ដោយៈ សុផានីតា / កោះកុង៖ អាជ្ញាធរខេត្តកោះកុង សហការជាមួយក្រសួងទេស ចរណ៍ នៅថ្ងៃទី១៧ ដល់ ១៨ ខែមិថុនា ខាងមុខ គ្រោងនឹងរៀបចំពិព័រណ៍ ផលិតផ្លែឈើ រួមមាន ទុរេន សាវម៉ាវ និងមង្ឃុត ដែលផលិតផលទាំងនេះ ជាស្នាដៃបង្កបង្កើនផលពិតៗ របស់ប្រជាកសិករ មកពីស្រុកមណ្ឌលសីមា ស្រុកកោះកុង និងស្រុកថ្មបាំង ជាដើម។

លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ថាៈ ការរៀបចំពិព័រណ៍ភូមិ១ផលិត១នេះ ធ្វើឡើងនៅមុខអគាររដ្ឋបាលខេត្ត ផ្ទាល់តែម្តង ហើយអ្វីដែលកាន់តែពិសេសទៀតនោះ នឹងផ្តល់ជាផ្លែឈើជូនប្រជាពលរដ្ឋ និងអ្នកទេសចរ ដើម្បីតេស្តរសជាតិមួយឆ្អែត នៅកន្លែងប្រារព្ធផងដែរ ប៉ុន្តែមិនអនុញ្ញាត ឱ្យមានការវេចខ្ចប់នោះទេ។

បើតាមលោក អន សុធារិទ្ធ បានឱ្យដឹងថា គោលបំណងរបស់រដ្ឋបាលខេត្ត គឺចង់បង្ហាញ ពីសក្តានុពល គុណភាពផលិតផ្លែឈើ ដាំដុះដោយស្នាដៃផ្ទាល់របស់ ប្រជាកសិករ ក្នុងខេត្ត ទៅកាន់តែទីផ្សារ ក្នុង និងក្រៅស្រុក។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ធ្លាប់បង្កើតជាកម្មវិធីពិព័រណ៍ផ្លែឈើ នេះម្តងមកហើយ នៅផ្សារកោះកុងថ្មី ក្នុងក្រុងខេមរភូមិន្ទ តាមរយៈការរៀបចំជាស្តង់ពិព័រណ៍ បង្ហាញជូនពលរដ្ឋ និងអ្នកទេសចរ បានពិសាផ្លែឈើដោយឥតគិតថ្លៃ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។

គួរជម្រាបថា ទិន្នផលកសិកម្មផ្លែឈើហូបផ្លែ កើនផលល្អច្រើន គួរឱ្យកត់សម្គាល់ ពី១ឆ្នាំទៅ១ឆ្នាំ ប៉ុន្តែអ្វីដែលបារម្ភ គឺកសិករ មិនទាន់ចេះស្វែងដៃគូទីផ្សារ មកទិញដល់ ចម្ការ ឬកាត់យកទៅលក់ ជូនអតិថិជន គ្រាបរិមាណទុរេន សាវម៉ាវ និងមង្ឃុត ខេត្តណា ក៏មានអ្នកដាំដុះច្រើន។ ទន្ទឹមនោះ រដ្ឋបាលខេត្តកោះកុង ដឹកនាំដោយលោកស្រី មិថុនា ភូថង ក៏ជំរុញឱ្យមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរក្រុង​ ស្រុក​​ ឃុំ សង្កាត់ ពិភាក្សាគ្នាស្វែង រកទីផ្សារលក់ផលិតផលកសិកម្មខេត្ត កាន់តែទូលំទូលាយ ជូនប្រជាកសិករ ទូទាំងខេត្ត៕ V / N