ដោយ៖ដេប៉ូ/ភ្នំពេញ៖ច្រាច់ ជារុក្ខជាតិ ដុះដោយ ឯកឯងតាមធម្មជាតិ នៅតាមវាលស្រែក្នុងរដូវវស្សា ដែលប្រជាជនខ្មែរនិយមយកមកធ្វើជាបន្លែសម្រាប់ស្ល ធ្វើអន្លក់ និងមួយចំនួនពួកគាត់ជឿថា អាចប្រើធ្វើជាឱសថបុរាណបំបាត់ឈឺធ្មេញ -ក្អកផងដែរ។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថាច្រាច់ វាមានប្រភពដើម នៅអាស៊ីខាងត្បូង និងផ្នែកអាគ្នេយ៍ អូស្ត្រាលីខាងជើង។

*លក្ខណៈរូបសាស្ត្រ៖ តិណជាតិ (herbaceous) ដើមដុះត្រង់ទៅលើ មានកម្ពស់៥-៥០ស.ម មានក្តៀងខ្លីៗក្នុងដី។ ស្លឹកតូចវែង ឬរីកធំប៉ោងនៅផ្នែកគល់ រួមស្រួចនៅផ្នែកលើ។ កញ្ចុំផ្កាជាចង្កោម (raceme) មានផ្កាតិច។ ទងផ្កាមានប្រវែង២-១០ម.ម។ ផ្កាមានបរិបុប្ផា perianth ប្រវែង១០-១៥ម.ម ពណ៌ខៀវរាងស្វាយ កេសរឈ្មោលមាន៦ គឺ១វែង និង៥ខ្លី កេសរញី ៣រួមគ្នា (ovary 3-locular)។ ផ្លែជាកាប់ស៊ុល (capsule) ដល់ ពេលចាស់អាចបែកជា៣ផ្នែក។ គ្រាប់តូចៗ មូលទ្រវែង។

*លក្ខណៈជីវសាស្ត្រ៖ រស់ច្រើនឆ្នាំ ដុះរហ័ស អាចរាតត្បាតរុក្ខជាតិឯទៀតក្នុងចម្ការ វាលស្រែ និងកន្លែងដក់ទឹក។ *លក្ខណៈអេកូឡូស៊ី៖ ដុះលើដីតាមមាត់ទឹកបឹង ត្រពាំង ថ្លុក និងវាលស្រែនៅតំបន់ក្ដៅ។

*ការប្រើប្រាស់៖

-ជាបន្លែ៖ ដើម និងស្លឹកធ្វើជាបន្លែស្ល និងអន្លក់។

-ជាឱសថ៖ ស្លឹក និងឫស ច្របាច់យកទឹក សម្រាប់ព្យាបាលឈឺធ្មេញ និងក្អក៕