ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កីឡាករចិនពីររូបគឺ លៀង វិនបូ (Liang Wenbo) និង លី ហាង (Li Hang)កាលពីថ្ងៃអង្គារត្រូវបានដាក់បម្រាមអស់មួយជីវិតពីការប្រកួតស្នូកឃ័រសម្រាប់ការរៀបចំលទ្ធផលប្រកួតទុកជាមុន បន្ទាប់ពីរឿងអាស្រូវពុករលួយ “ដ៏គួរឱ្យខូចចិត្ត” បានអង្រួនវិស័យកីឡានេះ។
សរុបមក កីឡាករចិនចំនួន ១០ នាក់ត្រូវបានសហព័ន្ធកីឡាប៊ីយ៉ានិងស្នូកឃ័រអាជីពពិភពលោក (WPBSA) សម្រេចដាក់បម្រាមលើរយៈកាលខុសៗគ្នា។
លូ នីង (Lu Ning) ចាវ ស៊ីនតុង (Zhao Xintong) យ៉ាន ពីងតាវ (Yan Bingtao) ចិន ហ្ស៊ីហ្វាន (Chen Zifan) ចាង ជាំងកាង (Zhang Jiankang) បៃ ឡាងនីង (Bai Langning) ចាវ ចៀនបូ (Zhao Jianbo) និង ឆាង ពីងយូ (Chang Bingyu) គឺជាកីឡាករផ្សេងទៀតដែលត្រូវបានផ្អាកពីស្នូកឃ័រ។
យ៉ាន ដែលជាម្ចាស់ជើងឯកកម្មវិធី Masters ឆ្នាំ ២០២១ ត្រូវបានហាមឃាត់រយៈពេល ៥ ឆ្នាំរហូតដល់ខែធ្នូ ឆ្នាំ ២០២៧ បន្ទាប់ពីការផ្អាករយៈពេល ៧ ឆ្នាំកន្លះដំបូងរបស់គេ ត្រូវបានបន្ថយ បន្ទាប់ពីការសារភាពពីដំបូងនិងការសារភាពកំហុសរបស់គេ។
អតីតម្ចាស់ជើងឯកចក្រភពអង់គ្លេស ចាវ ស៊ីនតុន នឹងអនុវត្តការផ្អាករយៈពេល ២០ ខែ ដោយបន្ថយពី ២ ឆ្នាំកន្លះ បន្ទាប់ពីការសារភាពពីដំបូងនិងការសារភាពកំហុសរបស់គេ ដែលនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២៤។
ការចោទប្រកាន់រួមមាន ការបន្លំការប្រកួត ការបញ្ចុះបញ្ចូលកីឡាករដទៃឱ្យបន្លំ ការភ្នាល់លើកីឡាស្នូកឃ័រ និង ការរៀបចំលទ្ធផលប្រកួតទុកជាមុន។
ប្រធាន WPBSA លោក ចាសុន ហ្វើហ្គូសុន (Jason Ferguson) បាននិយាយថា “វាពិតជាគួរឱ្យសោកស្ដាយណាស់ដែលឃើញកីឡាករវ័យក្មេងនិងមានទេពកោសល្យមួយចំនួនបានប្រព្រឹត្តខុសចំពោះបទប្បញ្ញត្តិរបស់ WPBSA តាមរយៈសម្ពាធដែលធ្វើឡើងដោយកីឡាករជើងចាស់ពីររូប (លៀងនិងលី)”។
កីឡាករលំដាប់ពិភពលោកលេខ ៧២ លៀង ដែលបានឈ្នះពានរង្វាន់ English Open ឆ្នាំ ២០១៦ និងកីឡាករលំដាប់ពិភពលោកលេខ ៧២ លីក៏ត្រូវបង់ប្រាក់ពិន័យចំនួន ៥៣.០០០ ដុល្លារក្នុងម្នាក់ៗផងដែរ៕
លៀង វិនបូ (ឆ្វេង) និង លី ហាង ត្រូវបានហាមពីកីឡាស្នូកឃ័រអស់មួយជីវិត