ដោយ: ភ្នំសន្ទុក / កំពង់ធំ: លោក ឈរ ដារ៉ា អនុប្រធានមន្ទីរ តំណាងលោក ផា ណង ប្រធានមន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងលោក ព្រំ វ៉ាន់ឌី ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក ឡាយ ស៊ីលី អភិបាលរង ស្រុកស្ទោង និងមន្ត្រីរាជការ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។

លោក ឈរ ដារ៉ា បានឱ្យដឹងថាៈ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យអត្ថិភាពមួយ ដ៏សំខាន់ផងដែរ ដែលសម្តេចតេជោ បានខិតខំអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ គឺមាន ស្ពាន និងផ្លូវថ្នល់ជាច្រើន ជាពិសេស ផ្លូវជាតិលេខ១ ខ្ទង់ និងលេខ ២ ខ្ទង់ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីខេត្តមួយទៅខេត្តមួយ នៅគ្រប់តំបន់នៃប្រទេសកម្ពុជា។

លោកបានបន្តទៀតថាៈ ការផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នាពេលនេះ គឺដើម្បីរួមចំណែកបង្ការ ការពារ និងទប់ស្កាត់ គ្រោះថ្នាក់រាចរណ៍ កុំឲ្យកើតមាន ដែលខ្លឹមសារនៃច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកនេះ មានគោលបំណងៈ ១. រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលបើកឲ្យធ្វើ ចរាចរណ៍ ជាសាធារណៈនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ២. ការពារអាយុជីវិត មនុស្ស សត្វ និងការពារបរិស្ថាន។ ៣. ទប់ស្កាត់ការប៉ះពាល់ សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន។ ៤. ទប់ស្កាត់ ការប្រព្រឹត្តបទល្មើស ដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់។

លោក ព្រំ វ៉ាន់ឌី បានឱ្យដឹងថាៈ ដើម្បីបង្ការ ការរងរបួស និងការពារអាយុជីវិតរបស់ ប្រជាពលរដ្ឋយើង គឺត្រូវមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផ្លូវ កុំឱ្យមានគ្រោះថ្នាក់ ចរាចរណ៍កើតឡើង ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋ និងឯកជន ហើយបានកាត់បន្ថយ នូវភាពក្រីក្រ នៅក្នុងគ្រួសារ ក៏ដូចជា នៅក្នុងសង្គមជាតិផងដែរ។ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាផ្លាស់ប្ដូរឥរិយាបថ មិនគោរពច្បាប់ចរាចរណ៍ មកមានទម្លាប់គោរពច្បាប់នេះវិញ ឱ្យបានត្រឹមត្រូវ។

ក្នុងពិធីផ្សព្វផ្សាយនេះ មានអ្នកចូលរួមជាច្រើន បានលើកសំណួរយ៉ាងច្រើនផុលផុស ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ផ្លូវ សិទ្ធិអាទិភាព និងអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង ដោយវាគ្មិន បានឆ្លើយបកស្រាយ បានយ៉ាងក្បោះក្បាយ៕ V / N