ដោយៈសុផល/ភ្នំពេញ៖អន្តរក្រសួងនិងតំណាងបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានពិភាក្សាការងារស្ដីពីវឌ្ឍនភាពនៃគម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ជំហាន១ និងជំហាន២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២៣។

ជំនួបពិភាក្សានេះ ដឹកនាំដោយលោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធនៃគម្រោង។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារគម្រោងលើកកម្រិត បណ្ដាញផ្លូវថ្នល់ជំហាន១ និងជំហាន២ និងសំណើការងារថ្មីសំដៅធ្វើឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង គម្រោងប្រកបដោយប្រសិទ្ធភាពការងារខ្ពស់។

សូមបញ្ជាក់ថា៖ គម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ជំហាន១ នឹងត្រូវបូកសរុបលទ្ធផលការងារជាមួយអង្គភាពអនុវត្តគម្រោងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ហើយបន្ទាប់មកនឹងចាប់ផ្ដើមគម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ជំហាន២បន្ថែមទៀត។ ដោយឡែក ក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែ មិថុនា ឆ្នំា២០២៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នំា២០២៣ ដើម្បីចុះពិនិត្យទីតាំងអាគារច្រកព្រំដែនជ្រៃធំនិងអគារច្រក ព្រំដែនបន្ទាយចក្រី ផ្លូវជាតិលេខ៦ពីទីរួមខេត្តសៀមរាប-បន្ទាយមានជ័យ ពិភាក្សាពី ដំណាក់កាលដំបូងនៃគម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ជំហាន២ និងចុះពិនិត្យផ្លូវជាតិលេខ១ ពីអ្នកលឿងទៅបាវិតផងដែរ៕/R