​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ហ្វីលីពីន​កាលពី​ថ្ងៃ​អង្គារ​បាន​ហាត់​បង្ក្រាប​ការ​គំរាម​ភេរវកម្ម​នៅ​ឯនាយ​ឆ្នេរ​ខេត្ត​បា​តា​អាន់​(Bataan)​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ជា​ផ្នែក​នៃ​សមយុទ្ធ​កង​ឆ្មាំ​សមុទ្រ​​លើកដំបូង​របស់​ខ្លួន​ជាមួយ​សម្ពន្ធមិត្ត​អាម៉េរិក​និង​ជប៉ុន ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​ចិន​។​

​ទាហាន​កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​(PCG )​នៅ​លើ​នាវា​ល្បាត​មួយ បានហាត់​ស្ទាក់​នាវា​មួយទៀត​ដែល​ចាត់ទុក​ជា​នាវា​របស់​ក្រុម​ភេរវកម្ម​នៅក្នុង​ដែនទឹក​អន្តរជាតិ​។​ក្រុម​PCG​បាន​ឃាត់​នាវា​MV Destroyer​ដែល​ធ្វើ​ហាក់ដូចជា​នាវា​នេះ​ដឹក​សព្វាវុធ​មហា​ប្រល័យ មិន​អោយ​ចូល​កំពង់ផែ​របស់​ប្រទេស​។​

​ការហ្វឹកហាត់​នេះ​ជា​ផ្នែក​សមយុទ្ធ​កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​លើក​ដំបូង​ជា​មួយ​សម្ពន្ធមិត្ត​អាម៉េរិក​និង​ដៃគូ​ជប៉ុន ចំ​ពេល​ប្រទេស​ទាំង​បី​ប្រឈមុខ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​សមុទ្រ​ចិន​ខាងកើត​។​

​នាវា​មកពី​កង​ឆ្មាំ​សមុទ្រ​អាម៉េរិក​(USCG)​កង​ឆ្មាំ​សមុទ្រ​ជប៉ុន​(JCG)បាន​ស្ថិតក្នុង​សភាព​ត្រៀមខ្លួន នៅពេល​ពួគេ​ទទួលការ​ទាក់ទងតា​ម​វិទ្យុ​អំពី​ប្រតិបត្តិការ​មក​ពី​កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​។​នៅ​ប៉ុន្មាន​នាទី​ក្រោយមក​​គេ​ឃើញ​បុគ្គលិក​នៃ​កង​PCG​ចាប់ខ្លួន​មនុស្ស​បួន​នាក់​នៃ​នាវា​MV Destroyer​។​

​នាវា​អាម៉េរិក​Stratton​និង​នាវា​Akitsushima​របស់​ជប៉ុន​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​ភ្លាមក្រោយ​ពី​មនុស្ស​ប្រាំ​នាក់​លោត​ចេញពី​ចូលក្នុង​ទឹក ដែល​ជា​ការចាប់ផ្តើម​លំ​ហាត់​ស្វែងរក​​និង​សង្គ្រោះ​ត្រីភាគី​។​

​បុគ្គលិក​កង​ឆ្មាំ​សមុទ្រ​ជិត​៥០០​នាក់​មកពី​ប្រទេស​ទាំង​បី​បាន​ចូលរួម​ក្នុង​សមយុទ្ធ​នៅ​ចម្ងាយ​២៤​គីឡូម៉ែត្រ​ពី​ឆ្នេរ​ខេត្ត​បា​តា​អាន់​ជា​តំបន់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​មួយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ហ្វីលីពីន​៕