​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​អាម៉េរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​ចោទប្រកាន់​ក្រុមហ៊ុន​រូបិយប័ណ្ណ​អេឡិចត្រូនិក​យក្ស Binance ពី​បទ​រំលោភ​ច្បាប់​មូល​ប​ត្រ​ដែល​រួម​គ្នា​ទៅ​ស្មើនឹង​​អ្វី​ដែល​គេ​ហៅថា “​បណ្តាញ​បោក​បញ្ឆោត​ទូលំទូលាយ​” និង “​ការ​គេចវេស​ពី​ច្បាប់​ដោយ​ចេតនា​”​។​

​ក្រុមហ៊ុន Binance ត្រូវបាន​ចោទប្រកាន់​ថា​បានអនុញ្ញាត​ឱ្យ​ប្រជាជន​អាម៉េរិក​ធ្វើ​ពាណិជ្ជកម្ម ទោះបីជា​វេទិកា​នេះ​មិន​ត្រូវបាន​ចុះបញ្ជី​នៅ​ក្នុង​សហរដ្ឋ​អាម៉េរិក​ជា​ផ្សារ​មូល​ប​ត្រ​មួយ​ក៏ដោយ​។ បណ្តឹង​នេះ​ក៏​ចោទប្រកាន់​ក្រុមហ៊ុន Binance ថា​បាន​ប្រើប្រាស់​មូលនិធិ​អតិថិជន​ខុស​ផងដែរ​។​

​គណៈកម្មការ​មូលបត្រ (SEC)​បាន​ដាក់​ពាក្យ​បណ្ដឹងរដ្ឋប្បវេណី​មួយ ដោយ​រាយ​នាម​ការចោទប្រកាន់​ចំនួន ១៣ ពាក់ព័ន្ធ​នឹង​វេទិកា និង​អង្គភាព​វិនិយោគ​ផ្សេងទៀត ដែល​គ្រប់គ្រង​ដោយ​ស្ថាបនិក​លោក ចាង​ផឹង ចា​វ (Changpeng Zhao) ដែល​ធ្លាប់​ជា​គូ​ប្រជែង​របស់​មហាសេដ្ឋី​គ្រីប​តូ​អាប់​យស លោក សាម ប៊ែង​មែន ហ្វ្រា​យ (Sam Bankman-Fried)​។​

​បណ្តឹង​របស់ SEC​បាន​កើត​ឡើង​ក្រោយ​មាន​ការចោទប្រកាន់​ក្នុង​ខែ​មីនា​ដោយ​និយតករ​អាម៉េរិក​មួយ​ផ្សេង​ទៀត​គឺ គណៈកម្មការ​អនាគត​ទំនិញប្រើប្រាស់​និង​មូលបត្រ​។​

SEC​បាន​និយាយថា លោក​ចាវ និង Binance បាន​អះអាង​ជា​សាធារណៈ​ថា អតិថិជន​អាម៉េរិក​ត្រូវ​បាន​រារាំង​មិនឱ្យ​ធ្វើ​ប្រតិបត្តិការ​នៅលើ​វេបសាយ Binance.com ទេ​ប៉ុន្តែ​វេទិកា​នេះ​បាន​​អនុញ្ញាត​ឱ្យ​អតិថិជន​មាន​តម្លៃ​ខ្ពស់​រក្សា​ការជួញដូរ “​ស្ងាត់ៗ​”​។​

​លោក​ចាវ​បាន​អះអាង​ថា Binance.US មាន​ឯករាជ្យ​ពី Binance ប៉ុន្តែ​ត្រូវបាន “​គ្រប់គ្រង​ដោយ​សម្ងាត់​” ដោយ Binance “​នៅ​ពីក្រោយ​ឆាក​” នេះ​បើ​យោងតាម​ពាក្យបណ្តឹង​។​

​ទីភ្នាក់ងារ​នេះ​ក៏​បាន​ចោទប្រកាន់​ដែរ​ថា លោក​ចាវ និង Binance “​បាន​បញ្ជូលគ្នា​” នូវ​ទ្រព្យសកម្ម​របស់​អតិថិជន រួមទាំង​អង្គភាព​គ្រប់គ្រង​ដោយ​លោក​ចាវ​មួយ​ផ្សេង​ទៀត​គឺ Signa Chain ដែល “​បាន​ចូលរួម​ក្នុង​ការជួញដូរ​បោក​បញ្ឆោត ដែល​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​វេទិកា​នេះ​កើនឡើង​ដោយ​សិប្បនិម្មិត​”​។​

​ប្រធាន SEC លោក ហ្គារី ជេន​ស្លឺ (Gary Gensler) បាន​និយាយថា “​តាមរយៈ​ការចោទប្រកាន់​ចំនួន​១៣ យើង​បាន​ចោទប្រកាន់ថា លោក​ចាវ​និង​អង្គភាព​របស់ Binance​បាន​ចូលរួម​​ក្នុង​បណ្តាញ​បោកប្រាស់​យ៉ាង​ទូលំទូលាយ ទំនាស់​ផលប្រយោជន៍ កង្វះ​ការ​លាតត្រដាង និង ការ​គេចវេស​ពី​ច្បាប់​ដោយ​ចេតនា​”​។​

“​លោក​ចាវ និង Binance បាន​បំភ័ន្ត​វិនិយោគិន​អំពី​ការគ្រប់គ្រង​ហានិភ័យ​របស់​ពួកគេ​និង​បរិមាណ​ជួញដូរ​ដែល​ខូច ខណៈ​លាក់បាំង​អ្នក​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​វេទិកា​នេះ​យ៉ាង​សកម្ម ព្រមទាំង​ការជួញដូរ​បោកប្រាស់​នៃ​ក្រុមហ៊ុន​ផលិត​ទីផ្សារ​ពាក់ព័ន្ធរ​បស់​ខ្លួន និង សូម្បី​ទីកន្លែង និង​អ្នក ដែល​វិនិយោគិន​និង​ទ្រព្យសកម្ម​គ្រីប​តូ​ផ្តល់​មូលនិធិ​ឱ្យ​”​។​

​លោក​ចាវ​បាន​និយាយ​លើ Twitter ថា “​ក្រុមការងារ​របស់ Binance ទាំងអស់​កំពុង​ប្រចាំការ ដោយ​ធានា​ឱ្យ​ប្រព័ន្ធ​មាន​ស្ថិរភាព រួម​ទាំង​ការដក​ប្រាក់​និង​ការ​ដាក់​ប្រាក់​”​។​

“​យើង​នឹង​ចេញ​ការឆ្លើយតប​នៅពេលណា​ដែល​យើង​បានឃើញ​ពាក្យបណ្តឹង​។ មិនទាន់​បាន​ឃើញ​វា​នៅឡើយ​ទេ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទទួលបាន​ព័ត៌មាន​មុន​ពេល​យើង​ទទួលបាន​ទៅ​ទៀត​”​។​

​ដំណឹង​នៃ​ករណីនេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​តម្លៃ​លុយ Bitcoin ដែល​បាន​ធ្លាក់ចុះ​ប្រហែល​ពីរ​ភាគរយ​បន្ទាប់ពី​មាន​ចំណងជើង​នៃ​ការចោទប្រកាន់​នេះ​៕

​គណៈកម្មការ​មូលបត្រ​អាម៉េរិក​ចោទ​ប្រកាន់​ចំនួន ១៣ ករណី​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន Binance និង​អង្គភាព​វិនិយោគ​ផ្សេងទៀត ដែល​គ្រប់គ្រង​ដោយ​ស្ថាបនិក​លោក ចាង​ផឹង ចា​វ