ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ចាព្លូ ឬជីរភ្លូ មានឈ្មោះវិទ្យាសាស្ត្រ Piper sarmentosum Roxb ជារុក្ខជាតិមានស្លឹកស្រដៀងនឹងម្លូ ដែលត្រូវបានគេដាំ ឬដុះដោយឯកឯង នៅទីកន្លែងម្លប់ និងសើម ពិសេសក្រោមដើមឈើធំៗ នៅតាមទីក្រុង ជនបទ ស្រុកស្រែ ចម្ការ សម្រាប់ធ្វើជាអន្លក់ ឬរបោយ។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៣ បានឱ្យដឹងថា ចាព្លូ ជារុក្ខជាតិមានប្រភពដើម នៅអាស៊ីខាងត្បូង និងអាគ្នេយ៍ អូស្ត្រាលីខាងជើង។
ចំពោះលក្ខណៈពិសេសៗ របស់ចាព្លូ មានដូចជា៖
*លក្ខណៈរូបសាស្ត្រ៖ តិណជាតិ (herbaceous) តួដើមអាចវារលើដី មានថ្នាំង។ តួដើមមានផ្កាដុះត្រង់ ឡើងលើ មានស្លឹក។ នៅគល់ដើម ស្លឹករាងពងក្រពើ ឬរាងមូល តែនៅផ្នែកលើ ឬនៅចុងដើម ស្លឹករាងបេះដូង។ ស្លឹកមានក្រពេញ ផ្ទៃលើគ្មានរោម តែផ្ទៃក្រោមមាន រោមស្ដើងៗតាមទ្រនុងធំ។ ដើមមានផ្កាញី ឬផ្កាឈ្មោល (dioecious)។ កញ្ចុំផ្កាជាកួរ (spike) ចេញពីគល់ទងស្លឹក។ កញ្ចុំផ្កាឈ្មោលពណ៌ស គ្មានត្របកផ្កា គ្មាន ស្រទាប់ផ្កា មានកេសរឈ្មោល២។ ផ្កាញីគ្មានត្របក គ្មានស្រទាប់។ ផ្លែជាឌុ្រប (drupe) មានគ្រាប់តែ១ ហើយរឹង។
*លក្ខណៈជីវសាស្ត្រ៖ គ្រាប់ទុំមានរសហឹរខ្លាំង និងមានក្លិនឈ្ងុយ។ រុក្ខជាតិនេះ ដុះរហ័សណាស់ រាតត្បាត ឈ្លានពានទៅលើប្រភេទរុក្ខជាតិឯទៀត ដែលបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះរុក្ខជាតិ។
*លក្ខណៈអេកូឡូស៊ី៖ ដុះនៅលើដីសើម មានជីល្អ លើដីតាមជួរសមុទ្រ ឬដីតំបន់ខ្ពង់រាប។
*ការប្រើប្រាស់៖
–ជាបន្លែ៖ ស្លឹកធ្វើជាបន្លែអន្លក់បាញ់ឆែវ និងអន្លក់ផ្សេងៗ
-ជាឱសថ៖ ស្លឹកអាចព្យាបាលឈឺធ្មេញ ហើមពោះ៕/V/R