ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មហាសេដ្ឋីបច្ចេកវិជ្ជាលោកអេឡុន ម៉ាសបាននិយាយកាលពីថ្ងៃចន្ទថាក្រុមមន្ត្រីកំពូលរបស់ចិនបានប្រាប់លោកអំពីផែនការដាក់ចេញបទប្បញ្ញត្តិថ្មីស្តីពីបញ្ញាសិប្បនិមិត្ត (AI)ក្នុងការធ្វើដំណើរនាពេលថ្មីៗនេះទៅកាន់ប្រទេសយក្សអាស៊ីនេះ ។
ម្ចាស់ក្រុមហ៊ុន Twitter និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla ដែលមានជាងគេបំផុតរបស់ពិភពលោករូបនេះ បានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់នៅទីក្រុងប៉េកាំងនិងបុគ្គលិកនៅទីក្រុងសៀងហៃកាលពីសប្តាហ៍មុន។
លោកម៉ាសបាននិយាយថា “អ្វីដែលគួរកត់សម្គាល់នោះគឺថា ក្នុងដំណើរថ្មីៗនេះរបស់ខ្ញុំទៅកាន់ប្រទេសចិនជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៅទីនោះ ខ្ញុំគិតថាយើងមានការពិភាក្សាប្រកបដោយផលិតភាពមួយចំនួនអំពីហានិភ័យនៃបញ្ញាសិប្បនិម្មិតនិងតម្រូវការសម្រាប់ការត្រួតពិនិត្យ ឬបទប្បញ្ញត្តិមួយចំនួន”។
“ហើយការយល់ដឹងរបស់ខ្ញុំពីការសន្ទនាទាំងនោះគឺថាចិននឹងចាប់ផ្តើមបទប្បញ្ញត្តិ AI នៅក្នុងប្រទេសចិន”។
លោកម៉ាសមិនបានរៀបរាប់លម្អិតអំពីការពិភាក្សារបស់គាត់នៅក្នុងប្រទេសចិនទេ ប៉ុន្តែទំនងជាសំដៅទៅលើសេចក្តីព្រាងច្បាប់គ្រប់ជ្រុងជ្រោយមួយ ដែលតម្រូវឱ្យផលិតផល AIថ្មីត្រូវឆ្លងកាត់ការវាយតម្លៃសុវត្ថិភាពមុនបញ្ចេញនិងដំណើរការ ដែលធានាថា ពួកវាឆ្លុះបញ្ចាំងពី “តម្លៃសង្គមជាស្នូល”។
អនុក្រឹត្យស្តីពី “វិធានការរដ្ឋបាលសម្រាប់សេវាបញ្ញាសិប្បនិមិត្ត” គឺហាមឃាត់ខ្លឹមសារផ្សព្វផ្សាយអំពី “ការឃោសនាភេរវករឬអំពើជ្រុលនិយម” “ការស្អប់ខ្ពើមជាតិសាសន៍” ឬ “ខ្លឹមសារផ្សេងទៀតដែលអាចរំខានដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងសង្គម”៕
លោកម៉ាសជួបរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង ក្នុងក្រុងប៉េកាំងថ្មីៗនេះ