ដោយ: ភ្នំខៀវ / បាត់ដំបង: រយ:ពេល ៥ខែដើមឆ្នាំនេះខ្យល់កន្ត្រាក់បានបំផ្លាញលំនៅដ្ឋានទាំងធំ ទាំងតូចរបស់ប្រជាពលរដ្ឋជាង ២.០០០ខ្នង និងបានបង្កឲ្យមានមនុស្សស្លាប់ និងរងរបួសជិត ២០នាក់ក្នុងខេត្តបាត់ដំបង។

មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានរាយការណ៍ឲ្យដឹងនៅថ្ងៃទី ០៦ ខែមិថុនា នេះថា ដោយសារឥទ្ធិពលអាកាសធាតុប្រែប្រួលជាបន្តបន្ទាប់ពិសេសចាប់ពីដើមខែមករា ដល់ចុងខែឧសភា ឆ្នាំ ២០២៣កន្លងមកនេះគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានបាញ់ បោកបក់យ៉ាងខ្លាំងក្លាបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋធ្ងន់ និងស្រាលជាង ២.០០០ខ្នង ថែមទៀតបានឆក់យកជីវិតមនុស្ស សត្វជាច្រើនទៀត។

ឥទ្ធិពលនៃការប្រែប្រួលលឿនរបស់អាកាសធាតុខាងលើនេះបានបង្កការខូចខាតមានផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋសរុបចំនួន ២.២០៨ខ្នង ក្នុងនោះបានប៉ះពាល់ធ្ងន់ និងស្រាលផ្ទាល់លើប្រជាពលរដ្ឋប្រមាណជា ៩.៣៩៤នាក់ ថែមទាំងបានបង្កជារន្ទៈបាញ់សម្លាប់ជីវិតមនុស្សអស់ចំនួន ៦នាក់ របួស ១១នាក់ និងបណ្តាលឲ្យងាប់សត្វគោជាច្រើនក្បាល ក៏ដូចជារងការបំផ្លាញដល់ទ្រព្យសម្បត្តិពលរដ្ឋមួយចំនួនធំទៀត។

មន្ត្រីសាខាកាកបាទក្រហមដដែលបន្តថា ខ្យល់កន្រ្តាក់ និងគ្រោះថ្នាក់ដោយរន្ទះកន្លងមកបានកើតមានក្នុងភូមិសាស្ត្រឃុំសង្កាត់ចំនួន ៩៦ ទូទាំងក្រុង ស្រុកថំនួន ១៤ របស់ខេត្តបាត់ដំបង ។ ចុងក្រោយនេះភ្នាក់ងារកាកបាទក្រហមសាខាខេត្តបាត់ដំបងបានចុះផ្តល់នូវអំណោយមនុស្សធម៌បឋមយ៉ាងទាន់ពេលវេលាសម្រាប់ជនរងគ្រោះដើម្បីជួយសម្រាលការខ្វះខាតចំពោះមុខ៕ P / N