ដោយៈប.ខុន/ភ្នំពេញៈអភិបាលខេត្តព្រះសីហនុចុះពិនិត្យការ សាងសង់ ផ្លូវបេតុងនៅក្នុងស្រុកព្រៃនប់ ដែលកំពុងធ្វើការសាងសង់ មានចំនួនរហូតដល់២៩ខ្សែផ្លូវ ជាគម្រោង របស់រដ្ឋបាលខេត្ត សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៣ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីតាមឃុំនានាមកទីប្រជុំជន ដោយនៅក្នុងឱកាសនេះលោក អភិបាលខេត្តក៏បានជួបសំណេះសំ ណាលជាមួយពលរដ្ឋរស់ នៅ តាមសងខាងផ្លូវនិងបានសំណូមពរដល់ប្រជាពលរដ្ឋឱ្យជួយថែរក្សាសមិទ្ធផលថ្មីនេះនិងត្រៀមឯកសារឱ្យបានគ្រប់គ្រាន់សម្រាប់ទៅចូលរួមបោះឆ្នោតនៅខាងមុខ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានជួបបានជួប សំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសចុះពិនិត្យការសាងសង់មួយខ្សែស្ថិតនៅឃុំបឹងតាព្រហ្មនិងឃុំអូរជ្រៅស្រុកព្រៃនប់នាព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៣ថា ផ្លូវបេតុងនេះជាសមិទ្ធផល ថ្មីមួយទៀត និង ជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋបាន ប្រើប្រាស់ ជាសម្បត្តិសាធារណនៅក្នុងមូលដ្ឋាន ទន្ទឹមនឹងទទួល បានសមិទ្ធផលថ្មីនេះ សូមបងប្អូនដែលនៅអមសងខាងផ្លូវបេតុង នេះត្រូវចូលរួមថែរក្សាការពារផ្លូវបេតុងនេះឱ្យបានគង់វង្សក្នុងការប្រើប្រាស់បានយូរអង្វែង ផ្លូវបេតុងនេះ វាជួយសម្រួលចរាចរណ៍ ដឹកជញ្ជូនកសិផល និងសម្រួលឱ្យកូនចៅមានផ្លូវល្អងាយស្រួល ធ្វើដំណើរទៅកាន់សាលារៀននិងទីកាន់ទីប្រជុំជននានាក្នុងស្រុកព្រៃនប់និងមកកាន់ខេត្តព្រះសីហនុ។
នៅក្នុងឱកាសខាងលើលោកអភិបាលខេត្តព្រះសីហនុក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវរៀបចំត្រៀមឯកសារឱ្យបានគ្រប់គ្នា ដើម្បីទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខ នៅតាមទីតាំងសាលារៀនដែលនៅជិតផ្ទះរបស់បងប្អូនឱ្យបានគ្រប់គ្នាកុំបីខាន ។
ផ្លូវបេតុងដែលលោកអភិបាលខេត្តបានចុះពិនិត្យនេះជាផ្លូវឆ្លងកាត់ឃុំចំនួនពីរគឺឃុំបឹងតាព្រហ្មនិងឃុំអូរជ្រៅ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវែង ២.៥៥៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្ពស់០.២០ម៉ែត្រជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តព្រះសីហនុដើម្បីជម្រុញការអភិវឌ្ឍទៅដល់ឃុំសង្កាត់ទាំង២៩ក្នុងខេត្តព្រះសីហនុ។ផ្លូវបេតុង ដែលកំពុងសាងសង់នៅក្នុងស្រុកព្រៃនប់ នៅក្នុងឆ្នាំ២០២៣មានចំនួន២៩ខ្សែ ស្មើប្រវែង១៤.៤៩៧ម៉ែត្រ៕សរន / N