសហប្រតិបត្តិការ និងការពារបារាំង (MCD) នឹងបើកវគ្គសិក្សាកងរាជអាវុធហត្ថមួកខៀវកម្ពុជា ដែលក្នុង វគ្គសិក្សានេះ នឹងទទួលបានចំណេះដឹងបំប៉នបន្ថែម សម្រាប់ចូលរួម ក្នុងបេសកកម្មរក្សាសន្តិភាព ។ នេះបើតាមការ បញ្ជាក់ពីលោក គ្រីស្តូហ្វ រូស្សែល។
វគ្គសិក្សានេះ នឹងចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី៣០ ខែមិថុនា នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពឧត្តុង។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ភាគីបារាំង ដែលតែងតែជួយជ្រោមជ្រែង និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស បារាំងជាបន្តបន្ទាប់តែងបានផ្តល់វគ្គបណ្តុះបណ្តាល លើ ជំនាញផ្សេងៗសម្រាប់លើកកម្ពស់សមត្ថភាពកងយោធាមួកខៀវកម្ពុជាលើវិស័យរក្សាសន្តិភាព។
ប្រមុខកងយោធាមួកខៀវកម្ពុជានាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកសំណូមពរដល់ភាគីបារាំង ក្នុងការផ្តល់វគ្គ ហ្វឹកហ្វឺនរយៈ ពេលខ្លី តែខ្លឹម ដែលអាចឱ្យកងកម្លាំងចេញបេសកកម្មរក្សាសន្តិភាព ប្រកបដោយប្រសិទ្ធិភាព៕សរន / N