ដោយៈ វ៉ៃកូ/ស្វាយរៀងៈ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីដាំដើមក្ងោកចំនួន ១.០០០ដើមដែលជាអំណោយរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន.នៅឃុំថ្នាធ្នង់ ក្រោមប្រធានបទ”ដាំដើមឈើ លម្អសោភ័ណ្ឌភាព និងបង្កើនភាពស្រស់ស្អាតបរិស្ថានរបស់សហគមន៍យើង” លើទីតាំងសង្ខាងដងផ្លូវស្ថិតនៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

ក្នុងពិធីនេះក៏មានការចូលរួមពីក្រុមការងារចុះមូលដ្ឋានឃុំ តំណាងមន្ទីរបរិស្ថានខេត្ត មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន មេភូមិ ព្រះចៅអធិការវត្ត និងមន្រ្តីសង្ឃវត្តធ្នង់ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនរូប ។

ក្នុងពិធីដាំដើមឈើនេះដែរ លោកបណ្ឌិត អភិបាលរងខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថាន ថែរក្សាដើមឈើស្រោចទឹក ដាក់ជី ដើម្បីបានឆាត់លូតលាស់ និងមានសោភ័ណ្ឌភាពស្អាត បង្កើននិងបង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរណ៍បានចូលមកកំសាន្តនៅសហគមន៍៕/R