ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អ៊ីរង៉បានបញ្ចេញអោយឃើញអ្វីដែលខ្លួនហៅថាកាំជ្រួចលឿនជាងសម្លេងដែលអាចជម្នះរាល់ខែលការពារកាំជ្រួច ចំពេលខ្លួនប្រឈមមុខជាមួយអាម៉េរិកកាន់តែខ្លាំង។
អ៊ីរ៉ង់នៅថ្ងៃអង្គារនេះបានអះអាងថា ខ្លួនបានបង្កើតកាំជ្រួចលឿនជាងសម្លេងមួយដែលអាចធ្វើដំណើរលឿនជាងសម្លេង១៥ដង ដោយបន្ថែមវាទៅក្នុងឃ្លាំងសព្វាវុធរបស់ខ្លួន ចំពេលភាពតានតឹងកើនឡើងខ្លាំងជាមួយសហរដ្ឋអាម៉េរិកដោយសារកម្មវិធីនុយគ្លេអ៊ែររបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់។
កាំជ្រួចដែលមានឈ្មោះថា Fattahឬ«អ្នកផ្ចាញ់» ត្រូវបានបង្ហាញទោះជាអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងបើកការិយាល័យការទូតឡើងវិញនៅអារ៉ាប៊ីសាអូឌីតក្រោយមានជម្លោះនឹងគ្នាអស់រាប់ឆ្នាំ។
ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាយស៊ី(Ebrahim Raisi)បាននិយាយនៅពិធីតាំងបង្ហាញនេះថា« ថ្ងៃនេះយើងមានអារម្មណ៍ថា អំណាចរារាំងសត្រូវរបស់យើងត្រូវបានបង្កើតឡើង។អំណាចនេះជាយុថ្កាមួយនៃសន្តិសុខនិងសន្តិភាពឋិតថេរមួយទៀតសំរាប់បណ្តាប្រទេសក្នុងតំបន់»។
ឧត្តមសេនីយ៍ អាមៀ អាលី ហាជីហ្សាដេស(Amir Ali Hajizadeh)ប្រធានកម្មវិធីអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបង្ហាញកាំជ្រួចលឿនជាងសម្លេងនេះ។លោកបានអះអាងថា កាំជ្រួចថ្មីនេះមានចម្ងាយហោះដល់ទៅ១.៤០០គីឡូម៉ែត្រ ហើយវា «មិនមានប្រព័ន្ធណាអាចប្រជែងទប់ទល់នឹងកាំជ្រួចនេះបានទេ»។
ស្ត្រីអ៊ីរ៉ង់នាំគ្នាមើលកាំជ្រួចFattahនៅពិធីមួយក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃអង្គារទី៦មិថុនា។អ៊ីរ៉ង់អួតថាកាំជ្រួចនេះហោះលឿនជាងសម្លេង១៥ដង
ទោះជាយ៉ាងណា បើគន្លងហោះរបស់កាំជ្រួចនេះដូចគ្នានឹងកាំជ្រួចផ្លោង វាងាយនឹងត្រូវតាមកំទេចដោយប្រព័ន្ធប្រឆាំងកាំជ្រួច ដូចជាPatriotរបស់អាម៉េរិកដែលអាចដឹងអំពីផ្លូវហោះរបស់វា។សព្វាវុធលឿនជាងសម្លេង ដែលហោះលឿនជាងសម្លេងប្រាំដងឡើងវាពិបាកនឹងអោយប្រព័ន្ធប្រឆាំងកាំជ្រួចស្ទាក់កំទេចបានដោយសារល្បឿននិងល្បិចហោះរបស់វា។
ចិនក៏ត្រូវគេជឿថាកំពុងអភិវឌ្ឍសព្វាវុធប្រភេទនេះដូចអាម៉េរិកដែរ ខណៈរុស្ស៊ីបានប្រើវាក្នុងសមរភូមិអ៊ុយក្រែនរួចហើយ៕