ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានឱ្យដឹងថាៈ រាជរដ្ឋាភិបាល មានគោលនយោបាយ សម្រាប់បន្តលើកកម្ពស់កីឡាជនពិការ។
លោកបានបន្តថាៈ យើងត្រូវការរើសកីឡាករ កីឡាការិនីរបស់ជនពិការ ថែមទៀត ហើយយកមកធ្វើការបណ្ដុះបណ្ដាល រយៈពេលវែង។ ក្រៅពីនោះ ប្រមុខរាជរដ្ឋភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានឧបត្ថម្ភដល់កីឡាករ កីឡាការិនីរបស់យើង ឲ្យហូបចុកស្នាក់នៅ។ ហេតុនេះ យើងគិតឃើញថា គោលនយោបាយនេះ មិនមានការផ្លាស់ប្ដូរទេ ប្រមុខរាជរដ្ឋាភិបាល នឹងបន្តយន្តការនេះរហូត ដើម្បីអភិវឌ្ឍន៍ វិស័យកីឡានៅកម្ពុជាយើង។
លោកអគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានឱ្យដឹងទៀតថាៈ កម្ពុជានឹងត្រូវបញ្ជាទិញនូវសម្ភារៈមួយចំនួន ពីក្រៅប្រទេស សម្រាប់ឱ្យកីឡាករ កីឡាការិនី មានពិការភាព ហាត់សម ឱ្យមានសមត្ថភាពពិប្រាកដ។
លោក យី វាសនា បានបន្ថែមថាៈ ឧបករណ៍មួយចំនួនរបស់បងប្អូនជនពិការ របស់យើង មានការខ្វះខាត។ ដូច្នេះបើខ្វះអី យើងនឹងព្យាយាមទិញបន្ថែមទៀត នេះគឺជាគោល នយោបាយរបស់ ប្រមុខរាជរដ្ឋភិបាល បានប្រាប់មក ហើយសម្ដេចពិជ័យសេនា ក៏លើកឡើងដែរថា ចប់ប៉ារ៉ាហ្គេម យើងមើលថា អ្វីដែលខ្វះខាតទៀត យើងត្រូវដាក់ទុន បន្ថែម ដើម្បីទិញសម្ភារៈទាំងអស់នេះ៕ V / N