ដោយ: បូកគោ / កំពត: ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនសាច់សារលោហិត មិនត្រូវបង្កើតជម្លោះ ព្រោះតែផលប្រយោជន៍ ដែលនាំឱ្យខាតបង់ពេលវេលា និងថវិកា នោះឡើយ។ ការយោគយល់ ក្តី អត់ឱនអធ្យាស្រ័យ រវាងគ្នា នឹងនាំមកនូវសុភមង្គល ព្រមទាំងបង្ហាញពីភាពថ្លៃថ្នូរ ក្នុងការរស់នៅតាមមូលដ្ឋាន ឬញាតិសន្តាននីមួយៗ។ នេះជាការណែនាំរបស់អភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មុនបញ្ចប់ពិធីដោះស្រាយជម្លោះ ជូនប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ។ ទោះបីមានភាពតឹងតែង សម្រាប់ភាគីមួយចំនួនក្តី តែចុងក្រោយ គ្រប់គូទំនាស់ បានយល់ព្រម ស្របតាមគោលការណ៍ឈ្នះឈ្នះ ទាំងសងខាង។

ថ្លែងក្នុងពិធីខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាន៍ថាៈ អាជ្ញាធរខេត្ត មិនចង់ឃើញបងប្អូនប្រជាពលរដ្ឋទាំងអស់ មានវិវាទរវាងគ្នាឡើយ។ សូមបងប្អូនរស់នៅជាមួយគ្នា ប្រកបដោយភាពសុខដុម ទើបអ្វីៗ បានរីកចម្រើន រាប់ទាំងកត្តាជីវភាពគ្រួសារផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ ប្រជាពលរដ្ឋទូទៅ ពិសេសបងប្អូនដែលជា សាច់សារលោហិតនឹងគ្នា មិនត្រូវបង្កើតជម្លោះ ព្រោះតែផលប្រយោជន៍បន្តិចបន្តួច ដែលនាំឱ្យខាតបង់ពេលវេលា និងថវិកានោះឡើយ។ ក្តីយោគយល់ ការអត់ឱន អធ្យាស្រ័យរវាងគ្នា នឹងនាំមកនូវសុភមង្គល ព្រមទាំងបង្ហាញពីភាពថ្លៃថ្នូរ ក្នុងការរស់នៅតាមមូលដ្ឋាន ឬញាតិសន្តាននីមួយៗផងដែរ៕ V / N