ដោយៈ ដេប៉ូ / ភ្នំពេញ៖ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ បានរួមគ្នារៀបចំវេទិកា ស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ការរៀបចំសហគមន៍ តំបន់ការពារធម្មជាតិ នៅតំបន់អារ៉ែង» និង «ពង្រឹងសេវាកម្ម និងផលិតផល សហគមន៍ ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង» នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងបរិស្ថាន។

ថ្លែងក្នុងពិធីនេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថាៈ តំបន់ការពារធម្មជាតិ គឺជាសសរកន្លោង (សសរទ្រូង) ទ្រទ្រង់សហគមន៍។

ក្នុងពិធីនេះ លោក រដ្ឋមន្រ្តី បានថ្លែងដោយបញ្ជាក់នូវទស្សនៈវិស័យសំខាន់ៗ និងពីសារៈសំខាន់នៃការបង្កើត តំបន់សហគមន៍ តំបន់ការពារធម្មជាតិ នៅតាមតំបន់ ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជា គឺដើម្បីចូលរួមអភិរក្សជីវៈចម្រុះ ដែលនៅសល់ឱ្យ បានគង់វង្ស។ ការរក្សាឱ្យបានគង់វង្សនូវធនធានជីវៈចម្រុះ គឺជាការរក្សាជីវិតលើផែនដី រក្សាលំនឹងនិងសេវាកម្មប្រព័ន្ធអេកូឡូស៊ី លើកកម្ពស់ទេសចរណ៍ធម្មជាតិ ដែលទាំងនេះ សម្រេចទៅបាន ស្របគ្នានឹងការលើកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន ឱ្យកាន់តែប្រសើរ។

លោក រដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការបង្កើតសហគមន៍ គឺដើម្បីរៀនធ្វើការ ជាមួយគ្នា រៀនចុះសម្រុងគ្នា មូលមតិគ្នា ក្នុងការពារធនធានធម្មជាតិ និងដកហូត ផលអនុផលព្រៃឈើ ដោយរបៀបណា ដើម្បីរក្សាបាន នូវនិរន្តរភាពបរិស្ថាន។

ជាមួយគ្នានេះដែរ លោក រដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះៗ ដល់សហគមន៍ គឺត្រូវក្ដាប់ឱ្យបានពីគោលបំណង របស់ក្រសួងបរិស្ថាន ក្នុងការបង្កើតសហគមន៍តំបន់ ការពារធម្មជាតិ គឺដើម្បី៖ បង្កើតភាពស្របច្បាប់ក្នុងការចងក្រងជាសហគមន៍ បំពេញនូវសេចក្ដីត្រូវការ (ទឹក ផ្លូវ ភ្លើង សាលារៀន មន្ទីរពេទ្យ) លើកកម្ពស់ជីវភាព (លំនៅដ្ឋាន ម្ហូបអាហារ ប្រាក់ចំណូលសមរម្យ) លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន (នៅមូលដ្ឋានមានអ្វីខ្លះ យកចិត្តទុកដាក់លើការនាំចេញនៅហ្នឹងកន្លែង) និងលើកកម្ពស់ទេសចរណ៍ផ្សាភ្ជាប់ទឹកដី (ផ្តល់ជូនភ្ញៀវទេសចរណ៍នូវ អាហារក្នុងតំបន់ សេវាកម្ម និងផលិតផល កន្លែងស្នាក់នៅ បន្ទប់ទឹកស្អាត)។

គួរបញ្ជាក់ថា ការរៀបចំបង្កើតសហគមន៍ តំបន់ការពារធម្មជាតិ និងគម្រោងអភិវឌ្ឍន៍ ពាក់ព័ន្ធ គឺជាយុទ្ធសាស្រ្តក្រវាត់បៃតង ដើម្បីការពារតំបន់ស្នូល និងតំបន់អភិរក្ស នៃតំបន់ការពារធម្មជាតិ និងការកែច្នៃ សក្ដានុពលធនធានធម្មជាតិ សំដៅលើកកម្ពស់ សេដ្ឋកិច្ចជាតិ និងមូលដ្ឋាន ប្រកបដោយចីរភាព ជាពិសេសធានាបាននូវតុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្ស និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។ តំបន់ស្ទឹងអារ៉ែង ដែលត្រូវបង្កើតជាសហគមន៍ តំបន់ការពារធម្មជាតិ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ សម្បូរទៅដោយសក្ដានុពលធម្មជាតិទាក់ទាញ រួមមាន ទឹកជ្រោះ ទឹកធ្លាក់ ដងអូរ ព្រៃស្រោង សត្វព្រៃកម្រៗ ដូចជាដំរី ស្វា ក្រពើភ្នំ និងត្រីនាគ ជាដើម។ ក្រៅពីភាពទាក់ទាញ នៃធម្មជាតិ នៅតំបន់អារ៉ែង រួមមាន រូងភ្នំបុរាណ ផ្នូរសព្វបុរាណ ក្រឡបុរាណ និងតំបន់ទាក់ទាញសកម្មភាពទេសចរណ៍ផ្សេងៗទៀត ដូចជា កន្លែងជិះកង់ ជិះរទេះគោ ហែលទឹក ឡើងភ្នំ មើលសត្វស្លាប បោះជំរុំ អុំទូកកាយ៉ាក ព្រមទាំងតំបំបន់ទេសភាពធម្មជាតិ ទាក់ទាញផ្សេងៗទៀត ប្រមាណ ៦០ កន្លែង៕/V