​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ ចំនួន​អ្នក​ឆ្លងនិងស្លាប់ដោយកូវី​ដ​១៩​នៅក្នុងប្រទេសថៃបាន​កើនឡើង​កាលពី​សប្តាហ៍​មុន​នៅ​​ពេល​អាជ្ញាធរ​សុខាភិបាល​លើក​ទឹកចិត្ត​អោយ​នាំ​កុមារ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ពួកគេ​កុំអោយ​​ឆ្លង​។​

​វេជ្ជបណ្ឌិត តា​រ៉េ​ស ក្រាស​សា​ណាយ​រ៉ាវី​វង់​(Tares Krassanairawiwong)​អគ្គនាយក​នៃ​នា​​យក​ដ្ឋា​ន​គ្រប់គ្រង​ជំងឺ បាន​និយាយថា​ចាប់ពី​ថ្ងៃ​២៨​ឧសភា​ដល់​៣​មិថុនា មាន​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន ៣.០៨៥​នាក់ ដោយ​កើន​៤​ភាគរយ​ពី​មួយ​សប្តាហ៍​មុននេះ​។​

​ជា​មធ្យម ថៃ​មាន​អ្នក​ឆ្លងកូវី​ដ​ថ្មី​៤៤០​នាក់​ក្នុង​មួយ​ថ្ងៃ​កាលពី​សប្តាហ៍​មុន ដោយ​កើន​ពី​៤២៤​នាក់​​ក្នុង​មួយថ្ងៃ​កាល​ពី​មួយ​សប្តាហ៍​មួយទៀត​។​

​ទោះជា​យ៉ាងណា​ចំនួន​អ្នក​ជំងឺ​រលាក​សួ​តបានចុះ​ពី​៤២៥​នាក់​មក​នៅ​៤៨៦​នាក់ ក្នុងនេះ​២៤៣​នាក់​​កំពុង​ដកដង្ហើម​ពី​ឧបករណ៍​ជំនួយ តែ​ក្នុងពេល​ជាមួយគ្នាចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​កើនឡើង​​ដោយ​កាល​ពី​មួយ​សប្តាហ៍​កន្លង​ទៅ​មាន​អ្នកស្លាប់​៦៨​នាក់ កើន​ពី​៤២​នាក់​ដែល​ត្រូវបាន​កត់ត្រា​​ឃើញ​កាល​ពី​មួយ​សប្តាហ៍​មួយទៀត​។​

​លោក​វេជ្ជបណ្ឌិត​បាន​អោយ​ដឹងថា មនុស្ស​វ័យចាស់​ដែលមាន​ជំងឺ​ប្រចាំ​រាងកាយ គួបផ្សំ​នឹង​ស្ត្រី​មាន​​ផ្ទៃពោះ តំណាងអោយ​៩៧​ភាគរយ​នៃ​ចំនួន​ស្លាប់​ដោយ​កូ​វីដនៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​។​ពួក​​អ្នកស្លាប់​ទាំងនេះ​ក៏​ពុំ​បាន​ចាក់​វ៉ាក់សាំង​ការពារ​គ្រប់គ្រាន់​ដែរ​។​

​លោក​បាន​លើកទឹកចិត្ត​អោយ​ប្រជាជន​ថៃ​នាំ​គ្នា​ចាក់​វ៉ាក់សាំងកូវី​ដ​១៩​ដើម្បី​ការពារ​កុំ​​អោយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​និង​ស្លាប់​ក្នុងករណី​ពួកគេ​ឆ្លងកូវី​ដ​១៩៕