វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល នឹង​ផ្តល់ព័ត៌មាន​ពី​ការចូលរួម​របស់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​នៅ​ល្ងាច​នេះ​

920
ចែករម្លែក

​ដោយៈ​សុផល / ភ្នំពេញៈ វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​(C.S.A.F) នឹង​ផ្តល់​ពត៌មាន​ដល់​អ្នកសារព័ត៌មាន​អំពី​ការចូលរួម​របស់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។ កម្មវិធី​នេះ នឹងធ្វើ​ឡើង​នា​ល្ងាច ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ អគារ​L​។​

​លោក កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ការងារ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹងធ្វើ​បទ​បង្ហាញ ព្រមទាំង​ឆ្លើយ​សំណួរ​របស់​អ្នកកាសែត​។​

​គួរ​បញ្ជាក់ថា គ​.​ជ​.​ប នឹង​បិទ​បញ្ចប់​ការទទួលស្គាល់​អ្នកសង្កេតកា​រណ៍​ជាតិ និង​អន្តរជាតិ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​ស្អែក​នេះហើយ​។​

​បើ​យោងតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យ​ដឹងថា​គិត​ត្រឹម​ថ្ងៃទី​១៩​ខែកក្កដា ឆ្នាំ​២០១៨ គ​.​ជ​.​ប បានទទួល​អ្នកសង្កេតកា​រណ៍​អន្តរជាតិ​មកពី​១៣​ស្ថាប័ន​/​ប្រទេស ស្មើនឹង ៥៦​នាក់ និង​កំពុង​ពិនិត្យ​ចំនួន ១៧​នាក់​ទៀត មកពី ៦​ស្ថាប័ន ហើយ​ចំនួន​នេះ​មិនទាន់បាន​បូក​បញ្ចូល​ពី​អ្នកសង្កេតការណ៍​អន្តរជាតិ ដាក់ពាក្យ​នៅ​ក្រសួងការបរទេស និង​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅឡើយ​នោះទេ​។​
​សម្រាប់​អ្នកសង្កេតការណ៍​ជាតិ​វិញ គ​.​ជ​.​ប សម្រេច​ទទួលស្គាល់​ប្រមាណ ៨​ម៉ឺន​នាក់ មកពី ១០៧​ស្ថាប័ន​។ ទន្ទឹមនឹងនេះ គ​.​ជ​.​ប ក៏​បាននិងកំពុង​ពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​អ្នកសង្កេតការណ៍​ជាតិ​ជាង ១,៤០០​នាក់​ថែមទៀត​។​

​ក្រៅពី​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​នេះ គ​.​ជ​.​ប ក៏បាន​បង្ហាញ​ឲ្យ​ដឹងថា មាន​ទីភ្នាក់ងារ​សង្កេត​ការណ៍​មកពី​គណបក្សនយោបាយ​ទាំង​២០ ជិត ៨​ម៉ឺន​នាក់​បន្ថែមទៀត ក៏​នឹងចូលរួម​សង្កេត​លើ​ដំណើរការ​បោះឆ្នោត​នេះ​ផងដែរ​។ តាមរយៈ​ចំនួន​អ្នកសង្កេតការណ៍​ដ៏​ច្រើន​ជាការ​ធានា ឲ្យ​ឃើញ​ពី​តម្លាភាព ភាពត្រឹមត្រូវ និង​យុត្តិធម៌ នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នេះ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ