​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្មេងស្រី​អាយុ ១៣ ឆ្នាំ​ម្នាក់​នៅក្នុង​ប្រទេស​ចិន ដែល​ញៀន​នឹង​ហ្គេម​ទូរស័ព្ទ បាន​លួច​កាត​ឥណ​ពន្ធ​របស់​ម្តាយ​នាង ហើយ​បាន​ចំណាយ​ប្រាក់ ៤៤៩.៥០០ យ័ន (​ជាង ៦៣.០០០ ដុល្លារ​) លើ​កម្មវិធី​ហ្គេម​ក្នុង​រយៈពេល​បួន​ខែ​។​

​ស្ត្រី​ជា​ម្តាយ ដែល​ចង់ឱ្យ​គេ​ស្គាល់​ត្រឹមតែ​ឈ្មោះ វ៉ាង បាន​ប្រទះឃើញ​ចោរលួច​លុយ នៅពេល​ដែល​លោកស្រី​ទទួល​ទូរស័ព្ទ​ពី​គ្រូ​អនុវិទ្យាល័យ​របស់​កូនស្រី​គាត់​ដែល​កត់សម្គាល់​ឃើញ​ក្មេង​ស្រី​នេះ​កំពុង​​ចំណាយ​ពេល​ច្រើន​ឡើង​នៅលើ​ទូរស័ព្ទដៃ​របស់​នាង​។​

​សារព័ត៌មាន​ចិន Elephant News បាន​រាយការណ៍​ថា លោកស្រី​វ៉ាង​ពិតជា​តក់ស្លុត​ដែល​រកឃើញ​ថា នៅ​សល់​លុយ​តែ ០,៥ យ័ន​នៅក្នុង​គណនី​ធនាគារ​របស់​លោកស្រី​ដោយសារតែ​ការចំណាយ​របស់​​កូនស្រី​គាត់​។​

​នៅក្នុង​វីដេអូ​ដ៏​ល្បី​មួយ​ដែល​បង្ហោះ​ជាមួយនឹង​របាយការណ៍​ព័ត៌មាន​នោះ លោកស្រី​វ៉ាង​មកពី​ខេត្ត​ហឺ​ណាន ភាគ​កណ្តាល​ប្រទេស​ចិន ត្រូវ​គេ​ឃើញ​អង្គុយ​យំ​ខណៈ​លោកស្រី​រៀបរាប់​ពី​ភាព​តក់ស្លុត​ដែល​​លោកស្រី​ជួប នៅពេល​បាន​ឃើញ​ទំព័រ​ជាច្រើន​នៃប្រតិបត្តិ​ការទូទាត់​ត្រូវបាន​ធ្វើឡើង​។​

​លោកស្រី​បាន​និយាយថា “​ខ្ញុំ​ចង់​តែ​បោក​ក្បាល​នឹង​ដី ពេល​ខ្ញុំ​ដឹងថា​មាន​អ្វី​កើតឡើង​។ តើ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​អាចធ្វើ​រឿង​បែបនេះ​ដោយ​របៀប​ណា​?”​។​

​នៅ​ពេល​ឪពុក​របស់​ក្មេងស្រី​សួរដេញដោល​នាង​អំពី​ការចំណាយ នាង​បាន​សារភាព​ថា​បាន​ចំណាយ​ប្រាក់ ១២០.០០០ យ័ន​លើ​ហ្គេម ២១០.០០០ យ័ន​លើ​ការទិញ​ផ្សេងៗ​ក្នុង​ហ្គេម និង ១០០.០០០ យ័ន​ទៀត​ទិញ​ហ្គេម​ឱ្យ​មិត្ត​រួម​ថ្នាក់​របស់​នាង​យ៉ាងហោច ១០ នាក់​។​

​ក្មេងស្រី​នោះ​បាន​និយាយ​នៅក្នុង​វីដេអូ​ថា នាង​ស្ទាក់ស្ទើរ​ក្នុង​ការបង់ថ្លៃ​ឱ្យ​មិត្ត​រួម​ថ្នាក់​របស់​នាង ប៉ុន្តែ​បាន​ចុះចាញ់ ពេល​ពួកគេ​បន្ត​តាម​រំខាន​នាង​៕

​លុយ​សន្សំ​របស់​គ្រួសារ​លោក​ស្រី​វ៉ាង​នៅសល់ ០,៥ យ័ន ក្រោយ​កូនស្រី​លួច​អស់​ជាង​៦​ម៉ឺន​ដុល្លារ​ទៅ​ទិញ​ហ្គេម