ដោយៈ ប.ខុន / ភ្នំពេញៈ លូស្បៃមុងចំនួន ១៤ មាត់ របាំងស្បៃមុង ប្រវែង ១.១០០ ម៉ែត្រ បង្គោលចំរឹង ចំនួន ៣៦០ ដើម ត្រូវបានរុះរើ និង បំផ្លាញចោល ដោយរដ្ឋបាល ជលផលព្រៃវែង នៅក្នុងពេល ចុះស្រាវជ្រាវ ពិនិត្យ និងទប់ស្កាត់ បទល្មើសជលផល។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ថាៈ  ក្រុមការងារផ្នែករដ្ឋបាលស្ទឹងស្លូត និងសហគមន៍ បឹងស្នេហ៍ធាយ នៅថ្ងៃទី៦ ខែមិថុនា បានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងទប់ស្កាត់ បង្ក្រាបបទល្មើសជលផល បានមួយករណី នៅចំណុចអូររម្លង ភូមិកំពង់ស្លែង ឃុំធាយ ស្រុកបាភ្នំ ពីបទនេសាទប្រើឧបករណ៍ស្បៃមុង។

នាយខណ្ឌរដ្ឋបាលជលផល ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ វត្ថុតាងដែលបាន រកឃើញ រួមមាន លូស្បៃមុង ចំនួន ១៤មាត់ របាំងស្បៃមុងប្រវែង១.១០០ម៉ែត្រ បង្គោលចំរឹង ចំនួន ៣៦០ ដើម ត្រូវបានរុះរើបំផ្លាញចោល និងបានចាក់លែងកូនត្រី ចម្រុះ ទម្ងន់ ១៥ គីឡូក្រាម ចូលទៅបឹងធម្មជាតិវិញ។ ការបង្ក្រាបនេះ រកជនសង្ស័យ ជាអ្នកបង្កបទល្មើស មិនឃើញទេ ដោយសារជាឧបករណ៍ គេដាក់ចោល​។ V / N