​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ការ​ប្រណាំងសេះ​អាយុកាល​ជាង ១៨០ ឆ្នាំ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​នឹង​ឈាន​ដល់​ទីបញ្ចប់​ដោយ​ទីលានប្រណាំង​តែមួយគត់​របស់​រដ្ឋ​បុរី​នេះ​នឹង​ត្រូវ​បិទ​​ហើយ​ត្រូវ​អភិវឌ្ឍ​ឡើងវិញ​សម្រាប់​លំនៅឋាន​។​

​ក្លិប​ប្រណាំងសេះ Singapore Turf (STC)​បាន​និយាយថា កម្មវិធី​ប្រណាំងសេះ​ចុងក្រោយ​គឺ Grand Singapore Gold Cup លើក​ទី ១០០ នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​តុលា ឆ្នាំក្រោយ​។​

​ក្លិប​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៨៤២ ដោយ​ពាណិជ្ជករ​ជនជាតិ​ស្កុត​ឡែន និង​អ្នក​ចូលចិត្ត​ប្រណាំងសេះ​ផ្សេងទៀត​។ ទីលានប្រណាំង​បច្ចុប្បន្ន​នៅ​ក្រាន់​ជី (Kranji) ត្រូវបាន​បើក​ក្នុង​ឆ្នាំ ២០០០ ដោយ​ជំនួស​ទីលាន​ចាស់ Bukit Timah​។​

​លោក នី​យ៉ាម ឆៀង ម៉េង (Niam Chiang Meng) ប្រធាន​ក្លិប STC បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា “​យើង​មាន​ការសោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការបិទ​ក្លិប​”​។​

​លោក​បាន​បន្ថែមថា “​ក្នុងពេល​ជាមួយគ្នា​នេះ យើង​យល់​ពី​តម្រូវការ​ដីធ្លី​របស់​សិង្ហ​បុរី រួម​ទាំង​លំនៅឋាន​និង​ការប្រើប្រាស់​សក្តានុពល​ផ្សេងទៀត ដូច​ជា​ការ​លំហែ និង​ការកម្សាន្ត​ជាដើម​”​។​

STC បាន​ទទួលស្គាល់ថា​ការចូលរួម​ទស្សនា​នៅ​ទីលាន​ប្រណាំងសេះ​បាន​ថយចុះ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ​។​

​ក្លិប​បាន​និយាយថា ម្ចាស់​សេះ​និង​គ្រូបង្វឹក​នឹង​ត្រូវ​បាន​ផ្តល់​ការគាំទ្រ​សម្រាប់​ការថែទាំ​និង​ការនាំ​ចេញ​សេះ​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក មាន​សេះ​ប្រណាំង​ប្រហែល ៧០០ ក្បាល​នៅ​ក្លិប​នេះ​។​

​ដី​នេះ​នឹង​ត្រូវ​ប្រគល់​ជូន​រដ្ឋាភិបាល​វិញ​ក្នុង​ឆ្នាំ ២០២៧ ហើយ​ផ្ទៃដី​ទំហំ ៣០០ ហិកតា នឹងត្រូវ​ប្រើប្រាស់​សម្រាប់​លំនៅឋាន រួម​ទាំង​លំនៅឋាន​សាធារណៈ​ផង​ដែរ​។​

​ក្រសួង​អភិវឌ្ឍន៍​ជាតិ​និង​ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា “​សិង្ហ​បុរី​គឺជា​រដ្ឋ​បុរី​ដែល​មាន​ដី​មាន​កម្រិត​។ រដ្ឋាភិបាល​បន្ត​ពិនិត្យ​ផែនការ​ប្រើប្រាស់​ដី​របស់​ខ្លួន​ដើម្បី​បំពេញ​តម្រូវការ​នាពេល​បច្ចុប្បន្ន ខណៈ​ធានាថា​មាន​ដី​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​”៕

​ក្លិប​ប្រណាំងសេះ STC នឹង​បិទ​ដើម្បី​យក​ដី​សង់​លំនៅឋាន