ដោយៈដេប៉ូ/ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុនឬ ចៃកា(JICA)ប្រចាំកម្ពុជាបានបង្ហាញគោលជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដើម្បីចូលរួមចំណែកលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជានិងបន្តធ្វើការយ៉ាងស្អិតរមួតជាមួយមន្ត្រីបច្ចេកទេសរបស់ក.ប.ទ.ជាពិសេសលើវិស័យសន្តិសុខសាយប័រ ដែលទីភ្នាក់ងារ ចៃកា បានត្រៀមអ្នកជំនាញការរួចជាស្រេចដើម្បីបណ្តុះបណ្តាលដល់មន្ត្រីជំនាញរបស់ ក.ប.ទ. និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

ការបញ្ជាក់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៣ នៅក្នុងឱកាសដែល លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក សាណូអ៊ី កាហ្សូម៉ាសា(Sanui Kazumasa) ប្រធានតំណាងថ្មីនៃ ទីភ្នាក់ងារ ចៃកាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

នាឱកាសនេះដែរលោក សាណូអ៊ី កាហ្សូម៉ាសា ក៏បានកោត សរសើរ ទៅលើកិច្ចខិតខំ ស្នាដៃ និងសមិទ្ធផលរបស់ ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ដែលសម្រេចនាពេល កន្លងមកផងដែរ។

ជាការឆ្លើយតបលោករដ្ឋមន្ត្រី ជា វ៉ាន់ដេតក៏បានថ្លែងអំណរគុណ ចំពោះឆន្ទៈរបស់ទីភ្នាក់ងារចៃកាក្នុងការចូលរួមអភិវឌ្ឍ ធនធានមនុស្សរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធលើផ្នែក សន្តិសុខសាយប័រ និងសំណូមពរដល់ទីភ្នាក់ងារចៃកា ពិនិត្យលទ្ធភាពក្នុងជួយគាំទ្រលើផ្នែកផ្សេងៗទៀតផងដែរ៕សរន / N