ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល លើកទី២។


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនដល់បងប្អូនកម្មករនិយោជិតចំនួន ៨.៧៦២នាក់ នៃរោងចក្រ ទាំង២៦ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុង ឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃសេចក្ដីណែនាំលេខ០២០/២៣ ក.ប/ ស.ណ.ន.ខ.ល ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការព្យួរកិច្ចសន្យាការងារកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ដោយសារវិបត្តិ សេដ្ឋកិច្ចសកលឱ្យបានជ្រាបថា ធនាគារ វីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក។
ក្រសួងបានបន្តឱ្យដឹងថាសម្រាប់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ – ៨១.០០០រៀល (២០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ ។ដោយឡែក១៦២.០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។
ជាមួយគ្នានេះក្រសួងបានធ្វើការរំឮកថា ធនាគារ វីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវឹងឡើយពេលបើកប្រាក់ ឧបត្ថម្ភនេះ។
ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រទាំង២៦ នេះ មិនបានទទួលសារទូរសព្ទពីធនាគារ វីង នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក របស់ខ្លួន៕ P / N