ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ ក្រុមមេឃខៀវ Manchester City នៅសល់ជ័យជម្នះមួយទៀតប៉ុណ្ណោះនឹងសម្រេចបានពានបីដ៏សំខាន់ ខណៈពួកគេសមនឹងឈ្នះលើគូប្រជែង Manchester United ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ដោយសារការស៊ុតពីរគ្រាប់បំបែកឯតទគ្គកម្មរបស់កីឡាករ អ៊ីលកាយ ហ្គាន់ដូហ្គាន (Ilkay Gundogan) កាលពីថ្ងៃសៅរ៍ ទី ៣ មិថុនា។
ប្រធានក្រុម Man City ហ្គាន់ដូហ្គានបានស៊ុតបញ្ចូលទីគ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្ត្រវគ្គផ្តាច់ព្រ័ត្រ FA Cup ជាមួយនឹងការស៊ុតវ៉ូឡេដ៏គួរឱ្យភ្ញាក់ផ្អើលបន្ទាប់ពីលេងបាន ១២ វិនាទី និង ស៊ុតគ្រាប់ជ័យជម្នះនៅមុនចប់តង់ទីមួយ៧នាទី។
ក្នុងការធ្វើដូច្នេះ កីឡាករវ័យ ៣២ ឆ្នាំ ដែលរំពឹងចាកចេញពី Man City នៅរដូវក្តៅបន្ទាប់ពីការឈ្នះពានជោគជាំ៧ឆ្នាំ បានក្លាយជាកីឡាករចាស់ជាងគេបំផុតដែលអាចស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ចាប់តាំងពីកីឡាករ ណាត លូហ្វហោស (Nat Lofthouse) សម្រាប់ Bolton Wanderers ក្នុងឆ្នាំ ១៩៥៨ ដែលស៊ុតចូល United ផងដែរ។
United ដែលព្យាយាមឈ្នះពានក្នុងស្រុកទាំងពីរក្នុងរដូវកាលតែមួយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ និង បំផ្លាញក្តីសង្ឃឹមរបស់ Man City ក្នុងការធ្វើត្រាប់តាមការឈ្នះពានបីជាប្រវត្តិសាស្ត្ររបស់ពួកគេកាលពីឆ្នាំ ១៩៩៩ បានតាមស្មើដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី ៣៣ របស់កីឡាករព្រូណូ ហ្វើណង់ដេស (Bruno Fernandes)។
ក្រុមរបស់លោក ប៉េប ហ្គាឌីអូឡា បានព្យាយាមទប់នឹងសម្ពាធចុងម៉ោងរបស់ Man Utd ដើម្បីឈ្នះពាននេះជាលើកទីប្រាំពីរ។
នេះជាលើកទី១៣ហើយដែលការឈ្នះទាំងពានលីកកំពូលអង់គ្លេស និង FA Cup ត្រូវសម្រេចបាន។ ប៉ុន្តែឥឡូវនេះ Man City ចង់បានពានបន្ថែមនិងត្រូវធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលដើម្បីប្រឈមមុខនឹង Inter Milan ដោយព្យាយាមគ្រងតំណែងជើងឯកអឺរ៉ុបជាលើកដំបូង និងដើម្បីតាមស្មើកំណត់ត្រាឈ្នះពានបីរបស់ក្រុម Manchester United ក្នុងក្របខ័ណ្ឌ Premier League/FA Cup/Champions League ក្នុងឆ្នាំ ១៩៩៨-៩៩ ក្រោមការដឹកនាំរបស់លោក អាឡិច ហ្វើហ្គូសុន៕
Man City លើកពាន FA Cup កាលពីថ្ងៃសៅរ៍ ក្រោយឈ្នះ Man U ២-១