ដោយៈយោធិន/កំពង់ស្ពឺៈ កម្ពុជាបានបញ្ជូនរថយន្ត រថពាសដែកចំនួន១៤គ្រឿងនិងសម្ភារៈចំនួន៥កុងទឺន័រសម្រាប់បំពេញបន្ថែមទៅលើគ្រឿងសម្ភារៈដែលកំពុងប្រើប្រាស់ក្នុងបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី។ ក្បួនរថយន្តកុងវ័រដឹកសម្ភារៈខាងលើនេះបានចេញដំណើរនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ពីសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ( PKO)នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺឆ្ពោះទៅកាន់កំពង់ផែក្រុងព្រះសីហនុ។
សូមបញ្ជាក់ថាៈគ្រឿងសម្ភារៈដែលកម្ពុជាបានបញ្ជូនទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលីរួមមានៈរថយន្តចំនួន១៤គ្រឿងប្រភេទរថយន្តរថពាសដែក (MPV) និងសម្ភារៈប្រើប្រាស់ចំនួន៥កុងទឺន័រ សម្រាប់បំពេញបន្ថែមលើ រថយន្តនិងសម្ភារដែលមានស្រាប់ សម្រាប់កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ក្នុងបេសកកម្មសង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។
លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិបានមានប្រសាសន៍ថាៈ គ្រឿងសម្ភារៈខាងលើនេះបញ្ជូនទៅកាន់កំពង់ផែរអន្តរជាតិក្រុងព្រះសីហនុ ហើយនឹងបញ្ជូនបន្តតាមនាវា ទៅកាន់សាធារណរដ្ឋម៉ាលី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះនិងទៅដល់គោលដៅ នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៣។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថាៈ រថយន្តរថពាសដែកទាំង១៤គ្រឿង គឺមានចំនួន៤គ្រឿង បម្រើការងារជារថយន្តពេទ្យ ដែលបានបំពាក់សម្ភារៈ បរិក្ខាវេជ្ជសាស្ត្រគ្រប់គ្រាន់ទាំងអស់ ។ ចំណែករថយន្តរថពាសដែកចំនួន១០គ្រឿងទៀត គឺសម្រាប់ដឹកកម្លាំងចុះប្រតិបត្តិការបេសកកម្ម។
ការបញ្ជូន រថយន្ត ប្រភេទរថពាសដែកទាំងនេះទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី ដោយហេតុថានៅទីនោះ មានក្រុមឧទ្ទាម តែងពួនស្ទាក់ដាក់ បង្កៃគ្រាប់កែច្នៃ ឬគ្រាប់មីននៅតាមដងផ្លូវធ្វើដំណើរ។ ប្រមុខកងយោធាមួកខៀវកម្ពុជានាយឧត្តមសេនីយ៍សែម សុវណ្ណនីបញ្ជាក់ថាៈបច្ចុប្បន្ន កងកម្លាំងកម្ពុជាមានចំនួនជាង៣០០នាក់ ចែកចេញជា២កងអនុសេនាធំ គឺកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងកម្លាំងវិស្វកម្មព្រលានយន្តហោះបាននិងកំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលី៕/R