ដោយៈ សុផល / កំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៥ ខ្សែ ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ប្រមាណជិត ៨០០ នាក់ផងដែរ។
ជាកិច្ចចាប់ផ្ដើម លោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ បានធ្វើរបាយ ការណ៍ស្វាគមន៍ និងបង្ហាញពីសមិទ្ធផល ដែលសម្រេចបាន ក្នុងឃុំត្រពាំងគង ក៏ដូចជាថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង ស្ថាបនាផ្លូវតភ្ជាប់ផ្លូវ ក្នុងភូមិ ដែលបានផ្ដល់ភាពងាយស្រួល ជូនប្រជាពលរដ្ឋធ្វើដំណើរ។
ថ្លែងក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ សំណេះសំណាល និងថ្លែងអំណរគុណ ចំពោះអាជ្ញាធរមូលដ្ឋាន ដែលតែងតែយកចិត្តទុកដាក់ ចំពោះបញ្ហា និងសិក្សាស្វែងរកដំណោះស្រាយ ក្នុងមូលដ្ឋាន ដើម្បីធានាឱ្យបាននូវសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ។ លោកក៏បានចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងគង ដែលទទួលបានសមិទ្ធផល នាពេលនេះ។
ផ្សារភ្ជាប់ជាមួយពិធីសម្ពោធ នាព្រឹកនេះ លោកបានរំលេចពីការចូលរួមគាំទ្រ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដោយលោក បានលើកឡើងថាៈ «ពេលគាត់ឈ្នះ យើងនៅជាមួយគាត់ តែពេលគាត់ចាញ់ យើងចាំបាច់ត្រូវតែនៅ ជាមួយគាត់» ។ លោកបានគូសបញ្ជាក់ថាៈ ការដែលនៅជាមួយពួកគាត់ ជាមួយនឹង ការគាំទ្រ គឺជាកម្លាំងចិត្តដ៏ធំធេងបំផុតរបស់អត្តពលិកពិការ ដែលចូលរួមប្រកួត បើទោះបីពួកគាត់ពិការ ប៉ុន្តែស្មារតី និងឆន្ទៈ ក្នុងវិស័យកីឡា ពួកគាត់មានខ្ពស់បំផុត ចំពោះការប្រកួតតំណាងជាតិ។
លោកក៏បានអំពាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ឱ្យបន្តយកចិត្តទុកដាក់ ចំពោះសុខភាពផ្ទាល់ខ្លួន ជាពិសេកូវីដ ១៩ ដែលបន្តមានវត្តមាន ក្នុងព្រះរាជាណាចក្រកម្ពុជា៕ V / N