​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកស្រុក​ពោរពេញ​ដោយ​ទុក្ខព្រួយ​នៅ​ក្រុង​ឃើ​សុន (Kherson)​របស់​អ៊ុយ​ក្រែន​បាន​ជម្លៀស​ចេញពី​ផ្ទះ​របស់​ពួកគេ​ក្រោម​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​កាលពី​​ថ្ងៃ​អង្គារ បន្ទាប់​ពី​ផ្ទះសម្បែង​បាន​ជន់​លិច​ដោយ​ការបាក់​ទំនប់​ទឹក​វា​រី​អគ្គិសនី​ដ៏​ធំ​ក្នុង​គ្រោះមហន្តរាយ​មួយ ដែល​រដ្ឋាភិបាល​ក្រុង​គៀវ​និង​ក្រុង​មូ​ស្គូ​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​។​

​អ្នកស្រុក​មួយចំនួន​បាន​ស្រែកយំ ខណៈ​ពួកគេ​លើក​អីវ៉ាន់​ដាក់​ចូល​ក្នុង​រថយន្ត​។ អ្នក​ឧតុនិយម​ម្នាក់ ដែល​វាស់កម្ពស់​ទឹកទន្លេ​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា ទឹក​មាន​កម្ពស់​ខ្ពស់ជាង​កាលពី​ថ្ងៃ​ចន្ទ ៣,៥ ម៉ែត្រ មុន​ពេល​ទំនប់​ត្រូវបាន​បំផ្លាញ​។​

​ក្រុង​ឃើ​សុន​នៅ​ច្រាំងទន្លេ​ឌី​នី​ប្រូ (Dnipro)​ដ៏​ធំ​របស់​អ៊ុ​យក្រែន គឺ​ស្ថិតនៅ​ទល់មុខ​នឹង​ច្រាំង​ខាងកើត ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​។​

​នៅ​ខាងលើ​ប្រហែល ៦០ គីឡូម៉ែត្រ​គឺមាន​ទំនប់ទឹក ណូ​វ៉ា កា​ខូវ​កា (Nova Kakhovka) ជា​សំណង់​ប្រវែង ៣,២ គីឡូម៉ែត្រ​ជំនាន់​ទសវត្សរ៍ ១៩៥០​ដែល​រដ្ឋាភិបាល​ក្រុង​គៀវ​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​​បំផ្ទុះ​ក្នុង “​អំពើ​ភេរវកម្ម​”​។​

​វិមាន​ក្រឹម​ឡាំង​បាន​ស្តីបន្ទោស​អ៊ុ​យក្រែន ថា​បាន​បាញ់​ផ្លោង​ដាក់​ទំនប់ទឹក​នេះ​និង​ថា ពួកគេ​កំពុង​ព្យាយាម​បង្វែរ​ការចាប់អារម្មណ៍​ពី​ការចាប់ផ្តើម​វាយលុក​ទ្រង់ទ្រាយ​ធំ​ដែល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​​និយាយ​ថា​កំពុង​បរាជ័យ​។​មន្ត្រី​បន្តុប​ដោយ​រុស្ស៊ី​មួយចំនួន​បាន​និយាយថា ទំនប់​នេះ​បាន​បាក់​ដោយ​ខ្លួនឯង​។​

​និវត្តជន​ឈ្មោះ មី​កូឡា (Mykola)​អាយុ ៧៣ ឆ្នាំ​បាន​ដើរ​តាម​ផ្លូវ​ឆ្ពោះទៅ​កាន់​ដី​ស្ងួត​ដោយ​លុយ​ទឹក​លិច​ដល់​ស្មា ហើយ​កាន់​ទ្រព្យ​របស់​មួយ​ចំនួន​ដែល​គាត់​អាច​សង្គ្រោះបាន​។ គាត់​បាន​និយាយថា ទឹក​នៅ​ក្នុង​ផ្ទះល្វែង​រប​ស់​គាត់​បាន​ឡើងដល់​ទ្រូង​គាត់​។​

​ប៉ុន្មាន​នាទី​ក្រោយមក សំឡេង​កាំភ្លើង​ធំ​បាន​ធ្វើឱ្យ​មនុស្ស​ផ្អើល​រក​កន្លែង​ជ្រក​។​

​ទី​ជម្រក​មិន​អាច​រកឃើញ​ស្រួលៗ​ទេ ដោយសារ​ទឹក​ឡើង​យ៉ាង​ស្ងៀមស្ងាត់​និង​ខ្ពស់​ទៅៗ​នៅតាម​ដងផ្លូវ​របស់​ក្រុង​ឃើ​សុន​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយ​ក្រែន​បាន​និយាយថា មុន​នេះ​រុស្ស៊ី​បាន​បាញ់​ផ្លោង​នៅ​តំបន់​ដែល​មនុស្ស​កំពុង​ជម្លៀស​ខ្លួន ហើយ​មន្ត្រី​ប៉ូលិស​ពីរ​នាក់​បាន​រងរបួស​។​

​ក្រុង​ឃើ​សុន ដែល​មាន​ប្រជាជន​មុន​សង្គ្រាម​ជិត ៣០០.០០០ នាក់ ត្រូវ​បាន​កាន់កាប់​ដោយ​កងកម្លាំង​រុស្ស៊ី​អស់​រយៈពេល​ប្រាំបី​ខែ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​ឈ្លានពាន​អ៊ុយ​ក្រែន​កាលពី​ឆ្នាំមុន​។​

​ចាប់តាំងពី​វា​ត្រូវ​បាន​កាន់កាប់​ដោយ​រដ្ឋាភិបាល​ក្រុង​គៀវ​វិញ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន ក្រុង​ឃើ​សុន​បាន​ជួបប្រទះ​ការបាញ់​ផ្លោង​យ៉ាងធ្ងន់ធ្ងរ​ពី​កងកម្លាំង​រុស្ស៊ី​ឆ្លងទន្លេ​ឌី​នី​ប្រូ​៕

​ទំនប់​ទឹក​ដ៏​ធំ​បាន​បាក់​កាលពី​ថ្ងៃ​អង្គារ​បង្ក​ការជម្លៀស​នៅ​ក្រុង​ឃើ​សុន