ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អង្គការផ្តល់ប្រឹក្សាគំនិតបែបអភិរក្សមួយរបស់អាម៉េរិកកាលពីថ្ងៃអង្គារបានជំរុញឱ្យចៅក្រមសហព័ន្ធបញ្ជាឱ្យចេញផ្សាយកំណត់ត្រាអន្តោប្រវេសន៍របស់ព្រះអង្គម្ចាស់ហារីរបស់ចក្រភពអង់គ្លេស ដែលត្រូវបានផ្តល់ទិដ្ឋាការ ត្បិតទ្រង់បានទទួលស្គាល់នៅក្នុងសៀវភៅជីវប្រវត្តិថាទ្រង់បានប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
មេធាវីសម្រាប់អង្គការមូលនិធិបេតិកភណ្ឌ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការចេញផ្សាយកំណត់ត្រាពីក្រសួងសន្តិសុខមាតុភូមិ(DHS)ក្រោមច្បាប់សេរីភាពព័ត៌មាន (FOIA)។
លោក សាមូអែល ដេវី (Samuel Dewey) មេធាវីរបស់អង្គការមូលនិធិបេតិកភណ្ឌ បាននិយាយនៅក្នុងសវនាការថា “នេះពិតជាករណីរបស់ព្រះអង្គម្ចាស់ហារី។ ប៉ុន្តែវាគឺពិតជាអំពីក្រសួង DHS និងការអនុលោមតាមច្បាប់របស់ក្រសួង”។
ទ្រង់ហារី ព្រះជន្ម ៣៨ វស្សាមិនបានស្ថិតនៅតុលាការទេ ទ្រង់គឺស្ថិតនៅក្នុងតុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារក្នុងបណ្តឹងទាក់ទងនឹងការផ្សាយព័ត៌មាន “បំពានមិនគួរឱ្យជឿ”ដែលទ្រង់បានស៊ូទ្រាំពីសារព័ត៌មានអង់គ្លេស។
បុត្រាពៅរបស់ស្តេចឆាលទីបីរបស់ចក្រភពអង់គ្លេសបានចោទប្រកាន់ក្រុមហ៊ុនកាសែត Mirror Group ដែលជាអ្នកបោះពុម្ពផ្សាយកាសែត The Mirror, Sunday Mirror និងកាសែត Sunday People ពីបទប្រមូលព័ត៌មានខុសច្បាប់ រួមទាំងការលួចស្តាប់ទូរស័ព្ទផងដែរ។
ទ្រង់ហារីនិងមហេសី មេហ្គាន ម៉ាកិល (Meghan Markle) ជាពលរដ្ឋអាម៉េរិកាំង បានផ្លាស់ទៅរស់នៅសហរដ្ឋអាម៉េរិកក្នុងខែមករាឆ្នាំ ២០២០ បន្ទាប់ពីបានលាឈប់ពីមុខងាររាជវង្សរបស់ពួកទ្រង់។
នៅក្នុងពាក្យបណ្តឹង ដែលកំពុងត្រូវបានកាត់ក្តីនៅក្នុងតុលាការអាម៉េរិក អង្គការមូលនិធិបេតិកភណ្ឌបានកត់សម្គាល់ថា ទ្រង់ហារី”បានទទួលស្គាល់ជាសាធារណៈចំពោះធាតុសំខាន់ៗនៃបទល្មើសគ្រឿងញៀនមួយចំនួនទាំងនៅសហរដ្ឋអាម៉េរិកនិងនៅបរទេស”។
ពាក្យបណ្តឹងបាននិយាយថា “ច្បាប់របស់សហរដ្ឋអាម៉េរិកជាទូទៅធ្វើឱ្យមនុស្សបែបនេះមិនអាចទទួលយកបានសម្រាប់ការចូលទៅក្នុងសហរដ្ឋអាម៉េរិក”។
នៅក្នុងសៀវភៅជីវប្រវត្តិ “Spare”ទ្រង់ហារីបានសារភាពថាបានសាកគ្រឿងញៀនជាច្រើនប្រភេទ រួមទាំង កញ្ឆា កូកាអ៊ីន និង សាយកេដេលិក (Psychedelics)។
ក្នុងការជជែកវែកញែកដើម្បីឱ្យបញ្ចេញឯកសារអន្តោប្រវេសន៍របស់ទ្រង់ហារី អង្គការមូលនិធិបេតិកភណ្ឌបាននិយាយថាមាន “ការរីករាលដាលជាសាធារណៈនិងចំណាប់អារម្មណ៍ពីសារព័ត៌មាន” នៅក្នុងករណីនេះ។
អង្គការមូលនិធិបេតិកភណ្ឌបានកត់សម្គាល់ថា តារាល្បីៗផ្សេងទៀតដូចជាតារាបាល់ទាត់ស្លាប់ទៅ ម៉ារ៉ាដូណា និងតារាចម្រៀងស្លាប់ទៅ អាមី វ៉ាញហោស (Amy Winehouse) ត្រូវបានបដិសេធមិនឱ្យចូលសហរដ្ឋអាម៉េរិកដោយសារតែប្រវត្តិប្រើប្រាស់គ្រឿងញៀន។
នៅក្នុងការឆ្លើយតបរបស់ខ្លួន រដ្ឋាភិបាលបាននិយាយថា “ខណៈប្រហែលមានការចាប់អារម្មណ៍ជាសាធារណៈមួយចំនួនចំពោះកំណត់ត្រាដែលចង់ស្វែងរកនេះ” វាមិនទាន់ត្រូវគេជឿជាក់ថាមានតម្រូវការចាំបាច់ក្នុងការចេញផ្សាយកំណត់ត្រានេះនោះទេ។
សាខាមន្ទីរពីរនៃក្រសួង DHS ពីមុនបានបដិសេធមិនបញ្ចេញឯកសារអន្តោប្រវេសន៍របស់ព្រះអង្គម្ចាស់ហារីដោយគ្មានការយល់ព្រមពីទ្រង់នោះឡើយ។
អ្នកដាក់ពាក្យសុំទិដ្ឋាការទៅសហរដ្ឋអាម៉េរិកត្រូវបានសួរអំពីប្រវត្តិប្រើប្រាស់គ្រឿងញៀនពីមុនរបស់ពួកគេ ហើយអាចត្រូវបានហាមឃាត់មិនឱ្យចូល ប៉ុន្តែក៏មានករណីលើកលែងដែរ។
ចៅក្រម ខាល់ នីកូល (Carl Nichols) បានផ្តល់ពេលឱ្យក្រសួង DHS រហូតដល់ថ្ងៃទី ១៣ ខែមិថុនាដើម្បីឆ្លើយតបទៅនឹងសំណើសុំបញ្ចេញកំណត់ត្រានេះ៕
ទ្រង់ហារីធ្លាប់សារភាពសេពគ្រឿងញៀន