​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Apple កំពុង​ធ្វើ​ការផ្លាស់ប្តូរ​តូច​មួយ​ប៉ុន្តែ​ពិតជា​អស្ចារ្យ​ខ្លាំង​មែនទែន​ចំពោះ Siri​នៅក្នុង iOS 17 ថ្មី ដែល​អ្នកប្រើប្រាស់​អាច​ទម្លាក់ពាក្យ “Hey” ហើយ​គ្រាន់តែ​និយាយថា “Siri” ប៉ុណ្ណោះ ដើម្បី​ដំណើរការ​ជំនួយការ​និម្មិត​។​

​ការផ្លាស់ប្តូរ​នេះ​គឺជា​លក្ខណៈ​ពិសេស​ដែល​ចង់បាន​បំផុត​របស់​អ្នកគាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ហើយ​វា​ហាក់ដូចជា Apple ទីបំផុត​បាន​ស្តាប់​ការទាមទារ​របស់​ពួកគេ​ហើយ​។​

​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ក៏​នឹង​ឃើញ​កម្មវិធី​ថ្មីៗ​ផ្តោត​លើ​សុខភាព​ផ្លូវកា​យ​និង​ផ្លូវចិត្ត​របស់​អ្នក រួមជាមួយ​នឹង​ផ្ទាំង​រូបភាព​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ ដែល​បង្ហាញ​រូបថត ឬ Emoji របស់​ពួកគេ​ទៅកាន់​អ្នកទទួលការ​ហៅ​ទូរស័ព្ទ​។​

​មុខងារ​សារ​ជា​សំឡេង​ផ្ទាល់​ក៏​ចម្លង​សារ​ដោយ​ផ្ទាល់​នៅ​លើ​អេក្រង់​ផងដែរ ដោយ​អនុញ្ញាត​ឱ្យ​អ្នក​មិន​ចាំបាច់​អើពើ​ឬ​ឆ្លើយតប​ទៅ​នឹង​ការហៅ​ទូរស័ព្ទ​។​

​ក្រុមហ៊ុន Apple បាន​និយាយថា ព្រឹត្តិការណ៍ WWDC ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​នៅ Apple Park ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា នឹង​ក្លាយជា “​សប្តាហ៍​នៃ​បច្ចេកវិជ្ជា​ដ៏​អស្ចារ្យ​”​។​

​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ដោយ​ក្រុមហ៊ុន Apple តាំងពី​ឆ្នាំ ១៩៨៣ ទោះបីជា​ដំបូង​វា​មិន​មាន​បំណង​សម្រាប់​ការប្រកាស​ឧបករណ៍​ថ្មីៗ​ក៏ដោយ​។​

​វា​គ្រាន់តែ​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ​ដែល Apple បាន​ប្រើ​សន្និសីទ​នេះ​ជា​កន្លែង​បើក​ដំណើរការ​ដ៏​សំខាន់​សម្រាប់​ឧបករណ៍​ថ្មីៗ រួម​ទាំង​ឧបករណ៍​បំពង​សំឡេង HomePod ក្នុង​ឆ្នាំ ២០០៧ និង iPhone 4 ក្នុង​ឆ្នាំ ២០១០​។​

​ជាក់ស្តែង ព្រឹត្តិការណ៍​សំខាន់​នៅក្នុង​ប្រក្រតិទិន​សម្រាប់​អ្នកគាំទ្រ Apple គឺ​ធ្វើឡើង​នៅក្នុង​ពីរ​សប្តាហ៍​ដំបូង​នៃ​ខែ​កញ្ញា នៅពេល​ដែល​ក្រុមហ៊ុន​ប្រកាស iPhone ថ្មី​របស់​ខ្លួន បើទោះបីជា​ព្រឹត្តិការណ៍ WWDC អាច​មាន​ទំហំ​ធំ​ជាង​មុន​នៅ​ឆ្នាំ​នេះ​ក៏​ដោយ​។​

​ទោះយ៉ាងណា យោង​តាម​អ្នកជំនាញ​ម្នាក់ នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​ត្រូវគេ​រំពឹងថា​នឹង​ប្រកាស​ឧបករណ៍​ថ្មី ដែល​អាច “​ជំនួស iPhone” ក្នុងពេល​ឆាប់ៗ នោះ​គឺ វ៉ែនតា AR/VR ដែល​លេច​ឮ​តែ​ពាក្យ​ចចាមអារ៉ាម​ជា​យូរ​មក​ហើយ​៕

​សារ​ជា​សំឡេង​អាច​បញ្ជូន​រូបភាព​របស់​អ្នក​ទៅ​កាន់​អ្នកទទួល​នៅ​លើ iOS 17 ថ្មី