ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ​និង​ជា​ប្រធាន​បក្ស​ឈ្នះឆ្នោត​លោក ភិ​តា លីម​ចារឺ​នរ៉ា​ត កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​សម្រាល​ឬ​មិន​អោយ​សារសំខាន់​លើ​កិច្ច​ខិតខំ​មួយ​​ដើម្បី​ទម្លាក់​លោក​ចេញ​ពី​លទ្ធភាព​អាច​កាន់​មុខតំណែង​នាយករដ្ឋមន្ត្រី ជុំវិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​មួយ ដោយ​លោក​នៅតែ​និយាយថា​លោក​មិន​បាន​រំលោភ​​ច្បាប់​និង​ថា ពួក​គូប្រជែង​កំពុង​ព្យាយាម​រារាំង​មិនអោយ​លោក​កាន់​មុខតំណែង​ដឹកនាំ​រដ្ឋាភិបាល​បន្ទាប់​។​

​មាន​ការគាំទ្រ​ច្រើន​ពី​ក្រុម​យុវជន​ដោយសារ​តែ​របៀបវារៈ​ប្រឆាំង​ស្ថាប័ន​អភិរក្ស​ជាន់​លើ​និង​ភាពផ្តាច់មុខរបស់ក្រុមមានឥទ្ធិពល គណបក្ស​កាវ​ក្លៃ​ឬ​MFP​របស់​ភិតា​បាន​ក្លាយ​ជា​បក្ស​ឈ្នះឆ្នោយដ៏​ភ្ញាក់ផ្អើល​ក្នុង​ការបោះឆ្នោត​​កាលពី​ខែ​ឧសភា ដោយ​ទម្លាក់បណ្តា​គណបក្ស​តំណាង​យោធាអោយនៅ​ពី​ក្រោយ​បក្ស​ប្រឆាំង​ធំ​ពីរ ទោះជា​យ៉ាងណា​ពួកគេ​មិន​ទទួលបាន​សម្លេង​គាំទ្រ​ភាគច្រើន​ដាច់ខាត​ដែល​ល្មម​អាចបង្កើត​រដ្ឋា​ភិ​​បាល​ថ្មី​មួយ​បាន​ទេ​។​

​ក្រុមចំរុះ​ប្រាំបី​គណបក្ស​បក្ស​ដឹកនាំ​ដោយ​MFP​មូលមតិ​គ្នា​ថា​នឹង​គាំទ្រ​លោកភិតា​ជា​នាយករដ្ឋមន្ត្រីប​ន្ទា​ប់ តែ​ក្រុម​នេះ​នៅ​ត្រូវការ​សម្លេង​គាំទ្រ​ពី​បណ្តា​គណបក្ស​នៅ​ក្រៅ​ក្រុម​ចំរុះ​និង​ព្រឹទ្ធភា​ដើម្បី​អាច​​បង្កើត​រដ្ឋាភិបាល​មួយ​បាន​។​មិនទាន់​ទាំង​បាន​ឡើង​កាន់​អំណាច​ផង ឥឡូវ​មាន​អ្នកនយោបាយ​ថៃ​ខ្លះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​ដោយ​ចោទប្រកាន់​លោកភិតា​ថា​​មាន​ភាគហ៊ុន​៤២.០០០​នៅក្នុង​ក្រុមហ៊ុន​ទូរទស្សន៍​iTV Public Company​។​

​សូមបញ្ជាក់​ថា បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៅ​ថៃ​ត្រូវ​ហាមឃាត់​មិន​អោយ​កាន់កាប់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ណាមួយ​ទេ​។​ទោះជា​យ៉ាង​លោ​កភិតា​បាន​អះអាង​ថា iTV​បាន​បាត់បង់​សម្បទាន​​របស់​វា ដែល​មាន​ន័យ​ថា​ក្រុមហ៊ុន​នេះ​លែង​ត្រូវបាន​ចាត់ទុក​ថា​ជា​អង្គការ​ផ្សព្វផ្សាយ​មហាជន​មួយ​ហើយ​។​

​លោក​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា «​មាន​ការប៉ុនប៉ង​ផាត់​រូប​ខ្ញុំ​ចេញពី​នយោបាយ​។​ខ្ញុំ​បាន​ផ្ទេរ​ភាគហ៊ុន​ទាំងនេះ​ទៅអោយ​សាច់ញាតិ​កាលពី​ខែ​ឧសភា ហើយ​ខ្ញុំ​មានជំនឿថា ខ្ញុំ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​​សំរាប់​កាន់កាប់​មុខតំណែង​សាធារណៈ​និង​សមស្រប​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​»​។​

​លោក​ភិតា អាយុ​៤២​ឆ្នាំ បាន​និយាយថា​ភាគហ៊ុន​ជា​ផ្នែក​នៃ​ទ្រព្យ​សព​ឪពុក​របស់​លោក ដែល​លោក​បាន​ប្រកាសប្រាប់​ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​រួច​ហើយ​។​

​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោតក្នុងពេលជាមួយគ្នា ​បាន​និយាយថា បណ្តឹង​ត្រូវ​បាន​ពិនិត្យ​និង​កំពុង​ប្រមូល​ភស្តុតាង​បន្ថែម​។​បណ្តឹង​នេះ​អាច​ត្រូវ​ច្រានចោល ឬ​បញ្ជូន​បន្ត​ទៅ​តុលាការ​ធម្មនុញ្ញ​។​

​រំលឹកថា គណបក្ស​ដើម​របស់​FMP គឺ​បក្ស​ឆ្ពោះ​ទៅ​អនាគត​( Future Forward)​ក៏​ត្រូវបាន​តុលាការ​ធម្មនុញ្ញ​រកឃើញ​ថា​មាន​កំហុស​ក្នុង​សវនាការ​ឆ្នាំ​២០១៩​និង​២០២០ ដោយ​គណបក្ស​ត្រូវបាន​រំលាយ​​ដោយសារ​វា​រំលោភ​ច្បាប់​ថវិកា​សំរាប់​យុទ្ធនាការ​និង​ប្រធាន​បក្ស​ជា​សេដ្ឋី​វ័យក្មេង​លោក ថា​ណា​ថន រឿង​រុងរឿង​គី​ត​(Thanathorn Juangroongruangkit)​ត្រូវបាន​ដកសិទ្ធិ​នយោបាយ​ដោយ​​សារ​តែ​មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​បញ្ហា​នេះ​កំពុង​ក្លាយជា​ឧបសគ្គ​មួយ​សំរាប់​លោកភិតា​ដែល​ទទួល​ការសិក្សា​នៅ​អាម៉េរិ​ក ដើម្បី​អនុវត្ត​ការកែ​ទំរង់​សង្គម​ថៃ​ដូច​ការសន្យា​ក្នុងអំឡុងពេល​ឃោសនា​។​កម្មវិធី​នយោបាយ​របស់​FMP​ដូចជាកាត់បន្ថយចំណាយយោធា កែទំរង់របបរាជានិយម កែរដ្ឋធម្មនុញ្ញនិងប្រឆាំងភាពផ្តាច់មុខ កំពុងដាក់​គណបក្ស​​នេះ​អោយ​ប្រឈម​មុខ​នឹង​ក្រុម​យោធា​រាជានិយម និងក្រុម​ធុរកិច្ច​លុយ​គ្រា​ក់ៗ​ដ៏​មាន​ឥទ្ធិពល​៕

ភិ​តា លីម​ចារឺ​នរ៉ា​ត និយាយ​ទៅកាន់​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​