ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ រដ្ឋបាលបៃដិនកំពុងព្យាយាមធានាបាននូវការផ្គត់ផ្គង់ TNT របស់ជប៉ុនសម្រាប់គ្រាប់កាំភ្លើងធំ ១៥៥មីល្លីម៉ែត្រដែលផលិតដោយសហរដ្ឋអាម៉េរិកចំពេលមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការបំពាក់អាវុធដល់យោធាអ៊ុយក្រែន។ តើមានអ្វីនៅពីក្រោយនិន្នាការនេះ?
លោក អ៊ីហ្គ័រ អ៊ីស្តូមីន (Igor Istomin) អ្នកដឹកនាំការស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាអាម៉េរិកកម្រិតខ្ពស់នៃសាកលវិទ្យាល័យ MGIMO បានប្រាប់ Sputnik ថា “ចាប់តាំងពីឡើងកាន់អំណាចមក រដ្ឋបាលបៃដិនបានកំពុងបន្តគោលនយោបាយដែលពឹងផ្អែកខ្លាំងក្នុងការប្រមូលផ្តុំនិងបិទគម្លាតជាមួយសម្ពន្ធមិត្តអឺរ៉ុបនិងសម្ពន្ធមិត្តនៅអាស៊ី។ ហើយក្នុងន័យនេះពួកគេកំពុងព្យាយាមយ៉ាងសកម្មក្នុងការទាញសម្ពន្ធមិត្តអាស៊ីឱ្យចូលរួមក្នុងយុទ្ធសាស្ត្រដាក់សម្ពាធលើរុស្ស៊ីនិងគាំទ្រការផ្ទេរសព្វាវុធទៅអ៊ុយក្រែន។ ដូច្នេះហើយ ការពិតដែលថាជប៉ុនចូលរួមក្នុងសកម្មភាពនេះមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ”។
កាលពីដើមសប្តាហ៍នេះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានស្រង់ប្រភពមិនបញ្ចេញឈ្មោះដោយនិយាយថា ត្បិតជប៉ុនមានរដ្ឋធម្មនុញ្ញសន្តិភាពនិយម”ក៏នៅតែមានមធ្យោបាយសម្រាប់សហរដ្ឋអាម៉េរិកក្នុងការទិញគ្រឿងផ្ទុះពីជប៉ុន”។ សារធាតុផ្ទុះនៅក្នុងសំណួរនេះគឺ TNT ឬ Trinitrotoluene ដែលប្រើក្នុងគ្រាប់ផ្លោង គ្រាប់បែក និងគ្រាប់បែកដៃរបស់យោធាក៏ដូចជាក្នុងការប្រើប្រាស់ឧស្សាហកម្ម និងការបំផ្ទុះនៅក្រោមទឹក។ តាមសេចក្តីរាយការណ៍ គ្រឿងផ្ទុះដែលទទួលបានពីជប៉ុនមានបំណងបញ្ជូនទៅកាន់រោងចក្រផលិតគ្រាប់ដែលគ្រប់គ្រងដោយកងទ័ពអាម៉េរិក ដែលនឹងច្រកវាចូលទៅក្នុងសំបកគ្រាប់ ១៥៥ មីលីម៉ែត្រ។
ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងសេដ្ឋកិច្ច និងទីភ្នាក់ងារលទ្ធកម្ម បច្ចេកវិជ្ជា និងភស្តុភាររបស់ក្រសួងការពារជាតិរបស់ជប៉ុន បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។
ទោះយ៉ាងណា លោកអ៊ីស្តូមីនជឿថានិន្នាការនេះគឺឃើញច្បាស់ហើយ។ លោកចង់សំដៅជាពិសេសទៅលើការចូលរួមខ្លាំងឡើងរបស់កូរ៉េខាងត្បូងនៅក្នុងដំណើរផ្សងព្រេងរបស់អាម៉េរិក។ មុននេះ ឯកសារមន្ទីរបញ្ចកោណបានលាតត្រដាងថា កូរ៉េខាងត្បូងមើលឃើញខ្លួនឯងស្ថិតនៅចន្លោះដុំថ្មនិងកន្លែងរឹងមួយបន្ទាប់ពីយល់ព្រមលក់គ្រាប់កាំភ្លើងធំដើម្បីជួយសហរដ្ឋអាម៉េរិកបំពេញឃ្លាំងគ្រាប់របស់ខ្លួន។ បញ្ហានោះគឺរដ្ឋាភិបាលក្រុងសេអ៊ូលព្រួយបារម្ភថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងផ្ទេរគ្រាប់ទៅរបបក្រុងគៀវ។
លោកអ៊ីស្តូមីនបាននិយាយថា “យើងបានឃើញរួចហើយថា កូរ៉េខាងត្បូង ត្បិតចេញសេចក្តីថ្លែងការណ៍ពីមុនថាខ្លួននឹងមិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនក៏ពិតមែនក៏ប៉ុន្តែកំពុងជួយដល់អង្គការណាតូនិងផ្គត់ផ្គង់អាវុធដល់បណ្តាប្រទេសណាតូ។ ហើយជប៉ុនកំពុងត្រូវគេអូសចូលគន្លងនេះដូចគ្នា។ លើសពីនេះទៅទៀតនៅក្នុងទិដ្ឋភាពជាច្រើនជប៉ុនបានប្រកាន់ជំហរកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ដូច្នេះនេះគឺជាផ្នែកនៃនិន្នាការរយៈពេលវែង”។
ជាការពិតណាស់ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ជប៉ុនបានកំពុងកែសម្រួលយុទ្ធសាស្ត្រសន្តិភាពនិយមរបស់ខ្លួនជាបណ្តើរៗ។ នៅខែធ្នូ ឆ្នាំ ២០២២ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន ហ្វ៊ូមីអូ គីស៊ីដា បានអនុម័តឯកសារគោលនយោបាយចំនួនបីគឺ យុទ្ធសាស្ត្រសន្តិសុខជាតិ (NSS) យុទ្ធសាស្ត្រការពារជាតិ និងកម្មវិធីពង្រឹងការការពារជាតិ ដែលគ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
លើសពីនេះ ជប៉ុនបានពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការណាតូ ដោយលោកគីស៊ីដាបានក្លាយជាមេដឹកនាំជប៉ុនដំបូងគេដែលចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងខែមិថុនា ឆ្នាំ ២០២២។ នៅថ្ងៃទី ១០ ខែឧសភា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) បាននិយាយថា រដ្ឋាភិបាលក្រុងតូក្យូកំពុងពិភាក្សាដើម្បីបើកការិយាល័យទំនាក់ទំនងណាតូ ដែលជាប្រភេទការិយាល័យដំបូងគេនៅអាស៊ី។
លោកអ៊ីស្តូមីនបាននិយាយថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំជប៉ុនបានកំពុងបោះបង់ចោលការរឹតបន្តឹងពីមុនៗ។ ដូច្នេះហើយ ក្នុងករណីនេះ នៅពេលនិយាយដល់ការផ្ទេរគ្រាប់ផ្លោងមួយចំនួន ឬក្នុងករណីនេះ TNT សម្រាប់គ្រាប់ផ្លោង នេះគឺសមទៅនឹងគោលនយោបាយទូលំទូលាយរបស់ជប៉ុនទាំងពីរ ដើម្បីពង្រឹងសម្ពន្ធភាពជាមួយសហរដ្ឋអាម៉េរិកឱ្យកាន់តែស៊ីជម្រៅ និងគោលនយោបាយរបស់សហរដ្ឋអាម៉េរិកដើម្បីភ្ជាប់ទំនាក់ទំនងរវាងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប ក្នុងយុទ្ធសាស្ត្រសកលរបស់ខ្លួន”។
ទន្ទឹមនឹងនេះ ការចូលរួមរបស់ជប៉ុននាពេលបច្ចុប្បន្ននេះ មិនអាចធ្វើឱ្យខូចដល់តុល្យភាពអំណាចដែលបានបង្កើតឡើងទាំងនៅអឺរ៉ុបនិងនៅអាស៊ីនោះទេ នេះបើយោងតាមលោក ដេវីដ ធី ពីណេ (David T. Pyne) អតីតមន្ត្រីបុគ្គលិកទីបញ្ជាការកងទ័ពអាម៉េរិក។
លោកពីណេបានប្រាប់ Sputnik ថា អ៊ុយក្រែនគ្មានឱកាសឈ្នះនោះទេ ទោះបីជាវ៉ាស៊ីនតោនខំបញ្ជូនសព្វាវុធឱ្យពួកគេច្រើនប៉ុណ្ណាក៏ដោយ ដោយសារតែ “រុស្ស៊ីមានអំណាចយោធាខ្លាំងជាងអ៊ុយក្រែន” ហើយ “លោកខាងលិចមិនមានឆន្ទៈក្នុងការបញ្ជូនកងទ័ពណាមួយដើម្បីរុញច្រានកងកម្លាំងរុស្ស៊ី” ចេញពីទឹកដីដែលទើបដាក់បញ្ចូលក្នុងសហព័ន្ធរុស្ស៊ីនោះទេ។
លោកបានសង្កត់ធ្ងន់ថា “ខ្ញុំមិនគិតថាមេដឹកនាំណាតូចង់បានការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ជាមួយរុស្ស៊ីទេព្រោះវានឹងនាំឱ្យមានសង្គ្រាមនុយក្លេអ៊ែរមិនចាំបាច់ ដែលគ្មាននរណាម្នាក់ចង់បាននិងគ្មាននរណាម្នាក់ទទួលបានផលប្រយោជន៍ពីវាឡើយ។ មនុស្សគ្រប់គ្នាអន្ទះអន្ទែងចង់បញ្ចៀសសង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែពួកគេនៅតែបន្តចង់ផ្តល់អាវុធដល់អ៊ុយក្រែននិងអូសបន្លាយជម្លោះមិនចាំបាច់យ៉ាងល្ងង់ខ្លៅ ដោយឱ្យមានការស្លាប់និងការបំផ្លិចបំផ្លាញកាន់តែច្រើនសម្រាប់ប្រជាជនអ៊ុយក្រែន”។
ជាមួយគ្នានេះដែរ អតីតមន្ត្រីមន្ទីរបញ្ចកោណរូបនេះជឿថា រដ្ឋាភិបាលក្រុងតូក្យូក៏គ្មានចំណង់ក្នុងការប៉ះទង្គិចដោយផ្ទាល់ជាមួយចិននោះដែរ។
លោកពីណេបានសន្និដ្ឋានថា “ជប៉ុនមិនមានបំណងចង់ធ្វើយោធូបនីយកម្មក្នុងតំបន់ប្រឆាំងនឹងចិនដែលមានអំណាចខ្លាំងជាងនេះដែរ។ ជប៉ុនដឹងថាការធ្វើអន្តរាគមន៍ក្នុងជម្លោះចិន-តៃវ៉ាន់ដោយយោធាអាចបណ្តាលឱ្យមានករណីហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគិមួយផ្សេងទៀត”៕
រដ្ឋាភិបាលក្រុងតូក្យូក៏គ្មានចំណង់ក្នុងការប៉ះទង្គិចដោយផ្ទាល់ជាមួយចិននោះដែរ