ដោយៈ គង់ហេង/ កំពង់ចាម៖ លោក អ៊ុន ចាន់ដា ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ គឺចាំបាច់ត្រូវថែរក្សាសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីបង្ការជំងឺឆ្លងផ្សេងៗពោល គឺជំងឺកូវីដ ១៩។

លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមបានមានប្រសាសន៍ថា សូមឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសលោកតា លោកយាយដែលមានវ័យចំណាស់ទាំងអស់ យកចិត្តទុកដាក់លើបញ្ហាថែទាំសុខភាពជាចម្បង គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យរស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ ពិសារអាហារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ជានិច្ច ដើម្បីគេចផុតពីជំងឺឆ្លងទាំងឡាយ ឱ្យមានសុខភាពរឹងមាំ រស់នៅក្រោមដំបូលសន្តិភាព និងការអភវឌ្ឍន៍។ លោកបានបន្តថា ទន្ទឹមនឹងនេះក៏សូមឱ្យជួយណែនាំ អប់រំកូន ចៅឱ្យបានយល់ដឹងពីសារៈសំខាន់ នៃសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងដោយលំបាកបំផុត គឺត្រូវសូមអរគុណសម្តេចតេជោ និងប្តេជ្ញាថែរក្សាការពារ មរតកសន្តិភាពសម្តេចតេជោឱ្យបានស្ថិតស្ថេរគង់វង្ស និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំកម្ពុជាវិលទៅរកគ្រោះមហន្តរាយសារជាថ្មីទៀត។

លោក អ៊ុន ចាន់ដា ប្រធានកាកបាទក្រហមខេត្តកំពង់ចាមបានថ្លែងបែបនេះ នៅក្នុងការដែលលោក និងសហការីបានអញ្ជើញចូលរួមសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៣០០ គ្រសារចំនួន ពីរ ឃុំ ដែលបានប្រព្រឹត្តទៅក្នុងវត្តផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ នៅព្រឹកថ្ងៃទី ៦ មិថុនានេះ៕/R