ដោយ៖ ដេប៉ូ / សៀមរាប៖ ដោយសារស្ថិតនៅក្នុងតំបន់ទេសចរណ៍ ដ៏ទាក់ទាញមួយ កន្លែង លើទឹកដីខេត្តសៀមរាប ក្រុមប្រជាពលរដ្ឋ រស់នៅឃុំកំពង់ភ្លុក ដែលជាឃុំមួយ នៅជាប់នឹងមាត់បឹងទន្លេសាប មានព្រៃលិចទឹក រាប់រយហិកតា លាតសន្ធឹងពណ៌ខៀវ ស្រងាត់ ដែលជាទីកន្លែង គួរជាទីកន្លែងទាក់ទាញភ្ញៀវទេសចរនោះ ក្រុមពលរដ្ឋ តែងបានយកចិត្តទុកដាក់ខ្ពស់ ទៅលើកិច្ចការពារបរិស្ថាន។
ជាមួយទីកន្លែង តំបន់ទេសចរណ៍ របស់ប្រជាពលរដ្ឋ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបនេះដែរ ត្រូវបានគេមើលឃើញថា កំពុង បានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាអនាម័យបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។ ពួកគាត់ បានរៀបចំទុកដាក់ និងញែកសំរាម ដែលគាត់បានប្រើប្រាស់ បានយ៉ាងល្អ និងមិនបោះចោលសំណល់ប្លាស្ទិក ក្នុងបរិស្ថាននៃបឹងទន្លេសាប។ ជាមួយគ្នានេះ ពួកគាត់បានចូលរួម ក្នុងការការពារថែរក្សាព្រៃលិចទឹក ប្រព័ន្ធអេកូឡូស៊ី នៃបឹងទន្លេសាប។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្មីៗ កន្លងទៅ ក្រោមការសម្របសម្រួលរបស់ អង្គការមូលនិធិទំពាំងស្នងឫស្សី បានចុះជួបសំណេះ សំណាល ជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ និងប្អូនសិស្សានុសិស្ស ដើម្បីលើកទឹកចិត្ត ពលរដ្ឋ បន្តប្រតិបត្តិមេត្រីបរិស្ថាន។
លោក រដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ឱ្យដឹងថា៖ សិស្សានុសិស្ស នៃវិទ្យាល័យ កំពង់ភ្លុក បានធ្វើការកែច្នៃសំណល់ប្លាស្ទិក ជារូបមច្ឆជាតិ និងសត្វស្លាប ជាច្រើនប្រភេទ ដែលតំណាងឱ្យភាពសម្បូណ៌បែប នៃជីវៈចម្រុះ នៅបឹងទន្លេសាប ដែលជាប្រភព សន្តិសុខស្បៀងអាហារ និងចំណូលសេដ្ឋកិច្ចយ៉ាងសំខាន់ ក៏ដូចជាការគ្រប់គ្រង សំណល់ប្លាស្ទិក នៅតំបន់បឹងទន្លេសាប។
ដោយឡែក លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានបញ្ជាក់ប្រាប់ថាៈ កំពង់ភ្លុក ជាឃុំមួយ ក្នុងចំណោមឃុំទាំង៩ របស់ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ប្រជាពលរដ្ឋ ទូទាំងឃុំកំពង់ភ្លុក ៦៥ ភាគរយ ជាអ្នកនេសាទត្រី និងប្រមាណ ៣០ ភាគរយ បម្រើលើសេវាទេសចរណ៍ ក្នុងនេះ មានកាណូតដឹកភ្ញៀវទេសចរ និងអុំទូកដឹកភ្ញៀវ ទេសចរក្នុងមូលដ្ឋានជាដើម។ ចំណែក ៥ ភាគរយទៀត ជាជាង និងអ្នកលក់ដូរ។ សម្រាប់ទីកន្លែងទេសចរណ៍ មានព្រៃលិចទឹក ចំនួន ៤៥ ហិកតា សម្រាប់ឱ្យភ្ញៀវជិះ ទូកកម្សាន្ត នារដូវវស្សា ទស្សនាផ្ទះបណ្តែតទឹក និងរដូវប្រាំងភ្ញៀវទេសចរ នឹងបានកម្សាន្តថ្ងៃលិច នៅបឹងទន្លេសាប ជាដើម។
គួរបញ្ជាក់ថា សហគមន៍ទេសចរណ៍កំពង់ភ្លុក ស្ថិតនៅជាប់មាត់បឹងទន្លេសាប។ ពលរដ្ឋនៅតាមគេហដ្ឋាន គេឃើញមានការចេះទុកដាក់សំរាម បានយ៉ាងមាន របៀបរៀបរយ ដែលអាចធានាបាននូវផាសុកភាព។ ក្រៅពីនេះ អ្នកទេសចរ ដែលចូលកម្សាន្តនៅតំបន់នេះ អាចសិក្សាស្វែងយល់ពីវប្បធម៌ របស់អ្នកភូមិបណ្តែតទឹក កម្សាន្តលើផ្ទៃទឹក ធំល្វឹងល្វើយ គយគន់ថ្ងៃលិច សត្វស្លាបហិចហើរ និងទេសភាព យ៉ាងស្រស់ត្រកាល នៃបឹងទន្លេសសាប មិនចេះនឿយណាយសោះឡើយ៕ V / N