​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រាប់​ចាប់ពី​រឿង Armageddon រហូត​ដល់​រឿង Day After Tomorrow មាន​ខ្សែភាពយន្ត​ហូលីវូដ​ច្រើនណាស់​និយាយ​អំពី​របៀប​ដែល​ពិភពលោក​របស់​យើង​អាច​នឹង​បញ្ចប់​។​

​ប៉ុន្តែ​ប្រសិនបើ​មាន​មហន្តរាយ​សកល​ណាមួយ តើ​អ្វី​ជា​យុទ្ធវិធី​របស់​អ្នក​ដើម្បី​រស់​បាន​យូរ​តាម​ដែល​អាច​ធ្វើទៅបាន​?

​បំភ្លេច​ចោល​ទៅ​លេនដ្ឋាន​ក្រោម​ដី រថយន្ត​ទំនើប​ថ្មី​នេះ​គួរតែ​មាន​នៅក្នុង​ឧបករណ៍​រស់រានមានជីវិត​របស់​អ្នក​នៅ​ថ្ងៃ​មហន្តរាយ​នោះ​។​

​ក្រុមហ៊ុន Apocalypse Manufacturing នៅ​រដ្ឋ​ផ្លរីដា ដែល​មាន​ជំនាញ​ខាង​រថយន្ត​នាពេល​អនាគត បានបង្ហាញ​រថយន្ត​ចុងក្រោយ​របស់​ខ្លួន ដែល​ជា​រថយន្ត​ដ៏​ធំ​សម្បើម 4×4 មានឈ្មោះ​ថា Super Truck ។​

​យោង​តាម​ក្រុមហ៊ុន​បានឱ្យដឹងថា ការ​រចនា “​ដ៏​កំណាច​” របស់​រថយន្ត Super Truck ធ្វើឱ្យ​វា “​មិន​អាច​ទម្លុះ​បាន​ពី​កម្លាំង​ខាងក្រៅ​” ប៉ុន្តែ​តម្លៃ ១៥៩.៩៩៩​ដុល្លារ​របស់​វា​ទំនងជា​នឹង​ធ្វើឱ្យ​ពួក​​អ្នក​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​អវសាន​ពិភពលោក​ពន្យារ​ពេល​គិត​មើល​សិន​។​

​រថយន្ត Super Truck មាន​ម៉ាស៊ីន​កែ​ឡើងវិញ Hellcat V8 ដែល​បង្កើត​កម្លាំង​បាន ៨៥០ សេះ​។​

​លោក យ៉ូ​សេប ហ្គាត​ថា​ស (Joseph Ghattas) ម្ចាស់​ក្រុមហ៊ុន Apocalypse Manufacturing បាន​និយាយថា “​ជាមួយនឹង​រថយន្ត Super Truck យើង​ចង់​រួម​បញ្ចូល​គ្នា​នូវ​ការ​រចនា​ដ៏​កាច​បែប​មជ្ឈិមសម័យ ដែល​គេ​មិន​អាច​ព្រងើយកន្តើយ​បានឡើយ ជាមួយ​នឹង​ភាព​សាហាវ​នៃ​ម៉ាស៊ីន Hemi Hellcat”​។​

“​មិន​មាន​រថយន្ត 4×4 ផ្សេងទៀត​នៅ​លើ​ទីផ្សារ​ដែល​មាន​ល្បឿន​លឿន ទំហំ​ធំ ភាពជឿជាក់ ផា​សុកភាព ចន្លោះ​ទូលាយ និង​លក្ខណៈ Off-road/On-road ដូច​រថយន្ត​ចុងក្រោយ​បំផុត​របស់​យើង​នោះឡើយ​”៕

​រថយន្ត Super Truck មាន​ពាស​ដែក​រឹងមាំ​អាច​ការពារ​កម្លាំង​ទម្លុះ​ពី​ខាងក្រៅ