ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ អាជីវកររងគ្រោះ ដែលជាអ្នកប្តឹងម្ចាស់ហាងលក់ មាស ពេជ្រ ដូរ និងវេរលុយ ថុង រស្មី ហៅមនោរម្យ នៅផ្សារប៉ោយប៉ែត (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត ជាង ៦០ នាក់ បានលើកគ្នាតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីស្នើសុំអាជ្ញាធរមានសមត្ថកិច្ច ជួយអន្តរាគមន៍ ដោះស្រាយ ពាក់ព័ន្ធនឹងម្ចាស់ហាងមាស ដូរលុយ ថុង រស្មី ។
មន្ត្រីអាជ្ញាធរដែនដី និងសមត្ថកិច្ចនគរបាលក្រុង បានអះអាងថាៈ សំណុំរឿងនេះ អាជ្ញាធរ និងសមត្ថកិច្ច បាននឹងកំពុងអនុវត្តការអង្កេត ហើយស្នើសុំដីកាតុលាការ ពោលគឺ ខិតខំឱ្យអស់ពីសមត្ថភាព ក្នុងវិធីផ្សេងៗ ដើម្បីដោះស្រាយ។
យោងតាមអាជីវករម្នាក់ៗ ដែលរងគ្រោះ ជាដើមបណ្តឹង ឬម្ចាស់បំណុល បានឱ្យដឹងថាៈ ទឹកប្រាក់ដែលម្ចាស់ហាង ថុង រស្មី ហៅមនោរម្យ (គឺលោក ថុង រស្មី ហៅ ធី និងអ្នកស្រី ហេង មុយឡេង ហៅចែ ឡេង) នៅចំណុចខាងលិច ឈៀងខាងត្បូងផ្សារប៉ោយប៉ែត ហៅផ្សារអគ្គភូមិបាលីលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបោកប្រាស់ ពួកគេ ក្នុងមធ្យោបាយដ៏ត្រជាក់ និងរូបភាពដ៏សាមញ្ញៗនោះ មានសរុបចំនួន (គិតជាទឹកប្រាក់) លើសពី ១០០ លានដុល្លារអាមេរិកឯណោះ។
អាជីវកររងគ្រោះ ឬដើមបណ្តឹង បានឱ្យសារព័ត៌មានដឹង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ថាៈ ទឹកប្រាក់ដែលពួកខ្លួន ត្រូវចាញ់បោកមានពី ២០.០០០ ដុល្លារអាមេរិក ដល់៥០០.០០០ ដុល្លារអាមេរិក ក្នុងម្នាក់ៗ ហើយចំនួនអ្នកចាញ់បោក កម្រិតមធ្យមចំនួន ៦០.០០០ ដុល្លារអាមេរិក មានច្រើនជាងគេ ។
ចំពោះប្រាក់ ឬរូបិយវត្ថុខ្លះទៀត ដែលបានក្លាយជាចាញ់បោក មានទម្រង់ជា : ១-លុយ រក្សាទុក ឬផ្ញើទុក ហើយចង់ដកយកវិញ ពេលណាក៏បាន ។ តែក្នុងអំឡុងមិនទាន់ដក គឺត្រូវបានហាងនេះ គិតការប្រាក់ជូន (ក្នុងអត្រាពី ១,៨ ទៅ ២ ភាគរយ ឬអត្រាការប្រាក់ លើសតម្លៃទីផ្សារ។ ២-ជាប្រាក់យកទៅចងការត្រង់ៗ ឱ្យម្ចាស់ហាង។ ៣- ពលរដ្ឋ ឬអាជីវករខ្លះ ព្រោះតែចង់បានការប្រាក់ខ្ពស់ជាង ក៏យកប្លង់ដី ផ្ទះ ឡាន ឬរបស់ផ្សេងៗ ទៅបញ្ចាំ ឬទៅខ្ចីប្រាក់ពីធនាគារ ឬឈ្មួញផ្សេង ក្នុងអត្រាការប្រាក់ទាប រួចយកទៅដាក់ ឬចងការ នៅហាងនេះ ដែលបានអត្រាការប្រាក់ខ្ពស់ជាង និង ៤-ជាលុយដែលម្ចាស់ វាផ្ញើទុក សម្រាប់ពេលណា ត្រូវការវេរ ឬទូទាត់ជាមួយការទិញទំនិញ ពីក្រៅប្រទេស ដ្បិតពួកគេ ប្រើសេវាវេរ ឬទូទាត់នៅហាងនេះ ជាដើម។
អាជីវករ ឬម្ចាស់បំណុល បាននិយាយទៀតថាៈ ពួកគេភាគច្រើន បានយកលុយ ទៅផ្ញើទុក ឬចងការនៅទីនោះ ក្នុងរយរយ:ពេល ខ្លះ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ និងច្រើនជាង គេក្រោម ១ឆ្នាំ ពោលគឺ ដោយសារបានដឹង ពីការប្រាប់តៗគ្នាថា បានការប្រាក់ខ្ពស់ ជាងអត្រានៅធនាគារ និងឈ្មួញឯកជនផ្សេងទៀត។ ហេតុនេះ មានលុយ ខ្ជិលយក ទៅរកស៊ីអីផ្សេង ព្រោះតាំងពីកើតជំងឺកូវីដ ១៩ មក រកស៊ីតឹងដែរ ដល់ដឹងថា នៅហាងនេះ ផ្តល់អត្រាការប្រាក់ខ្ពស់ ក៏ប្រមូលលុយសឹងអស់ពីផ្ទះ ទៅដាក់ចងការ ។
ដល់ទៅជួបនឹងម្ចាស់ហាង ភាគច្រើន ទី១-ជួបនឹងអ្នកស្រី ហួយ ជាម្តាយ-ម្តាយក្មេក របស់ម្ចាស់ហាងដែលជួយធានា។ អ្នកស្រីនោះ ជាអ្នកមានទ្រព្យស្តុកស្តម្ភ ជាអ្នកមានមុខ មានមាត់ ជាមនុស្សល្អ មានកេរ្តិ៍ឈ្មោះល្អ គួរឱ្យទុកចិត្ត និងត្រូវស្គាល់រាប់អានច្រើន ហើយក៏ជាម្ចាស់រួមជាមួយកូន កូនប្រសារ ដែលជាម្ចាស់ហាងនេះ លើរបរផ្សេងទៀត ដូចជាផ្ទះសំណាក់ សាខាហាងលក់មាសពេជ្រផ្សេង មានតារាងបាល់ទះ -បាល់ទាត់ សាលាបង្រៀនឯកជន សេវាចងការប្រាក់ របរបញ្ចាំលាក់មុខជាដើម និងទី២-ជួប និងធ្វើការនេះ ជាមួយអ្នកស្រី ហេង មុយឡេង ហៅចែឡេង ជាម្ចាស់ស្រីនៃហាង ។
អាជីវករតវ៉ា បានបន្តថាៈ ពួកខ្លួនបានទៅជួបនឹងអ្នកស្រី ហួយ, អ្នកស្រី មុយឡេង ចុងក្រោយនៅហាង កាលពីថ្ងៃទី១៨-១៩ ខែឧសភា ហើយបានការធានាថា ពួកគេ នឹងពិនិត្យបញ្ជី ហើយទូទាត់សងវិញម្តងម្នាក់ៗ គឺមិនអាចសងបានទាំងអស់ព្រមៗគ្នាទេ ព្រោះទឹកប្រាក់ច្រើន ឬក៏ខ្លួន (ម្ចាស់ហាង) មានមេធាវី ចាំជួយដោះស្រាយ ។
ពេលនោះ ម្ចាស់ស្រី នៃហាង ប្រាប់ថា ទោះជាបងប្អនម្ចាស់លុយ នៅអង្គុយ ឬដេក និងហាងខ្លួនទាមទារ ដល់យប់ ក៏ខ្លួនគ្មានលុយសងដែរ គឺមានតែចាំថ្ងៃស្អែក ដ្បិតក្នុងហាងគ្មានលុយ សូម្បី ១០០ រៀល លុយខ្មែរ។
លុះព្រឹកឡើង ថ្ងៃទី២០ ខែឧសភា ហាងមនោរម្យ ក៏បិទទ្វារ ។ ម្ចាស់ហាង ក៏បាត់ខ្លួន ហើយការទាក់ទងតាមលេខទូរស័ព្ទ និងតាមប្រព័ន្ធសម្លេង (Voice Chat) នៅក្នុងសេវា ប៉ុន្តែមិនមានអ្នកទទួលឆ្លើយតប ។ ពេលនោះ ម្ចាស់លុយ ឬម្ចាស់បំណុល ក៏ផ្អើលឆោឡោ ហើយទើបដឹងច្បាស់ ក្នុងចិត្តថា ម្ចាស់ហាងថុង រស្មី ហៅមនោរម្យ បោកប្រាស់ បានសម្រេចលើពួកខ្លួនហើយ ។
នៅមុខសាលាក្រុង ពីពេលព្រឹក មន្ត្រីបានបង្វែរអាជីវករ ដែលចាញ់បោកគេទាំងនេះ ឱ្យទៅជួបខាងនគរបាលក្រុងសិន ព្រោះលោកអភិបាល អភិបាលរង មន្ត្រី និងប្រធាន ក្រុមប្រឹក្សា និងសមាជិកជាប់ប្រជុំក្រុមប្រឹក្សា ។
ចំណែកនៅមុខអធិការដ្ឋាននគរបាលក្រុង លោកវរសេនីយ៍ សៅ សារឿន អធិការនគរ បាលក្រុង បានចេញមកបញ្ជាក់ប្រាប់អាជីវករ ដើមបណ្តឹង និងអ្នកសារព័ត៌មានថាៈ សំណុំរឿងនេះ សមត្ថកិច្ចលោក បានទទួលពាក្យបណ្តឹង ពីដើមបណ្តឹង (អាជីវករ ម្ចាស់បំណុល) បាន ៥០ នាក់ហើយ គឺខ្លះតាំងពីថ្ងៃទី១៧ ខែឧសភា មកម្ល៉េះ (មុនហាងបិទទ្វារ?) ។ តែភាគច្រើន គឺពីក្រោយថ្ងៃទី២០ ខែឧសភា ។ នេះមិនគិតអ្នកប្តឹង ទៅដាក់ពាក្យប្តឹង នៅការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្ត និងនៅកងរាជអាវុធហត្ថ ជាច្រើននាក់ផ្សេងទៀត ។
លោកវរសេនីយ៍ សៅ សារឿន បានបន្តថាៈ រឿងនេះ ក្តៅគគុកណាស់ ហើយលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកយកចិត្ត ទុកដាក់ណាស់ ហើយបានបញ្ជាឱ្យនគរបាលជំនាញ ដាក់ឱ្យអនុវត្តការស៊ើបអង្កេត ជាបន្ទាន់ ហើយបញ្ជូនសំណុំរឿង ទៅការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្ត ដើម្បីកសាងនិងបញ្ជូនទៅសុំដីកា ពីព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ត ហើយដែរ ។
ទោះយ៉ាងណា លោកអធិការ បានដឹងថាៈ នៅមានអាជីវកររងគ្រោះជាច្រើននាក់ទៀត មិនទាន់ចេញមុខមកប្តឹង ព្រោះខ្លាចខ្មាស់គេ ឬបែករឿងរកស៊ី ដែលខំរក្សាជាសម្ងាត់ ។
ហេតុនេះ លោកថា លោកសូមអំពាវនាវឱ្យបងប្អូន ចេញមកប្តឹង ទោះថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ក៏នគរបាលទទួលដែរ ។
លុះថ្ងៃត្រង់ ថ្ងៃដដែល (ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣) អាជិវករតវ៉ា បានទៅជួបនឹងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូរ ប្រធានក្រុមប្រឹក្សាក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ហើយបានទទួលការឆ្លើយតបថាៈ អាជ្ញាធរឈឺឆ្អាលជាខ្លាំង នឹងសុខទុក្ខ ជីវភាព និងសុវត្ថិភាព លើផលប្រយោជន៍របស់បងប្អូនពលរដ្ឋ (អាជីវកររងគ្រោះ) ។ ហេតុនេះ នៅថ្ងៃទី៧ ខែឧសភា នេះ និងតទៅ អាជ្ញាធរ នឹងប្រើគ្រប់មធ្យោបាយ ដើម្បីហៅអ្នកស្រី ហួយ (ម្តាយ ម្តាយក្មេកម្ចាស់ហាង) និងបើអាចម្ចាស់ហាងនេះ ដើម្បីនាំមកសម្របសម្រួល ដោះស្រាយ និងទទួលសង សំណង ទៅតាមជាក់ស្តែង ហើយអាជ្ញាធរក្រុង បានអំពាវនាវឱ្យភាគីម្ចាស់បំណុល និងកូនបំណុល កុំធ្វើអ្វីផ្តេសផ្តាស ដែលស្មានមិនដល់។ ពោលគឺ សូមឱ្យមកដោះស្រាយគ្នា ដោយសន្តិវិធី ព្រោះលុយ និងទ្រព្យ ល្មមអាចសងបានទេ ។
លោក គាត ហ៊ុល បានបន្តថាៈ មកទល់ពេល តាមលោកដឹង គឺទ្រព្យសំខាន់ៗរបស់ម្ចាស់ ហាងថុង រស្មីហៅមនោរម្យនេះ មិនទាន់មានការលក់ ឬផ្ទេរផ្ទូរទៅអ្នកផ្សេងនៅឡើយហើយអាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានទុកមុន លើករណីនេះ ។
តទៅទៀត អាជិវករម្ចាស់បំណុល បានលើកគ្នាទៅមុខហាងចុង រស្មី ហៅមនោរម្យទៀត ហើយពួកគេបានប្រកាសឱ្យលោកចុង រស្មី ហៅធី អ្នកស្រីហេង មុយឡេង ហៅចែឡេង និងអ្នកស្រី ហួយ (ម្តាយ) ចេញមុខមកដោះស្រាយ តាមសម្រួល ដោយពួកខ្លួនធានាថា នឹងមិនមានការចាប់ចង ឬប្រព្រឹត្តអំពើណាផ្សេង ក្រៅពីចង់បានតែលុយ និងទ្រព្យ សម្បត្តិមកវិញនោះទេ ហើយអាចសងក្នុងរបៀបគណនាណាក៏បាន មិនមែនចាប់បង្ខំ ឱ្យសងទាំងអស់ គ្រប់ចំនួន ក្នុងពេលព្រមៗគ្នាឡើយ ៕ V / N