ដោយៈតារារិទ្ធ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជានិងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញា សាលា និង សិស្សសារការី ចំនួន ១,៨៣៥នាក់ ។

យោងតាមរបាយការណ៍រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អគារថ្មីទាំង២នេះរួមមាន៖អគារទី១មានឈ្មោះថា«អគាររដ្ឋបាលពហុ​បំណងនៃវិស័យយុត្តិធម៌»និងអគារទី២មានឈ្មោះ ថា «បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា» ។ អគារទី១នេះមានទំហំ ៦០ម៉ែត្រគុណនិង ៣០ម៉ែត្រមានកម្ពស់បីជាន់និងមានផ្ទៃ​ក្រឡា​សរុប​ចំនួន ៤,៩៤៦ ម៉ែត្រក្រឡាមាន មុខងារប្រើប្រាស់ជាទីតាំង​រដ្ឋបាលរបស់បណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជានិងយន្តការមួយចំនួនក្នុងវិស័យយុត្តិធម៌ជាអាទិ៍ ក្រុមប្រឹក្សា​នីតិ​កម្មនិងយុត្តិធម៌, ក្រុមប្រឹក្សា កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ជាដើម។ ចំណែកឯអគារទី២ មានទំហំ ៥២ម៉ែត្រគុណ ៤០ម៉ែត្រ មានកម្ពស់បីជាន់ និងមានផ្ទៃក្រឡា​សរុបចំនួន ៥,៧១៦ម៉ែត្រក្រឡា មានមុខងារប្រើប្រាស់ជាទីកន្លែង​បណ្តុះបណ្តាល​របស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានិងរបស់មជ្ឈមណ្ឌលបណ្តុះ​បណ្តាលវិជ្ជាជីវៈ​មេធាវីរបស់គណៈមេធាវីនៃព្រះរាជាណា ចក្រកម្ពុជាផងដែរ។ ការសាងសង់អគារទាំងពីរខ្នងនេះបានប្រើរយៈពេល ១ឆ្នាំ ៦ខែនិង ២៧ថ្ងៃនិងបាន​ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ៤.៩១លានដុល្លារអាមេរិក។ អគារ ២ខ្នងនេះស្ថិតលើផ្ទៃដីជាង២ហិកតាដែលត្រូវសម្ពោធដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការនាពេលនេះ។


សម្រាប់ពិធីប្រគល់សញ្ញាបត្រដែលត្រូវរៀបចំឡើងក្រោមអធិបតីភាពរបស់សម្តេច​តេជោ​​​នាយករដ្ឋមន្ត្រីគឺជាការប្រគល់សញ្ញាបត្រជាផ្លូវការជាលើកទី ២ដល់សិស្ស​វិជ្ជា​ជីវៈ ទាំងអស់ចំនួន ១,៨៣៥នាក់ (នារី ៤៣២នាក់)ដែលបានបញ្ចប់ការ​សិក្សា​ដោយ​ជោគជ័យតាំងពីឆ្នាំ២០០៨រហូតដល់ឆ្នាំ២០២២ ។ បច្ចុប្បន្នសិស្សវិជ្ជាជីវៈទាំងអស់ដែលបាន បញ្ចប់ការសិក្សាដោយជោគជ័យបាននិងកំពុង​បំពេញ​មុខងារជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និង ជាអាជ្ញាសាលា នៅតាមសាលា​ជម្រះ​ក្តី និងអយ្យការអមសាលា ជម្រះក្តីគ្រប់ជាន់ថ្នាក់និងជាសារការីនៅតាម​មន្ទីរសារ​ការី​នានានៅក្នុងព្រះរាជាណាចក្រកម្ពុជាព្រមទាំងមួយចំនួនកំពុងបំពេញការងារ​រដ្ឋ​បាលសា​ធារណៈផងដែរ។
គិតចាប់ពីឆ្នាំ២០០២រហូតមកទល់បច្ចុប្បន្ននេះបណ្ឌិត្យសភា​ភូមិន្ទយុត្តិធម៌កម្ពុជាផលិតបានធនធានជាចៅក្រម,ព្រះរាជអាជ្ញា, ក្រឡាបញ្ជី,អាជ្ញា​សាលានិងសារការី សរុប ចំនួន ១,៩៤៣នាក់(នារី ៤៤៥ នាក់ និងមានជនពិការចំនួន ៣នាក់)ក្នុងនោះរួមមាន៖សិស្សចៅក្រមជំនាន់ទី១ ដល់ជំនាន់ទី៩ សរុបចំនួន ៥១០ នាក់ (នារី ៩២ នាក់, និងពិការដៃ ១នាក់),សិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី១ ចំនួន ៣២នាក់ (នារី ៥ នាក់ និងពិការជើង ១ នាក់),សិស្សក្រឡាបញ្ជីជំនាន់ទី១ ដល់ជំនាន់ទី៧ សរុបចំនួន ៦៥៤ នាក់ (នារី ១៨១ នាក់),សិស្សក្រឡាបញ្ជីផ្ទៃក្នុងជំនាន់ទី១ ដល់ជំនាន់ទី៣ សរុបចំនួន ៦៦ នាក់ (នារី ២៤ នាក់),សិស្សមន្ត្រីសុក្រឹតការក្រឡាបញ្ជីជំនាន់ទី១ ដល់ជំនាន់ទី៨ សរុបចំនួន ៦១៦នាក់ (នារី ១២៧ នាក់),សិស្សអាជ្ញាសាលាជំនាន់ទី១ ចំនួន ២៨ នាក់ (នារី ២នាក់) និង សិស្សសារការីជំនាន់ទី១ និងជំនាន់ទី២ សរុបចំនួន ៣៧ នាក់ (នារី ១៤ នាក់ និង​ពិការ​ជើង ១នាក់)។ ក្នុងចំណោមសិស្សវិជ្ជាជីវៈទាំង ១,៩៤៣នាក់ ដែលបានបញ្ចប់ការសិក្សានាពេល​កន្លង​មក មានតែសិស្សចៅក្រមជំនាន់ទី១ ចំនួន ៥៥នាក់ (នារី ៦នាក់) និងសិស្ស​មន្ត្រី​សុក្រឹត​ការក្រឡាបញ្ជីជំនាន់ទី១ ចំនួន ៥៣នាក់ (នារី ៧ នាក់) ប៉ុណ្ណោះ ដែលបាន​ទទួល​សញ្ញាបត្ររួច។


ដោយឡែកសិស្សវិជ្ជាជីវៈទាំងអស់ទាំងសិស្សចៅក្រម,ក្រឡាបញ្ជី,អាជ្ញាសាលានិង​សារការីដែលកំពុងសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាមានចំនួនសរុប ២៧០នាក់ (នារី ៨៧នាក់)។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា នៅមុនឆ្នាំ២០០២កម្ពុជាពុំមាន​សាលា​បណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនោះទេ។ នៅពេលនោះចៅក្រម, ព្រះរាជ​អា​ជ្ញា និងក្រឡាបញ្ជី ត្រូវបានជ្រើសចេញពីធនធានមនុស្ស​ដែលនៅរស់រាន​មានជីវិតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រួចបញ្ជូនទៅបណ្តុះបណ្តាលនៅក្រៅប្រទេសឬ​បំពាក់បំ ប៉នជំនាញរយៈពេលខ្លីមុននឹងត្រូវជ្រើសឱ្យចូលបំពេញការងារនៅ​តាមសាលា​ជម្រះក្តីនិងអយ្យការអមសាលាជម្រះក្តីនានា ។ដោយមានជំនួយកិច្ចសហប្រតិបត្តិការពីប្រ ទេសបារាំងក្រោមកម្មវិធី«ការគាំទ្រ​នីតិ​រដ្ឋ»ការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការបានចាប់ផ្តើមដំបូងនៅឆ្នាំ២០០២ តាមរយៈ​ការ​បង្កើតឱ្យមានជា «សាលាភូមិន្ទចៅក្រម» ដោយអនុក្រឹត្យចុះថ្ងៃទី៥ ខែកុម្ភៈឆ្នាំ​២០០២។ បន្ទាប់មកនៅឆ្នាំ២០០៥ ក្នុងក្របខណ្ឌកំណែទម្រង់ច្បាប់និងប្រព័ន្ធ​យុត្តិ​ធម៌របស់រាជរដ្ឋាភិបាលសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកតុលាការនេះក៏បានអភិ​វឌ្ឍ​ខ្លួនទៅជា«រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ»។ ចុងក្រោយនេះតាមរយៈព្រះរាជ​ក្រឹត្យលេខ នស/រកត/០៣២៣/៥២០ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។
«រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ»ត្រូវបានប្តូរឈ្មោះមកជា«បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា»ដែលជាផ្នែកមួយនៃការកែទម្រង់ស្ថាប័នបណ្តុះបណ្តាលវិជ្ជា ជីវៈផ្នែកច្បាប់និងតុលាការ​របស់​កម្ពុជា។ ការផ្លាស់ប្តូរសំដៅ៖ ទី១ព.ង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម ព្រះ​រាជ​អាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី, ទី២. ពង្រីក​សក្តានុពល​ភាព​ នៃ​ស្ថា​ប័ន​នេះ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសរបស់​មន្ត្រីកាន់ការងារ​ច្បាប់​ផ្សេងទៀត ក្នុងវិស័យយុត្តិធម៌ ជាពិសេសមន្ត្រី ក្រសួងយុត្តិធម៌ មន្ត្រីរបស់អង្គភាព​រដ្ឋ​បាលតុលាការនិងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតនិង ទី៣.លើកកម្ពស់សមត្ថភាព​ផ្នែក​សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយនូវស្នាដៃផ្សេងៗ ដែលជាឧត្តមប្រយោជន៍​ដល់វិស័យ​ច្បាប់ និងយុត្តិធម៌នៅកម្ពុជា។


លោក កើត រិទ្ធ បានឱ្យដឹងទៀតថាបច្ចុប្បន្ននេះបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាគឺជា​គ្រឹះស្ថាន​បណ្តុះបណ្តាលសាធារណៈ ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រសួងយុត្តិ​ធម៌ និងដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយហើយមានរចនាសម្ព័ន្ធចំណុះរួមមាន៖ សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា, សាលាភូមិន្ទក្រឡាបញ្ជី, សាលាភូមិន្ទ​អាជ្ញា​សាលា, សាលាភូមិន្ទសារការី, សាលាច្បាប់និងអគ្គលេខាធិការដ្ឋានព្រមទាំងមាន​ក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងគរុកោសល្យមួយជាសេនាធិការ។
ដោយឡែកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីដែលជាស្ថាប័នបណ្តុះ​បណ្តាល​វិជ្ជាជីវៈមេធាវីក្រោមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក៏ស្ថិតនៅក្រោមអាណា​ព្យាបា លផ្នែករដ្ឋបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ ។ បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិ​ធម៌កម្ពុជា មានថ្នាក់ដឹកនាំ,មន្ត្រីរាជការ, មន្ត្រីជាប់កិច្ចសន្យានិងគ្រូបណ្តុះ​បណ្តា​ល ដែលកំពុងបម្រើការងារសរុបចំនួន ១២១នាក់(នារី ២៦ នាក់)ក្នុងនោះគ្រូ​បណ្តុះ​បណ្តាលមានចំនួន៥០នាក់(នារី ៩នាក់)ដែលសុទ្ធសឹងជាឥស្សរជនដែល​ជាចៅ​ក្រមជាព្រះ រាជអាជ្ញា និងជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ដែលមានចំណេះដឹងនិងបទ​ពិសោ​ធ​ន៍​ខ្ពស់ក្នុងវិស័យច្បាប់និងយុត្តិធម៌។
លោក កើត រិទ្ធ បានឱ្យដឹងទៀតថាទន្ទឹមនឹងការបណ្តុះបណ្តាលដំបូង, បណ្ឌិត្យសភា​ភូមិន្ទយុត្តិធម៌កម្ពុជា ក៏បានអនុវត្តផងដែរ​នូវកម្មវិធី បណ្តុះបណ្តាលបន្តដល់ចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អាជ្ញាសាលា និងសារការី ព្រមទាំងមន្ត្រីអនុវត្តច្បាប់​ផ្សេង​ទៀត តាមរយៈកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី, សិក្ខាសាលា និងបទបឋកថានានា សំដៅបន្តពង្រឹង និងលើកកម្ពស់ជាប់ជាប្រចាំ នូវសមត្ថភាពនៃមន្រ្តីវិជ្ជាជីវៈច្បាប់ និង​តុលាការ ឱ្យឆ្លើយតបបានទៅនឹងការវិវត្តរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ និង​វិស័យច្បាប់។ទន្ទឹមនេះបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក៏បាននិងកំពុងធ្វើការកែ​ទម្រង់​ផ្ទៃក្នុងរបស់ខ្លួន ទាំងលើយន្តការដឹកនាំ ទាំងលើកម្មវិធីសិក្សារបស់​សាលា វិជ្ជាជីវៈ​នី​មួយៗ ទាំងលើការលើកកម្ពស់សមត្ថភាពរបស់គ្រូបង្គោលផ្នែកព្រហ្មទណ្ឌនិងផ្នែក​រដ្ឋ​ប្បវេណី ព្រមទាំងគ្រូបង្គោលពាក់ព័ន្ធជំនាញពិសេសផ្សេងៗទៀត។
បច្ចុប្បន្នប្រទេស​ជប៉ុនតាមរយៈអង្គការ JICA បាននិងកំពុងជួយបណ្ឌិត្យ​សភាភូមិន្ទ​យុត្តិធម៌កម្ពុជាក្នុងការបណ្តុះបណ្តាលគ្រូបង្រ្គោលផ្នែករដ្ឋប្បវេណី, ហើយខាងសាលា កំពុងស្វែងរកដៃគូសហការបន្ថែមទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ សំដៅលើក​កម្ពស់​សមត្ថភាពនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំ​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈច្បាប់ និងតុលាការ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
កន្លង​មកក្នុងការអនុវត្តបេសកកម្មរបស់ខ្លួនបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាក៏ទទួល​បាននូវកិច្ចសហប្រតិបត្តិការពីដៃគូមួយចំនួនរួមមាន៖ បារាំង,ជប៉ុន,អង់គ្លេស ,សហរដ្ឋអាមេរិក, សាធារណរដ្ឋកូរ៉េ, អាល្លឺម៉ង់, អូស្ត្រាលី, ស៊ុយអែត,ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន JICA,កម្មវិធីអូស្ត្រាលី-អាស៊ីដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរ មនុស្ស (AAPTIP),អង្គការបេសកកម្មអន្តរជាតិ IJM,កម្មវិធីអាស៊ាន-អូស្ត្រាលីដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស (ASEAN-ACT)និងធនាគារអភិវឌ្ឍន៍ អាស៊ី(ADB) ជាដើម ៕សរន