ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រោយបញ្ចប់លទ្ធផលជំរឿនសត្វក្រៀលនៅដែនជម្រកសត្វព្រៃលំផាត់ ខេត្ត រតនគិរី ក្នុងឆ្នាំ២០២២- ២៣ និងតាមលទ្ធផលនោះបង្ហាញថាសត្វក្រៀលមានចំនួនកើនឡើង។នេះបើតាមការឱ្យដឹងពីសំណាក់អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)។
យោងតាមការចុះផ្សាយរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជានៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៣បានឱ្យដឹងក្នុងសេចក្តីរាយការណ៍របស់ខ្លួនថា”ក្រុមការងារយើងទើបតែបញ្ចប់ការជំរឿនសត្វក្រៀលក្នុងរដូវមិនបន្តពូជនៅដែនជម្រកសត្វព្រៃលំផាត់សម្រាប់ឆ្នាំ២០២២-២៣ ដែលជាទីជម្រកដ៏សំខាន់មួយសម្រាប់ក្រៀលក្នុងការរកចំណី និងពងកូន”។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាក្នុងការធ្វើជំរឿននេះត្រូវបានធ្វើឡើងចាប់ពីខែធ្នូ រហូតដល់ខែឧសភាជារៀងរាលឆ្នាំ និងនៅទូទាំងប្រទេស។ ជាលទ្ធផលសម្រាប់ការជំរឿនឆ្នាំ ២០២២-២៣នេះ គេកត់ត្រាបានក្រៀលបានចំនួន ១៦ក្បាលដែលជាចំនួនខ្ពស់បំផុតក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះ។ក្រៀលជាបក្សីដែលមានកំពស់ខ្ពស់បំផុត និងអាចហើរបាន។
គួរបញ្ជាក់ថា បក្សីដ៏ស្រស់ស្អាតនេះធ្លាប់មានចំនួនច្រើន និងមានរបាយស្ទើរពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចំនួនរបស់វាបានធ្លាក់ចុះយ៉ាងលឿនដោយសារកត្តាបានបង់ទីជម្រក ការបរបាញ់ និងប្រមូលពងកូនជាដើម។ នៅពេលបច្ចុប្បន្ននេះ ក្រៀលត្រូវបានចាត់ចូលជាប្រភេទងាយរងគ្រោះក្នុងបញ្ជីរក្រហមរបស់អង្គការ IUCN៕/R