ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលថៃ ក្រោមអធិបតីភាពលោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និង ឯកឧត្តម បណ្ឌិត Sethaput Suthiwart-Narueput ទេសាភិបាលធនាគារកណ្តាលថៃ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំទ្វេភាគីនេះត្រូវបានប្រារព្ធនៅថ្ងៃអង្គារទី៦ ខែ មិថុនាឆ្នាំ២០២៣ក្នុងគោលបំណងពង្រឹងសាមគ្គីភាព មិត្តភាព ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងជំរុញការរីកចម្រើននៃម៉ាក្រូសេដ្ឋកិច្ចវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។
ក្នុងឱកាសនេះដែរលោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Sethaput Suthiwart-Narueput ទេសាភិបាលធនាគារកណ្តាលថៃក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code)រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ (ដំណាក់កាលទី២៖ ថៃស្កេនឃ្យូអរកូតនៅកម្ពុជា)។
ប្រភពធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ការដាក់ឱ្យដំណើរការគម្រោងនេះ មានអត្ថប្រយោជន៍ណាស់សម្រាប់លើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ ហើយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរទៀតផង។ គម្រោងនេះ មានជាពីរដំណាក់កាល ដែលដំណាក់កាលទី១ ប្រជាជន កម្ពុជាអាចស្កេនឃ្យូអរកូតនៅប្រទេសថៃ ដែលបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារគណ្តាលនៃ ប្រទេសទាំងពីរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០, នៅប្រទេសថៃ និងដំណាក់កាលទី២ ប្រជាជន ថៃស្កេនឃ្យូអរកូតនៅប្រទេសព្រះរាជាណាចក្រកម្ពុជាដែលគម្រោងនេះ នឹងចាប់ដាក់ឱ្យប្រើប្រាស់ចាប់ពីទី៦ ខែមិថុនា ឆ្នាំ២០២៣នេះតទៅដោយប្រជាពលរដ្ឋថៃនឹងអាចប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ប្រទេសថៃដើម្បី ស្កេនឃ្យូអរកូតទៅកាន់ពាណិជ្ជករប្រមាណ ១.៥ លានពាណិជ្ជករក្នុងព្រះរាជាណាចក្រកម្ពុជា៕សរន