ដោយ: សុខុម / ស្ទឹងត្រែង: អ្នករស់នៅតាមជនបទ ក្នុងខេត្តស្ទឹងត្រែង នៅតំបន់ខ្លះ បាននាំគ្នាដើរដកផ្សិតព្រៃ ដែលដុះពីព្រៃធម្មជាតិ យកមកធ្វើម្ហូបទទួលទាន និងលក់នៅលើទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ដល់ជីវភាពគ្រួសារ។ ផ្សិតដែល អ្នកខេត្តស្ទឹងត្រែង ពេញនិយម ដកយកមកធ្វើម្ហូប និងលក់ ភាគច្រើន គឺជាប្រភេទផ្សិត ក្ងោក អន្សោង។ អ្នកលក់ផ្សិត នៅផ្សារសាមគ្គី ខេត្តស្ទឹងត្រែង បានប្រាប់ថាៈ ក្នុងពេលភ្លៀងធ្លាក់ នារដូវវស្សា តំបន់ព្រៃធម្មជាតិមួយចំនួន គឺផ្សិតក្ងោក ផ្សិតអន្សោង វាបានដុះចេញពន្លក នៅតាមព្រៃរបោះ ដីល្បាយខ្សាច់ និងដុះចេញពីដីក្រោមស្លឹក ឈើជ្រុះ។
ផ្សិតទាំងពីរប្រភេទ ខាងលើនេះ មួយឆ្នាំ ដុះតែម្ដងទេ គឺឃើញសំបូរ ក្នុងខែមិថុនា។ ពេលវាដុះ អ្នកជនបទ នាំគ្នាប្រមូលផលផ្សិតក្ងោក និងផ្សិតអន្សោង ដែលកំពុងសម្បូរ ខ្លាំង ដុះនៅតាមព្រៃរបោះ ព្រៃឈើសហគមន៍ យកមកធ្វើម្ហូបទទួលទាន។ ផ្សិតដែល ពួកគាត់ ប្រមូលផលបាន មួយចំនួន ត្រូវបានយកទៅលក់ នៅលើទីផ្សារ ហើយនៅ សេសសល់ ទុកសម្រាប់បបរិភោគខ្លួនឯង។ បើលក់នៅលើទីផ្សារ តម្លៃ ១គីឡូក្រាម មុនដំបូង ២ម៉ឺនរៀល។ គេមិនអាចរក្សាផ្សិតទុកបានយូរទេ វានឹងរលួយចោល។ ហេតុដូចនេះ ទើបអ្នកផ្សារ គេទិញតិចតួចល្មមលក់បន្ត។
គេសម្គាល់ថា ផ្សិតពណ៌លឿង គឺ ជាផ្សិតអន្សោង។ រីឯពណ៌ស ជាផ្សិតក្ងោក។ វាដុះផុសចេញពីដី នៅពេលរដូវភ្លៀងធ្លាក់ តាមព្រៃរបោះ ចេញជារូបរាង ពីមូលទៅជាឆ័ត្រ ទាបដុះជាប់ដី។
អ្នកខេត្តស្ទឹងត្រែង ពេញនិយម យកផ្សិតទាំងនេះ មកលាងទឹកសំអាតធ្វើខ្នប់ ស្លម្សៅ ឆា ជាមួយប្រេងខ្យង ឬខ្លាំញ់ជ្រូកតាមចំណង់ចំណូលចិត្តអ្នកនិយមទទួលទាន៕ V / N