ប្រែសម្រួលៈបំណង(ដេល្លីម៉េល,អេសៀវ័ន)៖ វិធីសាស្ត្របញ្ជានាវាចម្បាំងចិនមួយនៅក្នុងច្រកសមុទ្រតៃវ៉ាន់ក្នុងអំឡុងពេលពើបប្រទះនឹងនាវាពិឃាតអាម៉េរិកមួយកាលពីចុងសប្តាហ៍គឺសមហេតុផលទាំងស្រុង ស្របច្បាប់ ប្រកបដោយវិជ្ជាជីវៈនិង«មានសុវត្ថិភាព» នេះបើតាមការបញ្ជាក់អះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃចន្ទទី៥មិថុនានេះ។
កងទ័ពជើងទឹកអាម៉េរិកកាលពីថ្ងៃអាទិត្យបានបញ្ចេញវីដេអូមួយបង្ហាញពីអ្វីដែលខ្លួនហៅថា «អន្តរកម្មមិនមានសុវត្ថិភាព»មួយនៅច្រកសមុទ្រតៃវ៉ាន់ ពេលនាវាចម្បាំងចិនមួយបើកកាត់មុខនាវាពិឃាតរបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍។
ពួកមន្ត្រីយោធាអាម៉េរិកបាននិយាយថា នាវាចម្បាំងចិនបានចូលមកជិតនាវាអាម៉េរិកចម្ងាយត្រឹមតែ១៥០យ៉ាត(១៣៧ម៉ែត្រ)នៅក្នុងច្រកសមុទ្រតៃវ៉ាន់«ក្នុងការបើកមិនមានសុវត្ថិភាព»នៅពេលចិនបន្ទោសអាម៉េរិកថាមានចេតនាបង្ករឿងនៅក្នុងតំបន់។
កងទ័ពជើងទឹកអាម៉េរិកនិងកាណាដា កាលពីថ្ងៃសៅរ៍ទី៣មិថុនា បានធ្វើហ្វឹកហាត់រួមគ្នាមួយនៅក្នុងផ្លូវទឹកដ៏រសើបដែលខណ្ឌចែកកោះតៃវ៉ាន់នឹងចិនដីគោកនេះ។នាវាចម្បាំងចិនមួយបានបង្ហាញខ្លួនឡើងនិងបើកកាត់មុខនាវាពិឃាតអាម៉េរិកChung-Hoon ដោយបង្ខំអោយនាវាបំពាក់កាំជ្រួចបញ្ជានាំផ្លូវនេះត្រូវបង្អន់ល្បឿនដើម្បីបញ្ចៀសការបុកគ្នា នេះបើតាមសេចក្តីថ្លែងការណ៍របស់បញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាម៉េរិក។
យោធាចិនបានរិះគន់អាម៉េរិកនិងកាណាដាចំពោះការបង្កហានិភ័យដោយចេតនាក្រោយពីកងទ័ពជើងទឹកនៃប្រទេសទាំងពីរធ្វើសមយុទ្ធរួមគ្នាដ៏កម្រកាត់ផ្លូវទឹកដ៏រសើបនេះ៕
នាវាChung-Hoon និង Montreal ធ្វើសមយុទ្ធក្នុងច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍
រូបភាពផ្តល់ដោយកងទ័ពជើងទឹកអាម៉េរិក បង្ហាញនាវាUSS Chung-Hoon បើកចំពីមុននាវាចិនដែលបត់ទទឹងផ្លូវរបស់នាវាអាម៉េរិកកាលពីថ្ងៃ៣មិថុនា