ដោយៈ សុក្ខារិន / ពោធិ៍សាត់: លោក ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ សាលាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត ស្ថាប័នកងកម្លាំងប្រដាប់អាវុធទាំង ៣ អាជ្ញាធរស្រុក ឃុំ បានអញ្ជើញដាំកូនឈើ ក្នុងតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រឃុំស្នាអន្សា ស្រុកក្រគរ ដែលរៀបចំឡើងដោយ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយ អង្គការអភិរក្សអន្តរជាតិ និងអង្គការអភិវឌ្ឍន៍នារីខ្មែរខេត្ត នៅបរិវេណសាលាបឋមសិក្សា ក្រាំងវែង ភូមិកំពង់ប្រាក់ ។

លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានលើកឡើងថាៈ ការដាំកូនឈើ ក្នុងតំបន់ព្រៃ លិចទឹកបឹងទន្លេសាប រួមមាន នៅក្នុងស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន នៅលើផ្ទៃដី ៨២ ហិកតា ដោយក្នុង មួយហិកតា ដាំកូនឈើព្រៃលិចទឹក ៤០០ ដើម។

ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផល សហការជាមួយសហគមន៍ អាជ្ញាធរ អង្គការអភិរក្ស អន្តរជាតិ និងអង្គការអភិវឌ្ឍន៍នារីខ្មែរ បានដាំកូនឈើព្រៃលិចទឹក ចំនួន ១០៥ ហិកតា នៅអន្លង់រាំង អូរតាប្រុក កំពង់ប្រាក់ ឃុំស្នាអន្សា និងកំពង់លើ ឃុំក្បាលត្រាច ។

ការដាំកូនឈើ ក្នុងតំបន់ព្រៃលិចទឹក បឹងទន្លេសាប លើកនេះ ក៏ដូចលើកមុនៗ ក្នុងគោលបំណងផ្សព្វផ្សាយ និងផ្សារភ្ជាប់មនោសញ្ចេតនា ជាមួយប្រជាពលរដ្ឋ ប្រជានេសាទ ឲ្យចូលរួមក្នុងការថែរក្សា ការពារព្រៃលិចទឹក មច្ឆជាតិ និងបង្កើនទីជម្រក ត្រី និងកែលម្អព្រៃលិចទឹក នៅក្នុងបឹងទន្លេសាបឡើងវិញ ប្រយោជន៍សម្រាប់កូនចៅ ជំនាន់ក្រោយៗទៀត។

លោក អ៊ុំ សូនី នាយកប្រចាំប្រទេស នៃអង្គការអភិរក្សអន្តរជាតិកម្ពុជា បានថ្លែងថាៈ អង្គការអភិរក្សអន្តរជាតិ មានវត្តមាននៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០០១ សហការជា មួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតតំបន់ព្រៃការពារ ជួរក្រវាញកណ្តាល សហគមន៍នេសាទបឹងទន្លេសាប ដែនជម្រកសត្វព្រៃឡង់ និងឧទ្យានជាតិ វឺនសៃ និង សៀមប៉ាង អង្គការបាននឹងកំពុងសហការជាមួយ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម លើការងារអភិរក្ស និងគ្រប់គ្រងឧទ្យានជាតិសំខាន់ៗ ចំនួន៤ នៃខេត្តទាំង៣។

នៅឆ្នាំ២០១៥ អង្គការ បានចាប់ផ្តើមពង្រីកកិច្ចការជីវភាពសហគមន៍នេសាទ នៅខេត្តពោធិ៍សាត់ ដោយរៀបចំក្រុមសន្សំប្រាក់ ក្រុមផលិតត្រី និងក្រុមរកទីផ្សារ ព្រមទាំងបានបង្កើតសហគមន៍នេសាទ ចំនួន១៥ គ្របដណ្តប់ដីតំបន់ព្រៃលិចទឹក ប្រមាណ ៤.៤២៥ ហិកតា និងស្តារដាំកូនឈើ ចំនួន ៣៧៨ ហិកតា ដែលមានកូនឈើ ១៧ម៉ឺនដើម។

ក្នុងឱកាសនោះ លោក ខូយ រីដា បានលើកឡើងថាៈ ការដាំកូនឈើ នៅក្នុងតំបន់ព្រៃ លិចទឹក នៃបឹងទន្លេសាប ដែលរៀបចំឡើង ដោយមន្ទីរកសិកម្មខេត្ត សហការជាមួយ អង្គការអភិវឌ្ឍន៍នារីខ្មែរ និងអង្គការអភិរក្សអន្តរជាតិ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្តារឡើងវិញនូវព្រៃលិចទឹក និងធនធានជលផល នៅតំបន់ជុំវិញបឹងទន្លេសាប ធានាការប្រើប្រាស់ ប្រកបដោយនិរន្តភាព។ នេះគឺជាការបំផុសចលនាប្រជាពលរដ្ឋ ឲ្យមានស្មារតី ឆន្ទៈ និងចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាការពារព្រៃលិចទឹក ​មច្ឆជាតិ ជីវៈចម្រុះ នៅក្នុងបឹងទន្លេសាប ក៏ដូចនៅតាមតំបន់វាលទំនាប ទទួលបានការយល់ដឹង មួយកម្រិតថែមទៀត។

ក្នុងឱកាសនោះដែរ លោកអភិបាលខខេត្ត បានណែនាំ និងតម្រង់ទិស ក្នុងការងារវិស័យ កសិកម្ម ក្នុងគោលបំណងរក្សា នូវស្ថេរភាពសន្តិសុខស្បៀង ជូនដល់ប្រជាពលរដ្ឋ គឺបញ្ហាអាទិភាព ដោយជំរុញញការអនុវ ត្តគោលនយោបាយទឹក ពង្រីកលទ្ធភាពស្រោច ស្រព ពង្រីកការដាំដុះ ក្នុងបរិបទនៃបច្ចេកវិទ្យា និងការពង្រីកទីផ្សារកសិផល ទាំងក្នុង និងក្រៅប្រទេស កាត់បន្ថយការនាំចូលពីខាងក្រៅ។ ពលរដ្ឋគ្រប់រូប ត្រូវចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ដោយផ្សារភ្ជាប់ការធ្វើអាជីវកម្ម និងការអភិរក្សជលផល ការដាំដុះ ព្រៃលិចទឹកឡើងវិញ គឺជាបញ្ហាដ៏មានសារសំខាន់ និងមានតម្លៃសម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ អនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការ បង្ក្រាបបទល្មើសជលផល ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងប្រែក្លាយ សហគមន៍នេសាទ ជាសហគមន៍គ្មានបទ ល្មើស គ្រប់គ្រងកន្លែងអភិរក្សហើយជលផល ទាំងក្នុងដែនសាធារណៈ និងដែននេសាទសហគមន៍ ឲ្យមានប្រសិទ្ធភាព ព្រោះជា ជម្រកត្រី មេពូជដ៏សំខាន់ ត្រូវអភិវឌ្ឍន៍បច្ចេកទេសវារីវប្បកម្ម ទាំងខ្នាតតូច មធ្យម សម្រាប់ផ្គត់ផ្គង់ទីផ្សារ។

ក្នុងនាមរដ្ឋបាលខេត្ត លោកអភិបាលខេត្ត សូមអំពាវនាវចំពោះប្រជាពលរដ្ឋថា សូម កុំប្រើឧបករណ៍ខុសច្បាប់ ដូចជា របាំងវែង ឆក់ ស្បៃមុងក្រឡាញឹក អួន កាវជាដើមដើម្បី ទុកឲ្យត្រីពងកូនធំធាត់ និងត្រូវចូលរួមថែរក្សា ការពារព្រៃលិចទឹក ការពារធនធានជល ផលរបស់យើង ឲ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។

បន្ទាប់ពីប្រគល់សម្ភារៈប្រើប្រាស់ការពារផ្លូវភ្លើង ដល់តំណាងសហគមន៍នោះរួចមក លោអភិបាលខេត្ត និងអ្នកចូលរួមទាំងអស់ បានអញ្ជើញចូលរួមដាំកូនឈើព្រៃលិចទឹក ប្រមាណជាង ២០០ ដើម និងបន្តដាំកូនឈើ ក្នុងតំបន់ព្រៃលិចទឹក ក្នុងស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន នៅលើផ្ទៃដី ៨២ ហិកតា៕ V / N