ដោយៈប.ខុន/ភ្នំពេញៈគម្រោងជួសជុលនិងពង្រឹងទំនប់សណ្តរនៃអាងកំពីងពួយ ដោយបន្ថែមកម្រិតកម្ពស់ទំនប់ រៀបថ្មតាមជើងទេរទំនប់សណ្តរការពាររលកទឹក សាងសង់សំ ណង់សិល្បការថ្មីចំនួន៤កន្លែងនិងជួសជុលសំណង់ចាស់ចំនួន៨កន្លែងដោយប្រើប្រាស់កញ្ចប់ថវិការបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ដើម្បីបង្កើនការស្តុកទឹកនៅក្នុងអាងបានដល់ពី១៩០ទៅ២០០លានម៉ែត្រសម្រេចបានលទ្ធផលប្រមាណជា៧៥ភាគរយហើយ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារគម្រោងគ្រប់គ្រងទឹកនិងការផ្លាស់ប្តូរកសិកម្មកម្ពុជាWAT4CAMបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៥មិថុនាឆ្នាំ២០២៣ថាគម្រោងជួសជុលនិងស្តារឡើងវិញអនុគម្រោងទំនប់សណ្តរអាងទឹក កំពីងពួយ ដែលស្ថិតក្នុងភូមិសាស្ត្រឃុំស្នឹងស្រុកបាណន់ ខេត្ត បាត់ដំបងដែលកំពុងតែអនុវត្តពេលនេះសម្រេចបានលទ្ធផលប្រមាណជា៧៥ភាគរយហើយ។

លោករដ្ឋលេខាធិការបាននិយាយឱ្យដឹងទៀតថាទំនប់សណ្តរនៃអាងកំពីងពួយតែងតែទទួលរងការគំរាមគំហែងពីទឹកជំនន់ ជាពិសេសជំនន់ទឹកភ្លៀងកាលពីក្នុងឆ្នាំ ២០២០កន្លងទៅធ្វើការស្តុកទឹកអាងនេះបានតែប្រមាណជាពី១៦០ទៅ១៧០លានម៉ែត្រគូបដោយសារទំនប់សណ្តរមានសភាពតូចនិងទាបហើយត្រូវរងគ្រោះដោយទឹករលកបក់បោកមកលើជើងទំនប់ហើយដើម្បីបង្កើនបរិមាណទឹកស្តុកក្នុងអាងឱ្យបានដល់ពី១៩០ទៅ២០០លានម៉ែត្រគូបសម្រាប់ប្រើប្រាស់ និងសម្រាប់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)និង ដោយមានការគាំទ្រពីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានធ្វើការសិក្សាដើម្បីពង្រឹងគុណភាពទំនប់សណ្តរនេះឡើង។
ទំនប់សណ្តរនៃអាងកំពីងពួយដែលកំពុងធ្វើការពង្រឹងនេះលោកចាន់យុត្ថាបានឱ្យដឹងថាបានបន្ថែមកម្រិតកម្ពស់ទំនប់០,៦០ម៉ែត្រ ប្រវែង៧.៣២០ម៉ែត្រ,រៀបថ្មតាមជើងទេរទំនប់សណ្តរការពាររលកទឹក ប្រវែង១.៨០០ម៉ែត្រសាងសង់សំណង់សិល្បការថ្មីចំនួន៤កន្លែងនិងជួសជុលសំណង់ចាស់ចំនួន៨កន្លែង។ក្រោយ ពេលទំនប់សណ្តរត្រូវបានធ្វើការពង្រឹងរួច ការស្តុកទឹកនៅអាងកំពីងពួយអាចបានដល់ពី១៩០ទៅ២០០លានម៉ែត្រគូប។
លោកចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាអាងកំពីងពួយពេលនេះនៅសល់ទឹកតិចតួចណាស់បន្ទាប់ពីបានបញ្ចេញប្រើកាលពីក្នុងរដូវប្រាំងកន្លងទៅ។នៅពេល នេះក្រុមការងារកំពុងតែបង្វែរទឹកពីស្ទឹងបរវិលតាមរយៈប្រឡាយបេតុងដាក់ចូលអាងនេះវិញ។ស្ទឹងបរវិលពេលនេះមានទឹកច្រើនបន្ទាប់ពីទ្វារទឹកនៅសំណង់ស្ទាក់តាហែនត្រូវបានបិទដើម្បីធ្វើការជួសជុលច្រាំងស្ទឹងនៅផ្នែកខាងក្រោមនៃសំណង់ស្ទាក់ទឹកតាហែនរួចមក៕ P / N