ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃទី៥ មិថុនានេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញពិធីជួបសំណេះសំណាល និងទស្សនាការប្រកួត របស់កីឡាករ-កីឡាការិនីជនពិការ លើវិញ្ញាសាកីឡាបូស្យា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅសាលដំបូលទូក នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ លោកពិតជាមានកិត្តិយស និងក្តីសោមនស្ស រីករាយ ដោយបានជួបសំណេះសំណាលជាមួយ កីឡាករ-កីឡាការិនីជនពិការ លើវិញ្ញសាកីឡាបូស្យា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម “Para Games” លើកទី១២ ឆ្នាំ២០២៣ នាពេលនេះ ។

ព្រឹត្តិការណ៍កីឡា Para Games ត្រូវបានរៀបចំឡើង ក្រោមម្លប់ដំបូលសន្តិភាព ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានកំណត់គោលដៅ និងប្រធានបទរបស់កីឡាជា មូលដ្ឋាន «កីឡារស់ក្នុងសន្តិភាព» ជាពិសេស ជាកំណត់ត្រាប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាជនកម្ពុជា ដែលបានរង់ចាំ អស់រយៈពេលជាង ៦៤ ឆ្នាំ កន្លងមកហើយ ។

លោកបណ្ឌិតសភាចារ្យ បានជូនពរឲ្យការប្រកួត ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា Para Games ឆ្នាំ២០២៣ នាពេលនេះ ឲ្យទទួលបាន នូវលទ្ធផលល្អ និងជោគជ័យ គ្រប់ៗគ្នា និងសូមជូនពរប្រតិភូកីឡា កីឡាករ -កីឡាការិនី សូមមានផាសុកភាព ជាមួយនឹងភាពសប្បាយរីករាយ ក្នុងការស្នាក់នៅ ព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តការណ៍ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ មានការចូលរួមពី បណ្តាប្រទេស ដូចជា ប្រទេសព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១.៤២៣ នាក់ លើប្រភេទកីឡាចំនួន ១៤ ត្រូវនឹង ១៦០ វិញ្ញាសា៕ V / N