ដោយ: បូកគោ / កែប: ទោះបីមានស្លាកស្នាមឈូសឆាយ និងកាប់បំផ្លាញដីព្រៃរបស់រដ្ឋ អស់ជាច្រើន ព្រមទាំងបង្កើតបានផ្លូវ នាតំបន់ព្រៃលិចទឹក ដែលមានទំហំប្រមាណជាង ១០ ហិកតា ស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីយកជាកម្មសិទ្ធិក្តី ក៏អាជ្ញាធរ ស្រុកនេះ មិនទាន់រកឃើញអ្នកប៉ុនប៉ង បំពានកាន់កាប់នៅឡើយ។ បែបនេះ បានបង្កើតក្តីមន្ទិលសង្ស័យ ពីសំណាក់សាធារណជនទូទៅ នូវការសមគំនិត ដែលមានផលប្រយោជន៍ណាមួយ។

តាមការប្រាប់ឱ្យដឹងពីប្រជាពលរដ្ឋមូលដ្ឋានថាៈ ដីព្រៃលិច​ទឹក ​ដែលមានទំហំប្រមាណ​ជាង ១០ ហិកតា ស្ថិត​នៅ​ចំណុចកោះ​វែង ក្នុងភូមិ​ទួល​ស្រ​ង៉ាំ ឃុំ​អង្កោល ស្រុក​ដំ​ណាក់​ចង្អើរ ខេត្ត​កែប បាន​និងកំពុងរង​កា​រកាប់បំផ្លាញ ព្រមទាំងឈូសឆាយ ដើម្បីយកជា​កម្មសិទ្ធិ ឬលក់ឱ្យឈ្មួញ។​ ការធ្វើសកម្មភាពបានដោយគ្មានភាពរាំងស្ទះបែបនេះ ពួកគាត់សង្ស័យថា អាចមានភាពត្រូវរ៉ូវគ្នា រវាងអាជ្ញាធរ មន្ត្រីជំនាញ និងក្រុមជនខិលខូច ដើម្បីជាប្រយោជន៍អ្វីមួយ ក៏អាចថាបាន។

ពាក់ព័ន្ធបាតុភាពខាងលើ លោក ឆាង ឆៃ ​អភិបាលស្រុក​ដំណាក់​ចង្អើរ បានបំភ្លឺថាៈ ករណីនេះ អាជ្ញាធរ និងមន្ទីរជំនាញ បានចុះទប់ស្កាត់ហើយ។ មន្ត្រីជលផលកំពុងអនុវត្ត នីតិវិធី ដោយចុះពិនិត្យការដ្ឋាន និងធ្វើរបាយការណ៍បន្តទៅថ្នាក់លើ។

លោកអភិបាលស្រុក បានបន្តថាៈ មន្ត្រីជំនាញ កំពុងស្រាវជ្រាវ រកអ្នកឈូសឆាយ កាប់ឆ្ការ ព្រោះជនខិលខូច បានធ្វើបែបលាក់លៀម មិនមែនជារបៀបចំហទេ គឺលួចធ្វើពេលយប់ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ។ ការឈូសឆាយកាប់ឆ្ការនោះ មិនអាចយកទៅ ណាបានទេ ហើយអ្នកទាំងនោះ ក៏មិនចេញមុខដែរ ព្រោះសមត្ថកិច្ច កំពុងស្វែងរក។

លោក ឆាង ឆៃ បានបញ្ជាក់ថាៈ ទីតាំងនោះ មិនអាចអ្នកណា យកងាយៗបានទេ ព្រោះជាដីព្រៃលិចទឹករបស់រដ្ឋ ដែលគ្រប់គ្រងដោយជំនាញជលផល។ បច្ចុប្បន្ន អាជ្ញាធរ និងសមត្ថកិច្ចជំនាញ កំពុងចាត់ការរឿងនេះហើយ៕ V / N